ការខ្វែងគំនិតគ្នារវាងគណបក្សឆ្ពោះទៅមុខ និងភឿថៃ ចាប់ផ្ដើមបង្ហាញជាចំហ និងកាន់តែឡើងកម្ដៅខ្លាំង។ មន្ត្រីធំៗរបស់គណបក្សទាំង២ចាប់ផ្ដើមនិយាយផ្លែផ្កាដាក់គ្នាប្រៀបបាននឹងអាយ៉ៃឆ្លើយឆ្លង។ អនុប្រធានគណបក្សឆ្ពោះទៅមុខ លោកស្រីសិរីកញ្ញា ថានសាគុល (Sirikanya Tansakul) ប្រកាសថាតំណែងប្រធានរដ្ឋសភាត្រូវតែបានមកគណបក្សឆ្ពោះទៅមុខ។ លោកស្រីថ្លែងបន្តថាទោះបីគណបក្សភឿថៃគំរាមដកខ្លួនពីសម្ព័ន្ធភាពគណបក្សទាំង៨, វាជារឿងរបស់ភឿថៃតែប៉ុណ្ណោះ។
លោកស្រីសិរីកញ្ញា អនុប្រធានគណបក្សឆ្ពោះទៅមុខប៉ុន្តែគណបក្សឆ្ពោះទៅមុខត្រូវតែប្រកាន់គោលជំហរជាដាច់ខាត មិនបណ្ដោយឱ្យតំណែងប្រធានរដ្ឋសភារបូតពីដៃរបស់ខ្លួនឡើយ។ ថ្លែងនៅឯសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃព្រហស្បតិ៍, លោកស្រីបញ្ជាក់ថាគណបក្សឆ្ពោះទៅមុខត្រូវតែស្រវាយកតំណែងប្រធានរដ្ឋសភាឱ្យជាប់ ដើម្បីគោរពឆន្ទៈរបស់ប្រជារាស្ត្រដែលខំបោះឆ្នោតឱ្យយើងដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ លោកស្រីថ្លែងថាដាច់ខាតតំណែងប្រធានរដ្ឋសភាត្រូវតែបានមកយើង ដើម្បីឱ្យយើងអាចធ្វើការដោយកក់ក្ដៅស្របទៅតាមប្រព័ន្ធសភានិយម។ យើងត្រូវតែជំរុញការកែប្រែមាត្រាខ្លះ និងឱ្យមានតម្លាភាពនៅក្នុងរបៀបធ្វើការរបស់រដ្ឋសភា។

