ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ព្រៃ​ឈើ​រៀបចំ​ស្តារព្រៃ​ជាំឡើង​វិញ​បន្ទាប់ពីបានបំផ្លិចបំផ្លាញ​ពីបក្សពួកឧត្តម​សេនីយ៍​ផ្កាយ​បី​សេះ​ហោះប៉ើយ​ ប៉ែល ​ដែលជាប់ពាក់ព័ន្ធ​ចលនា «ស៊ីអេហ្វអេហ្វ»

14 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ក្រុម​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​សៀមរាប​បាន​ថ្លែង​ថា ​ផ្ទៃដី​ព្រៃឈើ​រដ្ឋ​ប្រមាណ​ជាង​មួយ​ពាន់​ហិ​កតា​នៅ​តំបន់​ព្រៃ​ជាំក្នុងភូមិ​ខ្នារ​រង្វះ ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រីនឹង​ត្រូវ​​ដាំ​កូន​ឈើ​ប្រ​ណីតនៅ​ពាក់​កណ្ដាល​​ឆ្នាំ​២០១១នេះ ដើម្បី​ស្ដា​រព្រៃឈើ​ឡើង​វិញ បន្ទាប់​ពី​តំបន់​ព្រៃស្រោង​នោះ​ត្រូវ​បាន​ទ​ន្ទ្រាន​កាន់​កា.ប់​ដោយ​ខុសច្បាប់​ពី​បក្ស​ពួក​ឧត្ដមសេនីយ៍ផ្កាយ​បី​សេះ​ហោះ

ខេត្ត​សៀមរាប ៖ ក្រុម​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​សៀមរាប​បាន​ថ្លែង​ថា ​ផ្ទៃដី​ព្រៃឈើ​រដ្ឋ​ប្រមាណ​ជាង​មួយ​ពាន់​ហិ​កតា​នៅ​តំបន់​ព្រៃ​ជាំក្នុងភូមិ​ខ្នារ​រង្វះ ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រីនឹង​ត្រូវ​​ដាំ​កូន​ឈើ​ប្រ​ណីតនៅ​ពាក់​កណ្ដាល​​ឆ្នាំ​២០១១នេះ ដើម្បី​ស្ដា​រព្រៃឈើ​ឡើង​វិញ បន្ទាប់​ពី​តំបន់​ព្រៃស្រោង​នោះ​ត្រូវ​បាន​ទ​ន្ទ្រាន​កាន់​កាប់​ដោយ​ខុសច្បាប់​ពី​បក្ស​ពួក​ឧត្ដមសេនីយ៍ផ្កាយ​បី​សេះ​ហោះប៉ើយ ប៉ែល ដែល​ត្រូវ​តុលាការ​យោ​ធា​​ចាប់ខ្លួន​កាលពី​អំឡុង​ដើមខែមក​រាឆ្នាំ២០១១ ព្រោះតែ​ជាប់​ពាក់​ព​ន្ធ័នឹងក្រុម​ចលនា «​ស៊ី​អេ​ហ្វ​អេ​ហ្វ»​ដែល​មាន​គំរោងការ​ផ្ដួលរំលំ​រដ្ឋាភិបាល​នៅ​អំឡុង​ឆ្នាំ២០០០កន្លង​ទៅ ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​សៀមរាប លោក​​ទា គឹ​ម​សុទ្ធ បាន​ថ្លែងប្រាប់តាម​ទូរ​សព្ទ័​កាលពី​ព្រឹកថ្ងៃ​ទី​១ ឧសភា​ថា ​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​តែ​រៀបចំ​ផែនការ​ដាំ​កូន​ឈើ​ប្រ​ណីត «​គ្រញូង» រាប់ម៉ឺន​ដើម នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង១០០០ហិ​កតា នៅ​ក្នុងស្រុក​បន្ទាយ​ស្រី​ដែល​ត្រូវ​ទន្ទ្រាន​កាន់កាប់ និង​បែងចែក​ដោយ​រំលោភច្បាប់​ពី​សំណាក់​បក្សពួក​ឧត្ដម​សេ​នីយ៍​ប៉ើយ ប៉ែល កាលពីអំឡុង​ឆ្នាំ ២០០៥រហូត​មក ហើយ​ត្រូវ​​តុលាការ​ចេញ​សាលក្រម​ដកហូត​ទុក​ជា​សម្បត្ដិ​រដ្ឋ​តាម​ការ​ប្ដឹងទាមទារ​ដោយ​រដ្ឋបាល​ព្រៃឈើ​កាលពី​អំឡុង​ឆ្នាំ២០០៦កន្លង​ទៅ​។

