រាជធានីភ្នំពេញ ៖ លោកតាម្នាក់បើករថយន្ដដឹកយកចៅ ដែលសង្ស័យថា «គាំងបេះដូង» យកទៅពេទ្យគន្ធបុប្ផាវត្តភ្នំ តែពេលមកដល់ជិតរង្វង់មូលកងព្រហ្ម ដោយសារតែផ្លូវកោងផង និងងងឹតផងនោះ រថយន្តរបស់គាត់ក៏ជ្រុលចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ បណ្ដាលអោយខូចខាតស្លាកសញ្ញា និងរថយន្តទៅមុខលេងរួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចជិតរង្វង់មូលកងព្រហ្ម ផ្លូវជាតិ៦A ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញពូម្នាក់បើករថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2I.៩៨០៦ បើកបរតាមបណ្ដាយផ្លូវជាតិ៦A ទិសដៅពីត្បូងទៅជើងក្នុងល្បឿនគួរសម លុះមកដល់ចំណុចកើតហេតុ ដោយសារតែផ្លូវកោង ហើយរថយន្តបត់មិនទាន់ក៏ជ្រុលចង្កូតបុកឡើងលើសួនពុះចែកទ្រូងផ្លវតែម្ដងទៅ។

តាមសម្ដីរបស់លោកតាដែលជាម្ចាស់រថយន្ត ប្រាប់ឱ្យដឹងដែរថា គាត់យកចៅប្រុសដែលមានអាយុទើបតែបាន៧ឆ្នាំ ដើម្បីយកទៅពេទ្យគន្ធបុប្ផា ដោយបើករថយន្តចេញពីផ្ទះនៅម្ដុំបាក់ខែង រួចក៏ចូលពេទ្យធំម្ដុំនោះដែរ តែពេទ្យប្រាប់គាត់ថា «ចៅលោកពូមានស្ថានភាពគ្រោះថ្នាក់ត្រូវបញ្ជូនមកពេទ្យគន្ធបុប្ផា ដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះ»។

លោកតាម្ចាស់រថយន្តខាងលើបន្តថា នៅពេលគាត់បើកឡានជូនចៅមកពេទ្យគន្ធបុប្ផាក្នុងស្ថានភាពលឿន ព្រោះតែបារម្ភពីចៅផង និងស្ថានភាពផ្លូវកោងផង ព្រមទាំងងងឹតទៀតនោះទើបធ្វើអោយគាត់បើកមកដល់ផ្លូវកោង ហើយបត់មិនទាន់ក៏ជ្រុលង្កូតឡើងទៅលើសួនពុះចែកទ្រូងផ្លូវ និងរងការខូតខាតស្លាកសញ្ញាចំនួន៤ផ្ទាំងផងដែរ ចំណែករថយន្តរបស់គាត់ក៏ទៅមុខលេងរួច តែសំណាងល្អមិនមានអ្នកណាម្នាក់គ្រោះថ្នាក់ឡើយ។

លោកតាខាងលើ បញ្ជាក់ថា មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍នោះ ចៅរបស់គាត់ដែលដឹកតាមរថយន្តមក គឺមិនមានសំឡេងអីបន្ដិចសោះ ប៉ុន្តែបែរជាស្រែកយំបន្តិចនៅពេលជួបគ្រោះថ្នាក់ទៅវិញ ធ្វើអោយរូបគាត់មានការសប្បាយចិត្ត និងប្រាប់កូនៗអោយចុះពីលើរថយន្ត ហើយដឹកចៅបន្តតាមម៉ូតូកង់បី ដើម្បីយកទៅមន្ទីរពេទ្យគន្ធបុប្ផា អោយក្រុមគ្រូពេទ្យជួយសង្គ្រោះផងដែរ។

ក្រោយពេលកើតហេតុ រថយន្តត្រូវបានប៉ូលិសចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយផងដែរ៕

ចែករំលែកព័តមាននេះ