តម្លៃសំបុត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅថ្មីៗនេះ បាននាំឱ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង ដែលជាម្ចាស់ផ្ទះ ដោយសារតែប្រជាជនភាគច្រើនមិនមានលទ្ធភាពទិញសំបុត្រនោះទេ។ កន្លងមកសំបុត្រចំនួន ១លានសន្លឹក ក្នុងចំណោម ១០លានសន្លឹក ត្រូវបានដាក់លក់ក្នុងតម្លៃទាបបំផុតគឺ ២៧ដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន washingtonpost នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
![Picture]()
ប៉ុន្តែនៅតែមានអ្នកមិនសប្បាយចិត្ត ដោយសារពួកគេមិនអាចប្រជែងទិញយកសំបុត្រ ដែលមានកំណត់ទាំងអស់នោះបាន។ ជាមួយនឹងភាពលំបាកក្នុងការចូលទិញសំបុត្រទស្សនាការប្រកួតកីឡា សូម្បីតែសំបុត្រសម្រាប់ការចូលរួមថ្ងៃបើកព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏ត្រូវបានគេយល់ថា មានតម្លៃខ្ពស់កប់ពពកផងដែរ។
សំបុត្រថ្ងៃបើកព្រឹត្តិការណ៍ ១សន្លឹក អាចមានតម្លៃរហូតដល់ ២៩០០ ដុល្លារ ស្របពេលដែលសំបុត្រចូលទស្សនាការប្រកួតកីឡាពេញនិយម ដូចជា៖ កាយសម្ព័ន្ធ និងហែលទឹក អាចមានតម្លៃរហូតដល់ ១០០០ ដុល្លារ ក្នុងមួយកៅអី។
គួរឱ្យដឹងដែរថា ប្រទេសបារាំងធ្លាប់រៀបចំការប្រកួតកីឡាអូឡាំពិកចំនួន ៥ដង ដូចជា៖ អូឡាំពិករដូវក្តៅឆ្នាំ១៩០០ នៅទីក្រុងប៉ារីស, កីឡាអូឡាំពិករដូវរងាឆ្នាំ១៩២៤ នៅ Chamonix, កីឡាអូឡាំពិករដូវក្តៅឆ្នាំ១៩២៤ នៅទីក្រុងប៉ារីស, កីឡាអូឡាំពិករដូវរងាឆ្នាំ១៩៦៨ នៅទីក្រុង Grenoble និងកីឡាអូឡាំពិករដូវរងាឆ្នាំ១៩៩២ នៅ Albertville។ កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នឹងក្លាយជាការរៀបចំលើកទី៦ របស់ខ្លួន៕
![Picture]()
ចែករំលែកព័តមាននេះ