សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេម លើកទី១២
- ភ្នំពេញ
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួន ជូនដល់កីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេម មុនពេលដែលពួកគាត់ ត្រូវចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះ នាពេលឆាប់ៗខាងមុខនេះ។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ( ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែមពីអ្វី ដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (ASEAN GAMES) កម្ពុជា ក៏នឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីជនមានពិការភាពទាំងអស់ ដែលត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដែលសម្តេចធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ គឺជាការរួមចំណែកលើកទឹកចិត្ត សម្រាប់ការខិតខំប្រឹងប្រែងរបស់បងប្អូនជនពិការភាពទាំងអស់ មិនមែនគ្រាន់តែជាប្រធាន សម្រាប់ការប្រកួតនោះទេ។
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ទៀតថា ការលើកទឹកចិត្តចំពោះជនមានពិការរភាព គឺជារឿងចាំបាច់បំផុត។
សម្តេចតេជោ បានបង្ហាញការរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជាទាំងអស់ នឹងទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតក្នុងនាមជាម្ចាស់ផ្ទះ នាពេលឆាប់ៗខាងមុខនេះ។
សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះ កម្ពុជាចាយ មិនអស់នោះទេ ពាក់ព័ន្ធនឹងការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣នេះ។
សម្តេចបន្តទៀតថា ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាប្រធានបទនៃការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនានា រួមទាំងសារព័ត៌មានល្បីៗជាច្រើនលើពិភពលោក ដូចជា CNN, Channel News Asia និងបណ្ដាញសារព័ត៌មានអន្តរជាតិនានាជាច្រើនទៀត ដែលបានផ្សព្វផ្សាយល្អពីកម្ពុជា។
សម្តេចតេជោ ក៏បានឱ្យគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍រៀបចំឆ្លាក់ទុកនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅវិមានឈ្នះឈ្នះ ដើម្បីចារទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំអោយបណ្តាញសារព័ត៌មានក្នុងស្រុកទាំងអស់ ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឱ្យបានផុសផុល ដូចព្រឹត្តិការណ៍ស៊ីហ្គេមដែរ។
សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់អត្តពលិកពិការភាពទាំងអស់ ប្រឹងប្រែងនៅក្នុងការប្រកួតទៅតាមជំនាញវិជ្ជាជីវៈកីឡានីមួយៗ ត្រូវរៀបចំខ្លួនឱ្យសមជាម្ចាស់ផ្ទះជាមួយដៃគូប្រកួត ដោយមានការអត់ឱនឱ្យគ្នា ដើម្បីអាចក្លាយជាមិត្តភក្ដិគ្នានៅថ្ងៃក្រោយ។
សម្តេចតេជោ ក៏បានផ្ដាំដល់អត្តពលិកប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមទាំងអស់ ត្រូវចង់ចាំថា ខ្លួនប្រកួតតំណាងឱ្យប្រជាជន ១៧លាននាក់ នៅពីក្រោយខ្នង ដូច្នេះត្រូវខិតខំប្រកួតឱ្យអស់ពីសមត្ថភាព ដោយគោរពឱ្យបានត្រឹមត្រូវទៅតាមលក្ខខ័ណ្ឌនៃការប្រកួត។
នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកទាំងអស់ក្នុងម្នាក់ៗ ទទួលបាន ៥០០ដុល្លារ ជាការលើកទឹកចិត្ត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរកីឡាករកីឡារិនីទាំងអស់ អោយទទួលបានជោគជ័យក្នុងការប្រកួត ព្រមទាំងជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា៕











ចែករំលែកព័តមាននេះ