លោក​បញ្ជាក់​ទៀត​ថា ផែនការ​ស្ដា​រព្រៃ​ឈើ​នៅ​តំបន់​នោះ​ឡើង​វិញ​នឹង​ត្រូវធ្វើ​ជា​ដំណាក់​កាល គឺ​ជំ​ហាន​ទី១ ត្រូវ​អនុវត្ដ​នៅ​ពាក់កណ្ដាល​ឆ្នាំ២០១១ ​លើ​ផ្ទៃដីប្រមាណ៣០០ហិ​កតា ដោយចាប់ផ្ដើម​ពី​ការ​ដាំ​កូន​ឈើ​រយៈពេល​ខ្លី «អាកា​ស្យា» មុន​នឹង​ឈាន​ទៅ​ដាំ​ឈើ​រយៈពេល​វែង «គ្រ​ញូង» ហើយ​ឆ្នាំ​បន្ដ​បន្ទាប់​​នឹង​ដាំ​បំពេញ​ឱ្យ​គ្រប់​ផែនការ​នៅ​លើ​ផ្ទៃដី​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ទាំងនោះ​។

​តំបន់​ព្រៃ​ជាំ​ជា​ប្រភេទ​​ព្រៃស្រោង​មាន​ដើម​ឈើ​តូច​ធំ​យ៉ាង​ក្រាស់ឃ្មឹក​ស្ថិត​នៅ​ក្នុងភូមិ​ខ្នាររ​ង្វះ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រីប៉ែក​ខាងជើង ឆៀង​ខាងលិច​ជួរ​ភ្នំ​គូលែន​ត្រូវ​បាន​កាប់​បំផ្លាញ​ដើម្បី​កាន់កាប់ និង​បែងចែកលក់​ទៅ​ឱ្យ​អ្នក​ដទៃ​ជា​ច្រើន​នាក់​ពី​ឈ្មោះប៉ើយ ប៉ែល នៅ​អំឡុង​ឆ្នាំ ២០០៦ ដែល​គ្រានោះ​គេជា​ទាហាន​ពាក់​ស័ក្ដិ២​ខ្មែរក្រហម​ផ្ដាច់ខ្លួន​ ។ នេះ​បើ​តាម​ការ​អះអាង​ប្រាប់​ដោយ​នាយ​រង​សង្កាត់រ​ដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នា​រក្រៅ លោកម៉ុង ប៊ុ​ន​លី​ម ដែល​គ្រប់​គ្រង​តំបន់ព្រៃ​ជាំ​នោះ​។

ដោយសារ​តែ​មើលឃើញ​​ការកាប់​បំផ្លាញ​ព្រៃឈើ​ដែល​ជា​សម្បត្ដិ​រដ្ឋ​ពី​​បក្សពួក​ឈ្មោះ​ប៉ើយ បែ​ល នៅ​ឆ្នាំ២០០៦ ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​សៀមរាបបាន​ប្ដឹង​ជន​នេះទៅ​តុលាការ​ ដើម្បី​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ស្ដី​ពី​ព្រៃឈើ​ ប៉ុន្ដែ​នៅ​ក្នុងអំឡុងពេល​នោះឈ្មោះ​ប៉ើយ ប៉ែល បាន​​ត្បុរ​រក​អ្នកធំ​​ ដើម្បី​ធ្វើ​ខ្នងបង្អែក​រហូត​ដល់​ឡើង​ឋានៈ​ពី​ស​័ក្ដិ២ ទៅផ្កាយ២​ និង​ផ្កាយ៣​ ហើយ​បន្ដ​រិះរក​គ្រប់​មធ្យោបាយ​វាតទី​កាន់កាប់​ដី​តំបន់​ព្រៃ​ជាំ​នោះ​បន្ដ​ទៀត​។

នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដដែល​បញ្ជា​ក់ថា ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​​​នៅ​តំបន់​​នោះ​​មាន​សកម្មភាព​ពុះ​កញ្ជ្រោល​​នៅ​ដំណាក់​កាល​យុទ្ធនាការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ ។ ​ពេល​នោះ ហើយ​ដើមឈើ​តូច​ធំ​រាប់​លាន​ដើម​នៅ​លើ​ផ្ទៃដី៤គីឡូម៉ែត្រកា​រ៉េ​ត្រូវ​បាន​កាប់​រំលំ​ និង​ដុត​កំទេច​ចោល ដើម្បី​រំលោភ​កាន់កាប់​ដី​ឱ្យ​ខាងតែ​បាន​។​បន្ថែម​ពីលើ​នោះ​ឈ្មោះប៉ើយ ប៉ែល បាន កៀង​គរ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​មក​ពី​តាម​បណ្ដាខេត្ដ​ផ្សេង​ៗឱ្យទៅ​រស់នៅ​លើ​តំបន់​នោះ​តាម​រយៈការ​ផ្ដល់​ដី​ឱ្យ និងប​ង្កើ​តវត្ដ​ឥត​ច្បាប់​មួយ​នៅ​ក្នុង​តំបន់​នោះ​សម្រាប់ធ្វើ​ជា​ខែល​ការ​ពារ​មហិច្ឆតា​របស់​គេ ។

