ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវ​ករ​ផ្សារ​កំពង់​ធំ​ក្តៅ​ក្រហាយ​រឿងចោរ​គាស់​តូប​នៅ​ពេល​យប់​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ជាមួយ​នឹង​អំពើ​ចោរ​កម្ម​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ផ្សារ​កំពង់​ធំ​ត្រូវ​​ក្រុម​អាជីវ​ករ​ស្តី​បន្ទោស​ថា មក​ពី​គ្មាន​ការ​យក​ចិត្ត​ទុកដាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ ដែល​ដឹង​តែ​ពីដើរ​ប្រមូល​យក​ភាស៊ីមិន​ដែល​ភ្លេ​ច​ម្តង​ណា​ទេ​ តែ​បែរ​ជា​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រក្សា​ការ​ពារ​ទំនិញ និង​សម្ភារ​​តាម​តូប​​បណ្តោយ​ឱ្យ​ចោរ​ចូល​លួច​គាស់នៅ​ពេល​យប់​

ខេត្ត​កំពង់​ធំ​ ៖ ជាមួយ​នឹង​អំពើ​ចោរ​កម្ម​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ផ្សារ​កំពង់​ធំ​ត្រូវ​​ក្រុម​អាជីវ​ករ​ស្តី​បន្ទោស​ថា មក​ពី​គ្មាន​ការ​យក​ចិត្ត​ទុកដាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ ដែល​ដឹង​តែ​ពីដើរ​ប្រមូល​យក​ភាស៊ីមិន​ដែល​ភ្លេ​ច​ម្តង​ណា​ទេ​ តែ​បែរ​ជា​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រក្សា​ការ​ពារ​ទំនិញ និង​សម្ភារ​​តាម​តូប​​បណ្តោយ​ឱ្យ​ចោរ​ចូល​លួច​គាស់នៅ​ពេល​យប់​។ ក្រុម​អាជីវ​ករ​​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ និង​ខឹងយ៉ាង​ខ្លាំង​ ខណៈ​ដែល​អាជ្ញា​ធរ​មូល​ដ្ឋាន​ និង​សមត្ថ​កិច្ច​គ្មាន​ចំណាត់​ការ​ចំពោះ​អ្នក​ម៉ៅ​ការ​ផ្សារ​ដែល​គ្មាន​ការ​​ទទួល​ខុស​ត្រូវ​ចំបោះ​សន្តិ​សុខ​ក្នុង​ផ្សារ​។

ពាក់​ព័ន្ធ​បញ្ហា​​នេះ អាជីវ​ករ​ក្នុង​ផ្សារ​កំពង់​ធំ​ដែល​សូម​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ឱ្យ​អ្នក​យក​ព័ត៌​មាន​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​ឧសភា មាន​ចោរ​លួច​គាស់​តូប​ក្នុង​ផ្សារ​​យក​អី​វ៉ាន់​អស់​ជាច្រើន។ ហេតុ​ការណ៍​នេះ​ត្រូវ​​ម្ចាស់​តូប​ដឹង​នៅ​ពេល​ដែល​គាត់​ទៅ​​រៀប​ចំ​អី​វ៉ាន់​លក់​នៅ​ពេល​ព្រឹក​ ។ អាជីវ​ករ​រូប​នោះ​បន្ត​ថា ឃើញ​ដូច្នេះ​គាត់​បាន​រាយ​ការណ៍​ទៅ​នគរ​បាល​ប៉ុស្តិ៍​កំពង់​ធំ ហើយ​ភ្លាមៗ​នោះ​សមត្ថ​កិច្ច​​បានទៅ​​ធ្វើ​​កំណត់​ហេតុ​​ ប៉ុន្តែ​ពុំ​ឃើញ​មាន​ចំណាត់​ការ​ ឬ​ចេញ​ជា​លទ្ធ​ផល​អ្វី​ឡើយ។

ក្រុម​អាជីវ​ករ​​និយាយ​ទៀត​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​មាន​ចោរ​លួច​គាស់​តូប​ក្នុង​ផ្សារ​យក​អីវ៉ាន់​​។ អាជីវ​ករ​បាន​រអ៊ូ​ដោយ​ការ​ក្តៅ​ក្រហាយ​​ថា បើ​ភាស៊ី​យក​មួយ​ថ្ងៃ​ពីរ​ដង​មិន​ដែល​ភ្លេច​ម្តង​ណា​ឡើយ​ ហើយ​ជា​រៀង​រាល់​ខែ​អ្នក​ម៉ៅ​ការ​​ផ្សារ​​តំរូវ​ឱ្យ​អាជីវ​ករ​បង់​ប្រាក់​ពី ៥​ពាន់​ទៅ​១​ម៉ឺន​រៀល​ដោយ​និយាយ​ថា ជាថ្លៃ​យាម​កាម​ពេល​យប់​ ហើយ​នៅ​ក្នុង​លក្ខន្តិ​កៈម៉ៅ​ការ​គឺ​ជា​អ្នក​ធានា​ខុស​ត្រូវ​ចំពោះ​សន្តិ​សុខ​​ផ្សេងៗ​ដែល​កើត​មាន​ក្នុង​ផ្សារ​។ ផ្ទុយ​ទៅ​វិញ​ច្រើន​ដង​ហើយ​ដែល​មាន​អំពើ​រចោរ​កម្ម​កើត​ឡើង​តាម​តូប​ក្នុង​ផ្សារ​ពេល​យប់ ប៉ុន្តែ​គ្មានការ​ទទួល​ខុស​ត្រូវទេ​​។

