រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្ដជំរុញការវិនិយោគបន្ថែមទៀតមកកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រមទាំងទៅបណ្ដាតំបន់សេដ្ឋកិច្ចពិសេសដទៃទៀតក្នុងបណ្ដាខេត្តនានាផងដែរ ខណៈថៅកែ និងកម្មករជា«ឆ្នាំងបាយរួម» ។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ប្រសិនបើធ្វើរោងចក្រហើយ មិនមែនកម្មករនោះទេ គ្រាន់តែជាម្ចាស់ឃ្លាំងតែប៉ុណ្ណោះ ។ ដូច្នេះទាំងកម្មករ និងថៅកែរោងចក្រ ត្រូវតែរស់នៅជាមួយគ្នាព្រោះថា «ជាទិដ្ឋភាពឆ្នាំងបាយរួម» ។
សម្ដេចតេជោ គូសបញ្ជាក់ថា ៖«សង្ឃឹមថា យើងបន្ដជំរុញការវិនិយោគតទៅទៀតតំបន់សេដ្ឋកិច្ចពិសេសនឹងមានកន្លែងវិនិយោគថ្មីៗទៀត ទន្ទឹមនឹងការវិនិយោគចាស់ដែលមានរួមហើយ គឺនៅមានផែនការវិនិយោគដែលបច្ចេកវិទ្យាថ្មីអាចមកកាន់ទីតាំងតំបន់សេដ្ឋកិច្ចនៅភ្នំពេញ និងបណ្ដាលសេដ្ឋកិច្ចពិសេសដទៃទៀត ឬទីកន្លែងដទៃមានសមស្រប»។ ចំណុចទាំងនេះ សម្ដេចតេជោ សង្ឃឹមថា បណ្ដាខេត្តផ្សេងៗទៀតនឹងទាក់ទាញអ្នកវិនិយោគទៅបណ្ដាខេត្តរបស់ខ្លួន ។
ជាមួយគ្នានោះដែរសម្ដេច បន្ដថា ខេត្តខ្លះឆ្លាតធ្វើការអភិវឌ្ឍខេត្តរបស់ខ្លួន ដើម្បីទាក់ទាញអ្នកវិនិយោគដែលផ្ដល់ឱកាសសម្រាប់ការវិនិយោគ ហើយមានការវិនិយោគកាន់តែច្រើន កម្ពុជាកាន់តែរីកចម្រើនផងដែរ ។
សម្តេច នាយករដ្ឋមន្ដ្រី បានរំលឹកគ្រាលំបាកពីអតីតកាលដែលរាជរដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកៀគរវិនិយោគិនមកបណ្តាក់ទុករកស៊ីនៅកម្ពុជា ។ សម្តេចបញ្ជាក់ថា «បើគ្មានការវិនិយោគទេ ម្លេះពេលនេះកម្មក-កម្មការិនីកំពុងធ្វើស្រែ ធ្វើចម្ការ ឬលក់ដូរតិចតូចនៅផ្ទះឯណោះទេ» ៕
ចែករំលែកព័តមាននេះ