ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​រដ្ឋអំណាច​រួមដៃគ្នា​រំ​លោ​.​ភយ​ក​… ឯ​ពល​រដ្ឋ​នៅ​តែ​តវ៉ា​ដដែល (​វី​ដេ​អូ​)

11 ខែ មុន
  • មណ្ឌលគិរី

ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​សកម្មភាព​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ដាច់ខាត និង​សម្ដែង​ការ​មិន​ពេញចិត្ត​របស់​ក្រុម​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ទៅ​លើ​អាជ្ញាធរ និង​មន្ត្រី​សុរិយោដី​ដែល​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ការ​ចុច​ម៉ាស៊ីន

ខេត្តមណ្ឌលគិរី ៖ ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​សកម្មភាព​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ដាច់ខាត និង​សម្ដែង​ការ​មិន​ពេញចិត្ត​របស់​ក្រុម​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ទៅ​លើ​អាជ្ញាធរ និង​មន្ត្រី​សុរិយោដី​ដែល​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ការ​ចុច​ម៉ាស៊ីន GPS បាញ់​ក្ដោប​វាស់វែង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​ទំហំ​ដី​ព្រៃ​កប់ស​.​ព​ព្រៃ​អារក្ខ​អ្នកតា រួម​នឹង​ដី​ព្រៃ​សហគមន៍​របស់​រដ្ឋ​ប្រមាណ​ជាង ១.០០០ ហិ​កតា​។

ស្រាប់តែ​រដ្ឋបាល​ស្រុក​កោះ​ញែក បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៣​ថា ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ចោទប្រកាន់​ថា មាន​មន្ត្រី​សុរិយោដី​ចុះ​វាស់វែង (GPS) ចំនួន​១០០​ក្បាលដី នៅ​លើ​ដី​សហគមន៍ និង​ដី​កប់ខ្មោច ដី​ដំណម​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ដែល​មាន​ទីតាំង​ដី​ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី នោះ​មិន​ពិត​។

រដ្ឋបាល​ស្រុក​នឹង​ធ្វើការ​បំភ្លឺ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា ដី​របស់​ពួក​គាត់​ជា​ដី​សមូហភាព ឬ​ជា​ដី​សហគមន៍ គឺ​មិន​ពិតប្រាកដ​នោះ​ទេ​។ ហើយ​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​អះ​អាង​ជា​ដី​សមូហភាព ឬ​ដី​សហគមន៍​នោះ ពុំ​មាន​ឯកសារ​ទទួលស្គាល់​ពី​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ផ្លូវការ​នៅឡើយ​ទេ ។ ហេតុ​ដូច្នេះ​ហើយ​បានជា​ក្រុមការងារ​អន្តរក្រសួង​មិន​ធ្វើការ​វាស់វែង ហើយ​ទីតាំង​ដី​ដែល​ស្ថិត​នៅ​ចំណុច​នោះ គឺជា​ដី​ដែល​ពួក​គាត់​បម្រុង​ស្នើ​សុំ​បង្កើត​ជា​សហគមន៍ ប៉ុន្តែ​ក្រោយ​ពី​ក្រុមការងារ​របស់​រដ្ឋបាល​ស្រុក បាន​ចុះ​ស្រាវជ្រាវ​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​អះអាង​នៅ​ចំណុច​ដី​ដែល​បម្រុង​ស្នើ​សុំ​បង្កើត​ជា​សហគមន៍​នោះ គឺ​ពួក​គាត់​បាន​លក់ដូរ​យ៉ាង​ពិតប្រាកដ ដោយ​ក្រុមការងារ​រក​ភស្តុ​តាង​ឯកសារ​កាន់កាប់​ផ្ទេរ​លក់​ទិញ​ជា​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​។

ក្រោយ​ឃើញ​រដ្ឋបាល​ស្រុក​កោះ​ញែក អះអាង​បែប​នេះ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣ ពលរដ្ឋ​បាន​បញ្ជាក់​ថា ពួក​គាត់​ពុំ​បាន​លក់​ដី​ព្រៃ​សហគមន៍​នោះ​ឡើយ ព្រោះ​ជា​ដី​ព្រៃរបស់​រដ្ឋ ដែល​ពួក​ខ្លួន​អភិរក្ស​ទុកជា​ប្រយោជន៍​រួម​សម្រាប់​អាស្រ័យ​ផល​..!​។ ក្នុង​នោះ​ពលរដ្ឋ​ក៏​បាន​ទាមទារ​ឱ្យ​រដ្ឋបាល​ស្រុក​កោះ​ញែក បង្ហាញ​រាល់​លិខិត​ទិញ​លក់​ដី​ព្រៃ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ស្គាល់ឈ្មោះ​អ្នកលក់ និង​អ្នកទិញ​ផង​។

