រាជធានីភ្នំពេញ ៖ ទីបំផុត បុរសដែលជាប់ជាមន្ត្រីកិច្ចសន្យាម្នាក់ដែលបានយកអាវពន្លឺ ដែលមានផ្លាកពីមុខដាក់អក្សរ ន.ប.ភ.ព មកពាក់ ដែលខុសទៅនឹងលក្ខន្តិកមន្ត្រីជាប់កិច្ចសន្យា ត្រូវបានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឍរជើងហើយ ។ នេះបើតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះនាយប់ថ្ងៃទី២៧ ខែឧសភានេះ ។
ជាក់ស្តែងបើតាម សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងទៅនឹងមន្ត្រីកិច្ចសន្យាម្នាក់ឈ្មោះ ជុក រង្សី ដែលបានយកអាវពន្លឺ ដែលមានផ្លាកពីមុខដាក់អក្សរ ន.ប.ភ.ព មកពាក់ ដែលខុសទៅនឹងលក្ខន្តិកមន្ត្រីជាប់កិច្ចសន្យា ជាពិសេស គឺខុសទៅនឹងវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការកោះហៅឲ្យចូលខ្លួនមកបំភ្លឺ លើករណីដែលបុគ្គលរូបនេះបានអនុវត្តខុសមិនស្តាប់តាមការណែនាំរបស់ប្រធានអង្គភាព ។

ក្រោយពីបានសារភាពកំហុស មន្ត្រីកិច្ចសន្យារូបនេះត្រូវបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឍរជើង ដោយមកបង្ហាញមុខនៅការិយាល័យរៀងរាល់ម៉ោងធ្វើការ ។
ជាក់ស្តែងទាំងមន្ត្រី ទាំងមន្ត្រីជាប់កិច្ចសន្យា តែងតែត្រូវបានណែនាំជាប្រចាំឲ្យប្រើប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ គោរពវិជ្ជាជីវ: ក្រមសីលធម៌ ដោយប្រើប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ទាំងក្នុងពេលជួយសម្រួលចរាចរណ៍ ក៏ដូចជា ក្នុងពេលចូលរួមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ល។

ទោះជាយ៉ាងណា ក៏នៅតែមានបុគ្គលជាមន្ត្រីមួយចំនួនតូច នៅតែអនុវត្តមិនបានត្រឹមត្រូវតាមបទបញ្ជា និងច្បាប់ដែលបានចែង ៕
ចែករំលែកព័តមាននេះ