ឆ្លើយ​តប​ទៅ​នឹង​បណ្ដឹង​រដ្ឋបាល​ព្រៃឈើ​ជុំវិញ​ការ​កាប់​បំផ្លាញ​ធនធានធម្មជាតិ​ដ៏ច្រើន​សន្ធឹកសន្ធាប់​នៅថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១០ ឈ្មោះ​ប៉ើយ ប៉ែល ដែល​កាលនោះ​នៅ​តាំង​ខ្លួន​ជា​ឧត្ដមសេនីយ៍នៅឡើយ ត្រូវ​​តុ​លាកា​រ​ខេត្ដ​សៀមរាប​កោះហៅ​ឱ្យ​ចូលខ្លួន​ទៅបំភ្លឺ​ និង​ត្រូវ​បាន​តំណាង​អយ្យ​ការ​ចោទប្រកាន់​ពី​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សម្បត្ដិរ​ដ្ឋខុស​ច្បាប់ដោយ​យោង​ទៅ​តាម​មាត្រា៣៣ និង៩៧​ច្បាប់​ស្ដី​ពីព្រៃឈើ ។ ជា​បន្ដបន្ទាប់​តុលាការ​បាន​បើក​សវ​នា​ការ​ជំ​រះ​ក្ដី​ និង​សម្រេច​ចេញ​សាលក្រម​ដកហូត​ដី តំបន់​ព្រៃ​ជាំ​ទំហំ១៦០០​ហិ​កតា​ដែល​កាន់កាប់​ដោយ​ខុសច្បាប់​នោះ ទៅ​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើគ្រប់គ្រង​តាម​ផ្លូវច្បាប់ ។ នៅ​ថ្ងៃ​ទី១១ មក​រា ឧត្ដមសេនីយ៍ផ្កាយ​បី​សេះ​ហោះ​ប៉ើយ ប៉ែល​ ត្រូវ​បានចាប់ខ្លួន​តាម​ដីកា​តុលាការយោធា​ក្រោម​បទ​សង្ស័យជាប់​ពាក់​ព​ន្ធ័​ជា​ខ្សែរយៈ​ជា​មួយ​លោក​ឧត្ដម​សេនី​យ៍​ត្រីសា​មិត្ដ វិ​រៈ ដែល​បន្លំ​ធ្វើ​ជា​ឧត្ដម​សេនីយ៍​ឯក ​ហើយ​ត្រូវ​បាន​ចាប់ខ្លួន​កាលពីថ្ងៃ​ទី១០ មក​រា ឆ្នាំ២០១១ តាម​អំណាច​ដីកាអយ្យ​ការ​យោធា​ដូច​គ្នាដោយ​ចោទ​ប្រកាន់​​ពី​បទ​ក្លែងបន្លំ​ឯកសារ និងជាក្រុម​ចលនា «ស៊ី​អេ​ហ្វ​អេ​ហ្វ»​ដែល​មាន​គម្រោងការ​ផ្ដួលរំលំ​រដ្ឋា​ភិបាល​នៅ​អំឡុ​ង​ឆ្នាំ២០០០កន្លង​ទៅ ។

មន្ដ្រីរ​ដ្ឋ​បាល​ព្រៃឈើ​សង្កាត់​កន្ទួត​ខ្នា​រក្រៅ​បាន​ថ្លែង​ថា ​ផែនការ​ស្ដា​រព្រៃ​ជាំ​នោះ​ឡើង​វិញ​បាន​ចាប់ផ្ដើម​ពី​ការ​ជីក​ស្រះ​ទឹក​ដ៏ធំ​មួយ​សម្រាប់​បម្រើ​ការ​ស្រោច​ស្រពក្នុង​ស្ថានីយ​បណ្ដុះ​កូន​ឈើដែល​មាន​ទំហំ៥ហិ​កតានៅ​ក្នុង​តំបន់​ព្រៃ​ជាំ​នោះ បន្ទាប់​មក​ទៀតផែនការ​ឈូស​ឆាយដី​នឹង​ត្រូវ​បាន​ចាប់​ដំណើ​រការ​ឱ្យ​គ្រប់តាម​ផែនការ​៣០០ហិ​កតាក្នុង​មួយ​ឆ្នាំ ។ ស្រប​ពេល​ដែល​រដ្ឋបាល​ព្រៃឈើ​មាន​ផែន​ការ​ស្ដា​រព្រៃឈើ​នៅ​តំបន់​ព្រៃ​ជាំ​ឡើង​វិញ​នោះ​ប្រភព​ព័ត៌​មានរាយ​ការណ៍​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ចំនួន​រាប់រយ​គ្រួសា​រមក​ពី​បណ្ដា​ស្រុក​-​ខេត្ដ​ផ្សេង​ៗ​តាមរយៈ​ការឃោសនា ឬ​ទិញ​ដី​ពី​បក្សពួក​ប៉ើយ ប៉ែល កំពុងក្រាញ​ននៀល​រស់នៅ​ក្នុង​តំបន់​ព្រៃ​ជាំ​នោះ​នៅឡើយ ហើយ​ពួក​អ្នក​ទាំងនោះ​កំពុងប្រឈម​ទៅ​នឹង​ការបណ្ដេញ​ចេញ​ដោយ​ខានមិនបាន​។

