ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់ បានស្កាត់មកជួបជាមួយអ្នកយកព័ត៌មាន ដោយនិយាយថា
ពួកខ្លួនជួបរឿងអយុត្តិធម៌ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ ដាក់ទ្រុង ដើម្បីជំរិ.តទារប្រាក់ ហើយក្រោយមកបានដោះលែងពួកគេវិញ បន្ទាប់ពីយកម៉ូតូពួកគេទៅបញ្ចាំយកប្រាក់២ម៉ឺនបាត ដើម្បីសូក ។
យុវជនទាំង២នាក់ខាងលើ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយម្នាក់មានឈ្មោះ នាង សារិន អាយុ៣១ឆ្នាំ បម្រើការងារជាសន្តិសុខ និងម្នាក់ទៀតឈ្មោះ ឌី លីហេង អាយុ១៨ឆ្នាំ ។
យុវជនទាំង២នាក់រៀបរាប់ថា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ពួកគេបានធ្វើដំណើរដោយម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០២២ តាមផ្លូវជាតិលេខ៥ ពីខាងកើតទៅខាងខាងលិច ។ លុះទៅដល់មុខធនាគារអេស៊ីលីដា ស្រាប់តែត្រូវសមត្ថកិច្ចឃាត់សួរនាំ និងយកពួកគេទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ។ នៅពេលទៅដល់ប៉ុស្តិ៍ សមត្ថកិច្ចបានដាក់ពួកគេក្នុងទីតាំងឃុំឃាំងមានត្រឹមខោខ្លីមូសខាំពេញ១យប់ទាំងមិនដឹងមូលហេតុ ។
យុវជន នាង សារិន និយាយថា លុះព្រឹកឡើង បន្ទាប់ពីយប់កើតហេតុ សមត្ថកិច្ចមួយរូបមិនស្គាល់ឈ្មោះ បានទារលុយខ្លួន២ម៉ឺនបាត បើចង់រួចខ្លួន ។ ពេលនោះ ខ្លួនបានសុំអង្វរ ដោយត.ថ្លៃសមត្ថ
កិច្ចដូចទំនិញ ដោយសុំឲ្យត្រឹម៤០ម៉ឺនរៀល ព្រោះក្រីក្រ ឪពុកនិងខ្លួនជាសន្តិសុខ មានប្រាក់ខែ
តិចតួច ម្យ៉ាងម៉ូតូដែលសមត្ថកិច្ចចាប់ពេលជិះនោះ ទើបបង់រំលស់គេបាន១ខែប៉ុណ្ណោះ ។
ក្រោយពីត.ថ្លៃគ្នាដូចទំនិញ យុវជនរូបនេះប្រាប់ថា មានសមត្ថកិច្ចម្នាក់យកក្រដាស១សន្លឹកមានត្រឹមអក្សរចេញពីម៉ាស៊ីន តែមិនទាន់សរសេរដៃចូលសូម្បី១ពាក្យ ឲ្យខ្លួនផ្តិតមេដៃទាំងជាប់ខ្នោះ រួចបន្ទាប់មកជិះម៉ូតូខ្លួនទៅដាក់បញ្ចាំយកលុយ២ម៉ឺនបាត ទើបដោះលែងពួកខ្លួនទាំង២នាក់ និងគំរា.មប្រាប់ថា ពេលដល់ផ្ទះកុំទម្លាយព័ត៌មានប្រាប់គេប្រយ័ត្នមានរឿង ។
យុវជនទាំង២នាក់ បានលើកឡើងជាចម្ងល់ថា បើពួកគេខុសអ្វី ម្តេចមិនបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ និងថា ម្តេចចាប់ពួកគេឃុំខ្លួន១យប់ ទើបដោះលែងវិញទាំងគ្មានកំហុស ?
ឪពុករបស់យុវជន នាង សារិន និយាយថា ក្រោយពេលកើតហេតុ រូបគាត់បានទៅសួរនាំរកម៉ូតូកូនគាត់ បែរជាសមត្ថកិច្ចឲ្យលេខទូរស័ព្ទអ្នកទទួលបញ្ចាំម៉ូតូទៅវិញ តែពេលចុចមិនចូល ។
ជុំវិញករណីខាងលើនេះ លោក សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានប្រាប់
តាមទូរស័ព្ទថា លោករវល់មានភារកិច្ចនៅឯទីរួមខេត្តមិនបានដឹងរឿងខាងលើនេះទេ ប៉ុន្តែលោកថា នឹងហៅភាគីពលរដ្ឋមកសាកសួរ ដើម្បីរកការពិត ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់កោះសន្តិភាពតាមបណ្តាញសង្គមវ៉សអាប់ថា លោកកំពុងឲ្យនាយប៉ុសិ៍្តហៅពលរដ្ឋទាំង២នាក់សួរនាំ។ ហើយថា បើកើតមានករណីខាងលើមែន លោកនឹងសុំគោលការណ៍ពីថ្នាក់លើ ដើម្បីអនុវត្តបទបញ្ជាលេខ០០៦ របស់នគរបាលជាតិលើសមត្ថកិច្ចដែលពាក់ព័ន្ធនេះ ៕
ចែករំលែកព័តមាននេះ