សូមជម្រាបថាប្រធានរដ្ឋសភាជាតំណែងកំពូលនៅក្នុងអង្គនីតិប្បញ្ញតិ។ ប្រធានរដ្ឋសភាមានសិទ្ធិអំណាចនៅក្នុងការកំណត់របៀបវារៈជជែកគ្នាទៅលើសេចក្ដីព្រាងច្បាប់ និងជំរុញការអនុម័តសេចក្ដីព្រាងច្បាប់។ ការប្រេះឆានេះកើតឡើងបន្ទាប់ពីគណបក្សភឿថៃគំរាមដើរចេញពីសម្ព័ន្ធភាព បើខ្លួនមិនបានតំណែងប្រធានរដ្ឋសភា និងក្រសួងធំៗនៅក្នុងគណៈរដ្ឋមន្ត្រី។
លោកស្រីផែថងថាន និងលោកស្រឹត្ថា បេក្ខជននាយករដ្ឋមន្ត្រីលំដាប់ទី១ និងលំដាប់ទី២ប្រធានគណបក្សភឿថៃ លោកឆូលណាន ស្រីកែវ(Cholnan Srikaew) និងលោកអាឌីសន ផៀនកេត (Adisorn Pianket) ជាមន្ត្រីស្នូលរបស់បក្សភឿថៃ ក៏និយាយប្រើសម្ដីហំ និងខែងរ៉ែងសម្បើមណាស់ដែរកាលពីម្សិលមិញ។ លោកទាំង២និយាយដោយម៉ឺងម៉ាត់ថាបើមិនព្រមប្រគល់តំណែងប្រធានរដ្ឋសភាឱ្យភឿថៃទេ, គម្រោងបង្កើតរដ្ឋាភិបាលចម្រុះអាចនឹងដួលរលំ។
លោកឆូលណាន ជាប្រធានគណបក្សភឿថៃលោកឆូលណាន ថ្លែងថាភឿថៃកំពុងខិតខំជួយជ្រោមជ្រែងលោកភីថាដើម្បីក្លាយជានាយករដ្ឋមន្ត្រី។ លោកថាគណបក្សសម្រេចចិត្តចូលរួមនៅក្នុងសម្ព័ន្ធភាពដោយឥតលក្ខខណ្ឌ។ លោកបង្ហាញការអាក់អន់ចិត្តយ៉ាងខ្លាំងនៅពេលឃើញការបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកភីយ៉ាបុត្រ (Piyabutr) ដែលជាទីប្រឹក្សារបស់គណបក្សឆ្ពោះទៅមុខ។ បន្ទាប់ពីលោកឆូលណាននិយាយថាគណបក្សភឿថៃមានមនុស្សមានសមត្ថភាពធ្វើជាប្រធានរដ្ឋសភា, លោកស្រីសិរីកញ្ញាតបថាគណបក្សឆ្ពោះទៅមុខមិនខ្វះទេអ្នកដែលអាចធ្វើកិច្ចការនេះ។
លោកស្រីសិរីកញ្ញា ជាអនុប្រធានគណបក្សឆ្ពោះទៅមុខគណបក្សរបស់លោកស្រីកំពុងទាក់ទងទៅសមាជិកព្រឹទ្ធសភាដើម្បីស្វែងរកការគាំទ្របេក្ខភាពលោកភីថាជានាយករដ្ឋមន្ត្រី។ លោកស្រីថា «យើងទទួលបានសញ្ញាវិជ្ជមានពីព្រឹទ្ធសភា»។ តាមលទ្ធផលបោះឆ្នោតចុងក្រោយ, គណបក្សឆ្ពោះទៅមុខរបូតអស់១អាសនៈវិញ។ ដូច្នេះ នៅសល់១៥១អាសនៈ។ ប៉ុន្តែលោកស្រីសិរីកញ្ញាយល់ថារឿងនេះគ្មានអ្វីចោទជាបញ្ហាទេ។
លោកស្រីសិរីកញ្ញា អនុប្រធានគណបក្សឆ្ពោះទៅមុខគណបក្សសម្ព័ន្ធភាពនឹងជួបគ្នាឆាប់ៗនេះដើម្បីជជែកគ្នាពីការបែងចែកអំណាចនៅក្នុងក្រសួងនានា, ការរៀបចំកម្មវិធីនយោបាយរបស់រដ្ឋាភិបាលចម្រុះ, ការជជែកគ្នាពីផែនការរបស់គណបក្សឆ្ពោះទៅមុខដែលសន្យាដំឡើងប្រាក់ឈ្នួលអប្បបរមា៤៥០បាតក្នុង១ថ្ងៃ និងការជជែកគ្នាពីផែនការរបស់គណបក្សភឿថៃដែលសន្យាចែកលុយម្នាក់១ម៉ឺនបាតឱ្យប្រជាពលរដ្ឋ។

ក្នុងនាមជាអនុប្រធានគណបក្សឆ្ពោះទៅមុខ, លោកស្រីសិរីកញ្ញានិយាយហាក់ដូចជា «មិនចង់បាត់បង់ភឿថៃ, ប៉ុន្តែបើភឿថៃដើរចេញក៏មិនអង្វរទេ»។ លោកស្រីប្រើភាសារបៀប «វាយក្បាល, អង្អែលខ្នង» ដោយបង្ហាញទំនុកចិត្តថាគណបក្សភឿថៃនឹងមិនចាកចេញពីសម្ព័ន្ធភាពនេះទេ។ ប៉ុន្តែបើឱ្យគណបក្សឆ្ពោះទៅមុខសុខចិត្តបន្ទន់ជំហរតាមការចង់បានរបស់ភឿថៃដើម្បីប្រគល់តំណែងរដ្ឋសភា គឺមិនប្រគល់ដាច់ខាត។

ការខ្វែងគំនិតគ្នាផ្ដើមចេញពីទីប្រឹក្សាគណបក្សឆ្ពោះទៅមុខ លោកភីយ៉ាបុត្រ(Piyabutr) ដែលបញ្ចេញមតិតាមហ្វេសប៊ុកថា «គណបក្សនេះត្រូវតែកាន់តំណែងប្រធានរដ្ឋសភា»។ លោកធ្លាប់ជាអគ្គលេខាធិការគណបក្សឆ្ពោះទៅអនាគត (Future Forward) ដែលត្រូវតុលាការរំលាយកាលពីឆ្នាំ២០២០។ ការយកបញ្ហាសំខាន់ទៅនិយាយតាមហ្វេសប៊ុកនេះហើយដែលធ្វើឱ្យមានការឆ្លើយឆ្លងគ្នាមិនចេះចប់៕
ប្រភព៖ កាសែត The Nation
https://www.nationthailand.com/thailand/politics/40027980
អត្ថបទទាក់ទង
គណបក្សភឿថៃគំរា.មដើរចេញពីសម្ព័ន្ធភាពបើខ្លួនមិនបានតំណែងប្រធានរដ្ឋសភា



ចែករំលែកព័តមាននេះ