អភិបាលស្រុក​បន្ទាយស្រី លោកម៉ឹង វិ​ទ្ធី កាលពី​ព្រឹក​ថ្ងៃ​ទី៣ ឧសភា ឆ្នាំ២០១១ ​បាន ថ្លែងប្រាប់តាម​ទូរ​សព្ទ័​ថា ​ភូមិ និង​វត្ដនៅ​ក្នុង​បរិវេណ​ព្រៃ​ជាំ​ដែលរ​ដ្ឋបា​ល​ព្រៃ​ឈើគ្រោង​នឹង​ដាំ​កូន​ឈើ​ឡើង​វិញនោះ​ពុំ​មានច្បាប់​ទម្លាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទេ គឺ​មក​រស់នៅ​ដោយ​អនា​ធិបតេយ្យតាម​រយៈ​ការ​ទិញ​លក់ និង​បែងចែក​ពី​ឈ្មោះប៉ើយ ប៉ែល ដូច្នេះ​ក្នុង​ករណី​មានការ​តំ​រូវ​​ឱ្យ​ពួក​គាត់​ចេញត្រូវ​តែ​ចេញ ព្រោះដី​នោះ​ជា​ដី​ព្រៃ​សម្បត្ដិ​រដ្ឋ អា​ជា្ញ​ធរ​ស្រុក​មិន​មាន​អ្វី​ ដើម្បី​ដោះស្រាយ​គោលនយោបាយ​ជូន​ឡើយ​។

ស្រ​ដៀង​គ្នា​ដែរ​មន្ដ្រី​ស៊ើបអង្កេត​សមាគម​​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​កប្រចាំ​ខេត្ដសៀមរាប បាន​ថ្លែង​ទាក់ទិន​ទៅ​នឹង​ការ​មក​តាំង​លំនៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​​នោះ​ថា វា​ជា​ការ​កាន់​កាប់​ដី​ដោយ​ខុសច្បាប់​ភូមិបាល ព្រោះ​ដី​ព្រៃឈើ​ទាំង​អស់​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ដី​សម្បត្ដិ​រដ្ឋ បើ​ប្រជាពលរដ្ឋយល់​ថា ​គាត់​ពុំ​មាន​ដី​គ្រប់​គ្រាន់​សម្រាប់​សង់​លំនៅ​ឋាន ឬ​បង្កបង្កើន​ផល គាត់​អាច​ស្នើ​សុំ​តាម​រយៈ​សហគមន៍ទៅ​អា​ជា្ញ​ធរ​ដើម្បី​សុំ​ដីស​ម្ប​ទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាលមិន​អាច​លើកគ្នា​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​បែប​ហ្នឹងបាន​ទេ​ គឺ​បើ​និយាយ​ពី​ច្បាប់​មានទោស ដូច្នេះ​ក្នុង​ករណី​មានការ​បណ្ដេញ​វា​ជា​រឿង​ត្រឹមត្រូវ ប៉ុន្ដែ​អា​ជា្ញ​ធរ គួរ​ចៀសវាង​ការ​ប្រើ​ហិង្សា​ក្នុង​ការ​បណ្ដេញ​។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ដូច​គ្នានេះនាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​​ឈើ​សៀមរាប លោក​ទា គឹ​ម​សុទ្ធ បាន​ថ្លែង​​ថា ប្រជាពលរដ្ឋ​ដែល​មក​រស់នៅ​លើ​ដី​ព្រៃ​ជាំនោះ​ត្រូវ​តែ​ចេញ​តាម​ការ​តម្រូវ​ឱ្យ​ចេញ គាត់​គា្ម​នសិទ្ធិ​មក​រស់នៅ​បែប​ហ្នឹង​ទេ ​​ហើយ​ផែនការ​ស្ដា​រព្រៃឈើ​នៅ​តំបន់​នោះ​ត្រូវ​តែ​ដំណើ​រការ​ទៅ​មុខ​ដោយ​ខាន​មិនបាន ព្រោះ​ផែនការបាន​កំណត់​រួច​រាល់​ហើយ ៕