ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តម៉ាកហ្វដមួយគ្រឿង ដែលបើកបរដោយជនជាតិចិនម្នាក់ បម្រើការងារនៅការដ្ឋានទំនប់វារីអគ្គិសនីកំចាយ បានបុកក្មេងប្រុស អាយុ១១ឆ្នាំម្នាក់បណ្តាលឱ្យរងរបួសជាទម្ងន់ បាក់ភ្លៅខាងស្តាំ ឆ្អឹងដងកាំបិត និងសន្លប់នៅនឹងកន្លែងកើតហេតុ ហើយត្រូវបានក្រុមគ្រួសារ និងមេការចិនតំណាងឱ្យអ្នកបើករថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរសម្ភពបូកគោ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៣ និង២០នាទីរសៀលថ្ងៃទី៣ ឧសភា នៅលើកំណាត់ផ្លូវចូលទៅរមនីយដ្ឋានទឹកឈូ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខាងត្បូងប៉ុសិ៍្តរដ្ឋបាលឃុំម៉ាក់ប្រាង្គចម្ងាយជាង១០០ម៉ែត្រ ។
មន្ត្រីប៉ូលិសចរាចរខេត្តបានឱ្យដឹងថា នៅវេលាម៉ោងជាង៣រសៀលនោះ គេឃើញក្មេងរងគ្រោះជិះរ៉ឺម៉កមកពីទិសខាងជើង រីឯរថយន្តបើកបរដោយជនជាតិចិន បើកមកពីត្បូង លុះរ៉ឺម៉កមកដល់ខាងត្បូងប៉ុសិ៍្តរដ្ឋបាលចម្ងាយប្រមាណជាង១០០ម៉ែត្រ ក៏រត់យឺតៗបង្អង់ និងឈប់ ឯក្មេងរងគ្រោះបានលោតចុះពីរ៉ឺម៉ក និងឆ្លងថ្នល់ទៅផ្ទះនៅខាងស្តាំដៃ ។ ប៉ុន្តែពេលនោះពុំទាន់បានឆ្លងផង ក៏ស្រាប់តែរថយន្តម៉ាកហ្វដមួយបាំងកន្លះបើកបរដោយជនជាតិចិនមកដល់ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងផ្សេងទៀតមកដល់ដែរ ហើយរថយន្តចិន ក៏បើកវ៉ារថយន្តផ្សេងទៀតនោះ ទើបជ្រុលចង្កូតទៅបុកកុមាររងគ្រោះដែលឈរខាងឆ្វេងដៃក្បែររ៉ឺម៉កបណ្តាលឱ្យរងរបួសសន្លប់នៅនឹងកន្លែងតែម្តង។
មន្ត្រីប៉ូលិសបន្តទៀតថា ក្មេងប្រុសរងគ្រោះក្នុងហេតុករណ៍នេះឈ្មោះដៀក ឌីណា ជាសិស្សសាលាបឋមសិក្សាវត្តស្នំប្រាំពីរ រៀនថ្នាក់ទី៤ មានម្តាយឈ្មោះឈួន ណន អាយុ៣២ឆ្នាំ ឪពុកឈ្មោះគង់ ឆេន អាយុ៣៤ឆ្នាំ ជាកសិករ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ។ ក្រោយពេលមានហេតុការណ៍នេះកើតឡើងអ្នកបើកបរជនជាតិចិននោះបានចុះរត់គេចខ្លួនទុករថយន្តចោលនៅកន្លែងកើតហេតុ ក្រោយមកទើបមានអ្នកតំណាងមកជួបជាមួយក្រុមគ្រួសារក្មេងរងគ្រោះ និងសមត្ថកិច្ច ព្រមទាំងជួយអន្តរាគមន៍នាំយកក្មេងរងគ្រោះទៅមន្ទីរពេទ្យជាបន្ទាន់ ។
ប៉ូលិសបាននាំយករថយន្តទៅកាន់ការិយាល័យចរាចរណ៍នៃស្នងការដ្ឋានខេត្តរង់ចាំការដោះស្រាយជាមួយក្រុមគ្រួសារក្មេងរងគ្រោះ ។ ទោះជាយ៉ាងណា ប៉ូលិសពុំបានប្រាប់ពីអត្តសញ្ញាណជនជាតិចិនដែលបើកបររថយន្តទេ គ្រាន់តែឱ្យដឹងថា មានតំណាងចិនម្នាក់នៅក្នុងការដ្ឋានជាមួយគ្នាចេញមុខធានា ទទួលខុសត្រូវសងជនរងគ្រោះ ហើយដោយរបួសក្បាលធ្ងន់ធ្ងរពេក មន្ទីរសម្ពពបូកគោនឹងបញ្ជូនក្មេងរងគ្រោះទៅមន្ទីរពេទ្យនៅភ្នំពេញនាព្រឹកថ្ងៃទី៥ ឧសភា ។ រថយន្តហ្វដមួយគ្រឿងនោះពាក់ស្លាកលេខភ្នំពេញ 2H 8800 ពណ៌ស្លាបកំភេម ៕
ចែករំលែកព័តមាននេះ