​ប្រជា​ពល​រដ្ឋ​បាន​ឱ្យ​ដឹង​ដែរ​ថា ជា​រៀង​រាល់​ថ្ងៃ​អ្នក​ម៉ៅ​ការ​ខាង​លើ​នេះ​បណ្តោយ​ឱ្យ​សន្តិ​សុខ​តាម​ទារ​លុយ​ពីអ្នក​ជិះ​ម៉ូតូ​ទៅ​ផ្សារ​រញ៉េរញ៉ៃ​គួរ​ឱ្យ​​ទើស​ភ្នែក​​ណាស់​រហូត​ដល់​អ្នក​ខ្លះ​ស្ទើរ​តែ​មិន​ហ៊ាន​ចូល​ផ្សារ​ទេ ព្រោះ​ខ្លាច​គេ​ចាប់​កង់​ម៉ូតូ​យក​ទៅ​​លាក់​ទុក​។ ជាក់​ស្តែង​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​គេ​អង្គុយ​ពី​លើ​កំពុង​​ទិញបន្លែ​គេ​ហ៊ាន​​យក​ច្រវាក់​ចាក់​សោ​ និង​បញ្ជា​ឱ្យ​បង់​លុយ​ពិន័យ​៥.០០០​រៀល​ឥត​ខ្មាស​អៀន​ទៀត​ផង​។

បើ​ទោះជា​អាជីវ​ករ​ក្តៅ​ក្រហាយ​ ប្រជា​ពល​រដ្ឋ​ខឹង​យ៉ាង​ណា​ក្តី​ក៏​គេ​មិន​ដែល​ឃើញ​​អាជ្ញា​ធរ​ក្រុង ឬ​សមត្ថ​កិច្ច​ចាត់​​វិធាន​ការ​អ្វី​ចំពោះ​សកម្ម​ភាព​នោះ​​ឡើយ។​ ជា​ថ្មី​ម្តង​ទៀត​អាជីវ​ករ​សំណូម​ពរ​ដល់​អាជ្ញា​ធរ​ខេត្ត​ធ្វើ​យ៉ាង​ណា​សូម​ឱ្យ​អ្នក​ម៉ៅ​ការ​ផ្សារ​អនុ​វត្ត​តាម​លក្ខន្តិកៈ​កិច្ច​សន្យា​ជាមួយ​អាជីវ​ករ​ផង​។ ទាក់​ទិន​បញ្ហា​នេះ​នគរ​បាល​ក្រុង​ស្ទឹង​សែន​និយាយ​ថា សមត្ថ​កិច្ច គឺ​គ្រាន់​​តែ​​រួម​សហ​ការ​​រៀប​ចំ​សណ្តាប់​ធ្នាប់​ក្នុង​ផ្សារ​ប៉ុណ្ណោះ ​សម្រាប់​​រឿង​សន្តិ​សុខ​ផ្សារ​​អ្នក​ម៉ៅ​ការ​មិន​ឱ្យ​នគរ​បាល​លូក​ដៃ​ទេ។ ចំពោះ​អំពើ​ចោរ​កម្ម​សមត្ថ​កិច្ច​បាន​ត្រឹម​តែ​ធ្វើ​កំណត់​ហេតុ​ស្រាវ​ជ្រាវ ហើយ​កន្លង​មក​សមត្ថ​កិច្ច​បាន​ត្រឹម​តែ​ទទួល​ព័ត៌​មាន​មិន​គប្បី​របស់​ក្រុម​ក្មេងៗដើរ​ចាប់​​​កង់​ម៉ូតូ​​ប៉ុណ្ណោះ​។ ទន្ទឹម​នឹងបញ្ហា​ដែល​កើត​មាននេះ​អ្នក​យក​ព័ត៌​មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​កូយ​ គឹម​សាយ អ្នក​ម៉ៅ​ការ​​ផ្សារ​កំពង់​ធំ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ ឧសភា ៕