(ហាណូយ)៖ យោងតាមសមាគមផ្លែឈើវៀតណាមបានឱ្យដឹងថា ការនាំចេញផ្លែឈើ និងបន្លែបានកើនឡើង ២៩% ពោលទទួលបានចំណូល ១.៩ពាន់លានដុល្លារក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ក្នុងចំណោមទីផ្សារនាំចេញផ្លែឈើ និងបន្លែកំពូលទាំង១០ ប្រទេសចិន សហរដ្ឋអាមេរិក ហូឡង់ និងម៉ាឡេស៊ី មានកំណើនខ្លាំងជាងគេ ដោយប្រទេសចិនបាននាំចូលផលិតផលវៀតណាមតម្លៃ ៨០៥ លានដុល្លារ ស្មើនឹង ៥៩% នៃចំណែកទីផ្សារ។
លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមផ្លែឈើវៀតណាមបានមានប្រសាសន៍ថា នេះជាឆ្នាំដំបូងបន្ទាប់ពីរយៈពេលបីឆ្នាំនៃការឆ្លងរាតត្បាត Covid ដែលទំនិញក្នុងស្រុកដូចជា ផ្លែស្រកានាគ ទុរេន ស្វាយ និងខ្នុរត្រូវបាននាំចូលច្រើនជាងគេដោយប្រទេសចិន។
គេរំពឹងថាការនាំចេញបន្លែនិងផ្លែឈើសរុបនៅឆ្នាំនេះអាចមានជាង៤ពាន់លានដុល្លារ។
សូមរំលឹកថាប្រទេសវៀតណាមរកចំណូលបានជិត ៣.៤ពាន់លានដុល្លារពីការនាំចេញបន្លែ និងផ្លែឈើកាលពីឆ្នាំមុន៕


ចែករំលែកព័តមាននេះ