ខណៈដែលការប្រកួតនឹងខិតចូលមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ(ថ្ងៃទី៧ ខែឧសភា)កីឡាករអាមេរិកសេន ម៉ូស្ល៊ីបានអះអាងថាខ្លួននឹងឈ្នះកីឡាករហ្វ៊ីលីពីនម៉ានី ប៉ាក់គីអាវហើយថា រូបគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ឱកាសឱ្យប៉ាក់គីអាវឡើងប្រកួតសងសឹកលើកទី២។
និយាយជាមួយ Yahoo Sports News កីឡាករម៉ូស្ល៊ីបានបញ្ជាក់ថា៖«ខ្ញុំនឹងផ្តល់ឱកាសឱ្យប៉ាក់គីអាវឡើងប្រកួតជាលើកទី២»។ ពិតប្រាកដណាស់ម៉ូស្ល៊ីអាចនឹងធ្វើបានចំពោះរឿងនោះ ក៏ប៉ុន្តែឱកាសនៃការឈ្នះរបស់ប៉ាក់គីអាវកីឡាករវ័យ៣៩ឆ្នាំរូបនេះមើលទៅហាក់ដូចជាស្តួចស្តើងបំផុត ។ រហូតមកដល់ពេលនេះម៉ូស្ល៊ីខ្លួនឯងផ្ទាល់នៅមិនទាន់ទទួលបានការប្រកួតជាថ្មីពីហ្វ្លយ មេវេដឌ័រទេ។ នេះក៏ព្រោះតែមេវេដឌ័រកំពុងតែជាប់ផុងក្នុងពាក្យបណ្តឹងផ្លូវច្បាប់មួយចំនួន។
ពិតប្រាកដណាស់ ប៉ាក់គីអាវនឹងត្រូវគេផ្តល់ឱកាសឱ្យជួបជាមួយម៉ូស្ល៊ីសាជាថ្មីប្រសិនជាគេចាញ់ការប្រកួតលើកនេះ។ លោកបប់ អារ៉ាំដែលជាអ្នករៀបចំការប្រកួតនឹងមិនបង្វិលរូបគេ(ប៉ាក់គីអាវ)ឱ្យទៅជួបជាមួយកីឡាករណាផ្សេងក្រៅពីសេន ម៉ូស្ល៊ីឡើយ ។ បើទោះបីជាលោកអារ៉ាំបដិសេធក៏ប៉ាក់គីអាវស្នើសុំដែរហើយពេលនោះការប្រកួតជាថ្មីនឹងត្រូវតែកើតឡើង ។
ឱកាសឈ្នះសម្រាប់សេន ម៉ូស្ល៊ីអាចនឹងមានលុះត្រាតែការប្រកួតរបស់គេល្អជាងការប្រកួត២លើកចុងក្រោយជាមួយកីឡាករមេវេដឌ័រនិងកីឡាករសឺចូ ម៉ូរ៉ា។ លោកអារ៉ាំបាននិយាយថា ខ្លួនពិតជាមានការបារម្ភចំពោះការប្រកួតរបស់ម៉ូស្ល៊ីលើកនេះដែលម៉ូស្ល៊ី ពិតជាទទួលបានការលើកទឹកចិត្តជាខ្លាំង ហើយល្បឿននិងកម្លាំងរបស់គេពិតជាល្អខ្លាំងដែលទាំងនោះអាចនឹងធ្វើឱ្យប៉ាក់គីអាវមានបញ្ហា។ ចំណែកប៉ាក់គីអាវខ្លួនរបស់ធ្ងន់ទៅដោយសាច់ដុំ ហើយគេមើលទៅហាក់ដូចនឹងឈ្នះការប្រកួតលើកនេះ ៕
ចែករំលែកព័តមាននេះ