ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋថៃម្នាក់ដើរបេះបន្លែតាមព្រំដែនក៏ស្រាប់តែជាន់ត្រូវមីនធ្វើឱ្យផ្ទុះយ៉ាងកក្រើក ចំណែកយោធាខ្មែរទៅកា.ប់ឆ្ការព្រៃ ដើម្បីជួយសង្គ្រោះក៏ប៉ះចំមីនផ្ទុះទៀត បណ្ដាលឱ្យរបួសធ្ងន់ទាំង០២នាក់តែម្តង។ ហេតុការណ៍ផ្ទុះមីនកក្រើកព្រៃនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចចន្លោះ បង្គោលសីម៉ាលេខ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខភូមិសាស្ត្រ ភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ (ប្រទេសថៃ)។
បើតាមនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ដំបូងមានពលរដ្ឋថៃម្នាក់មានឈ្មោះ សំរឹទ្ធ រ៉ៃរឿន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កំពុងដើរបេះបន្លែក្នុងព្រៃនៅត្រង់ចំណុចចន្លោះបង្គោលសីមាលេខ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខនឹងភូមិសាស្ត្រភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ក៏ស្រាប់តែជាន់ត្រូវមីន បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងឆ្វេង និងរបួសលើផ្ទៃមុខតែម្តង។
ប្រភពដដែលបន្តថា ក្រោយលឺសូរសម្លេងមីនផ្ទុះ ភ្លាមៗនោះកម្លាំងយោធាអភិវឌ្ឍន៍សហការជាមួយកម្លាំងដោះមីន (កម្ពុជា) និងកម្លាំងទាហានឈុតខ្មៅថៃ កងរយ 1203 ដែលឈរជើងនៅទល់មុខនោះ នាំគ្នារាវរកមីនដើម្បីចូលទៅជួយសង្គ្រោះជនរងគ្រោះ ប៉ុន្តែនៅពេលកម្លាំងយើងរាវរកមីនផង កា.ប់ឆ្ការត្រួសត្រាយព្រៃផងនោះ ស្រាប់តែឈ្មោះ សេង ឆន ភេទប្រុស អាយុ៤០ឆ្នាំ ដែលជាមន្ត្រីយោធាតំបន់អភិវឌ្ឍន៍ បានកា.ប់ត្រូវគ្រាប់មីន បណ្តាលឲ្យផ្ទុះ១គ្រាប់ទៀត ត្រូវរងរបួសដៃខាងស្តាំ និងភ្នែកយ៉ាងធ្ងន់ធ្ងរ ហើយកម្លាំងយើងក៏បញ្ជូនយោធាខាងលើ ទៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក និងបន្តបញ្ជូនទៅមន្ទីរពេទ្យភូមិភាគ ៥ពពីរ នៅខេត្តបាត់ដំបង ដើម្បីធ្វើការសង្គ្រោះផងដែរ។
នគរបាល បានបញ្ជាក់ថា ចំណែកពលរដ្ឋថៃខាងលើនោះ រហូតដល់ម៉ោង០២និង២៥នាទីរសៀល ទើបអាចជួយសង្គ្រោះបាន ហើយត្រូវបានទាហានថៃដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ៕
ចែករំលែកព័តមាននេះ