សេតវិមាននិយាយថា មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ីនឡាដេន ពុំមានអាវុធតដៃទេនៅពេលត្រូវបានបាញ់សម្លាប់ដោយកងកុំម៉ង់ដូពិសេសអាេមរិក ។ ការលើកឡើងនេះទំនងជាបង្កឱ្យមានកំហឹងនៅតំបន់ភាគច្រើននៃពិភពមូស្លីម ចំពោះការស្លាប់របស់អូសាម៉ាប៊ីនឡាដេន។ ការលាតត្រដាងនោះទទួលបានពីអ្នកនាំពាក្យលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា គឺលោក Jay Carney នៅពេលលោកផ្តល់ព័ត៌មានលម្អិតបំផុតស្តីអំពីការវាយឆ្មក់ចូលនិវេសនដ្ឋានរបស់ប៊ីនឡាដេន ដោយកងកុំម៉ង់ដូពិសេសរបស់អាមេរិកនៅតំបន់ Abbottabad មានចម្ងាយប្រហែល៥០គីឡូម៉ែត្រ ពីទីក្រុងអ៊ីស្លាម៉ាបាដ រដ្ឋធានីប៉ាគីស្ថាន កាលពីយប់ថ្ងៃទី១ ឧសភា កន្លងមក ។
លោក Carney ថ្លែងថា នៅក្នុងបន្ទប់របស់ប៊ីនឡាដេន មានស្រីម្នាក់ជាប្រពន្ធប៊ីនឡាដេន បានតទល់ជាមួយកងកម្លាំងអាមេរិក ហើយត្រូវបាញ់ចំជើង ប៉ុន្តែមិនស្លាប់ទេ បន្ទាប់មកប៊ីនឡាដេន ត្រូវបានបាញ់ស្លាប់ដោយត្រូវគ្រាប់ចំក្បាល ចំភ្នែក និងទ្រូងជាច្រើនគ្រាប់ ។ នៅពេលនោះប៊ីនឡាដេន មិនមានអាវុធក្នុងដៃទេ ។
នៅនិវេសនដ្ឋាននោះដែលមានតម្លៃដល់ទៅជាង១លានដុល្លារ ប៊ីនឡាដេន និងគ្រួសាររស់នៅជាន់ទី២ និងជាន់ទី៣ ។
ប្រតិបត្តិការសម្លាប់ប៊ីនឡាដេននោះធ្វើឡើងរយៈពេល៤០នាទី ៕
ចែករំលែកព័តមាននេះ