រាជធានីភ្នំពេញ ៖ លោកមឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បានថ្លែងតាមទូរស័ព្ទថា លោកគ្មានបំណងផ្សាយព័តមានមិនពិតដូចការ ចោទប្រកាន់ របស់សាលាដំបូងរាជធានីភ្នំពេញទេ។ អស់រយៈពេលពីរឆ្នាំដែលលោកមិនអាចចូលស្រុកវិញ ដោយសារតែសាលក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្តន្តាទោសលោកដាក់ពន្ធនាគារ ហើយលោកសុខចិត្តបង់លុយ១៥លានរៀលឱ្យតែបានចូលស្រុកកុំឱ្យតែជាប់ពន្ធនាគារ ។
លោកមឿង សុន បានថ្លែងប្រាប់កោះសន្តិភាពតាមទូរសព្វ័កាលពីពេលថ្មីៗនេះថា តាមពិតទៅលោកចង់ជួយដល់រដ្ឋាភិបាល មិនមានគំនិតអ្វីទៅប្រឌិតព័ត៌មាន មិនពិត នោះទេ។ លោកបន្តថាសាលាឧទ្ធរណ៍គ្រោងកាត់ទោសលោកពីបទផ្សាយព័ត៌មានមិនពិតនៅថ្ងៃទី៦ ឧសភា ឆ្នាំ ២០១១ខាងមុខនេះ។ លោកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងពិចារណាលើកលែងទោសដល់លោក។ « ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានរិះគន់រាជរដ្ឋាភិបាលថាដាប់ថ្មប្រាសាទដូចការចោទប្រកាន់ទេ»។ លោកបានបន្តថា សព្វថ្ងៃនេះ លោកទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោកដាក់ពន្ធនាគារពីរឆ្នាំដោយកំបាំងមុខនិងពិន័យជាប្រាក់១៥លានរៀល កាលពីថ្ងៃទី១២ កក្កដា ២០០៩ ។
លោកបន្តថា លោកគ្រាន់តែផ្តល់មតិយោបល់ជូនសម្តេចហ៊ុន សែន សុំឱ្យពិចារណាអំពីការ ដាក់អំពូលភ្លើងនៅប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបសម្រាប់ភ្ញៀវទេសចរចូលទស្សនាពេលយប់ដែលលោកយល់ថា វាអាចប៉ះពាល់ដល់ផ្នែកសោភ័ណភាព បច្ចេកទេស សុវត្ថិភាព និងរូបរាងប្រាសាទផ្ទាល់ ។ រីឯអំពូលភ្លើងទាំងនោះក៏ត្រូវបានដកចេញ វិញហើយដែរបន្ទាប់ពីមានការស្នើសុំមក ។ យោងតាមលិខិតអញ្ជើញមេធាវីឱ្យចូលរួមសវនាកានៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១១ ដោយលោកស៊ឹម ឧត្តម ក្រឡាបញ្ជី និងលោក ចៅក្រមតាន់ សេណារ៉ុង របស់សាលាឧទ្ធរណ៍ចុះថ្ងៃទី៤ មេសា ឆ្នាំ២០១១ បាន ជម្រាបមកលោកសុក សំអឿន មេធាវីនៅអង្គការក្រុមអ្នកច្បាប់ការពារសិទិ្ធកម្ពុជា អំពីការបើកសវនាការរបស់សាលាឧទ្ធរណ៏ដើម្បីជំនុំជម្រះរឿងផ្សាយព័ត៌មានមិនពិតនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១១វេលាម៉ោង៨ព្រឹក ។
គួររំលឹកថា លោកមឿង សុន បច្ចុប្បន្នអាយុ៦២ឆ្នាំ ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកំបាំងមុខដាក់ពន្ធនាគារ ចំនួន២ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួន និងពិន័យជាប្រាក់ចំនួន៧លានរៀលពីបទផ្សាយព័តមានមិនពិត។ ជាមួយនេះបង្គាប់ឱ្យលោកមឿង សុន បង់សំណងទៅរាជរដ្ឋាភិបាលកម្ពុជាជាដើមបណ្តឹងចំនួន៨លានរៀលជាសំណងជំងឺចិត្តដែលមានលោកប៉ាល់ ចន្ទតារា ជាមេធាវីតំណាង ៕
ចែករំលែកព័តមាននេះ