ពលរដ្ឋ​ទាំងនោះ​ចាត់​ទុក​ថា ជា​ការ​រៀបចំ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ ដោយ​ឱ្យ​មាន​អ្នក​ឈរឈ្មោះ អាស្រ័យ​ផល ដើម្បី​ធ្វើ​ជា​លេស​ក្នុង​ការ​ទិញ​លក់​ដី​ព្រៃ​នោះ​។ ហើយ​ក៏​រហូត​ឈាន​ដល់​មានការ​វាស់វែង អង្កន់​កាត់​ឆ្វៀល ពុះ​ជា​ប្លង់​ៗ សម្រាប់​ចែក​គ្នា និង​លក់​បន្ត​។

បើ​តាម​ការ​លើក​ឡើង​ពី​ពលរដ្ឋ​នោះ​ថា អ្នក​ដែល​ឈរឈ្មោះ​លក់​ដី​ព្រៃ​ទាំងនោះ អាច​ជា​អ្នក​នៅ​ក្រៅ​ស្រុក ហើយ​បើ​មានឈ្មោះ​អ្នក​ក្នុងភូមិ ក៏​មិនមែន​ជា​សមាជិក​សហគមន៍​របស់​ពួក​គាត់​ដែរ​។ ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច «​ព្នង​» បាន​ប្រតិកម្ម​ចោទ​ជា​សំណួរ​ថា បើ​គេ​ឈរឈ្មោះ​លក់​ដី​ព្រៃ តើ​អាជ្ញា​ធរមាន​សិទ្ធិ​ចុះហត្ថលេខា​លក់​ដី​ព្រៃ​ដែរ​ឬ​យ៉ាងណា​..​?​!​។

លោក ប៉ិល ឌិ​ត មេឃុំរ​យ៉ អះអាង​ថា មិន​មានការ​ទិញ​លក់​ដី​ព្រៃ​ទាំងនោះ​ឡើយ ហេតុ​អ្វី​រដ្ឋបាល​ស្រុក​កោះ​ញែក បញ្ជាក់​ថា មានការ​ទិញ​លក់​ដី​ព្រៃ​យ៉ាងច្រើន​ទៅ​វិញ​..​?​។

ដី​ព្រៃ ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច «​ព្នង​» តវ៉ា​ចំពោះ​ជំទាស់​ការ​ចេញ​ប្លង់ និង​ស្នើ​សុំ​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​ដដែល​នោះ ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មាន​ទំហំ​ជាង​១.០០០​ហិ​កតា​។ ការ​ស្នើ សូម​រក្សា​ទុក​ដី​ព្រៃ​ពី​សំណាក់​ពលរដ្ឋ​នេះ​ដែរ បន្ទាប់​ពី​មន្ត្រី​សុរិយោដី​ខេត្តមណ្ឌលគិរី ចុច​ម៉ាស៊ីន GPS បាញ់​ក្ដោប​វាស់វែង កាត់​ឆ្វៀល​ឱ្យទៅ​បុគ្គល​ឯកជន រហូត​ឈាន​ដល់​ដំណាក់​ការ​បិទ​ប្រកាស និង​ត្រៀម​ចេញ (​ប្លង់​រឹង​) ទៅ​ហើយ​។ ប៉ុន្តែ​ក៏​ត្រូវ​សហគមន៍​ជនជាតិ​ដើម​ភាគតិច «​ព្នង​» ប្រតិកម្ម​ជំទាស់ ដោយ​អះអាង​ថា ដី​ព្រៃ​ទាំងនោះ​ជា​ដី​ព្រៃ​កប់ខ្មោច​, ព្រៃ​អ្នកតា និង​ព្រៃ​សហគមន៍​។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ ក្រុម​ពលរដ្ឋ​ជិត​១០០​គ្រួសារ នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិ «​ព្នង​» នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក បាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ដាច់ខាត និង​សម្ដែង​ការ​មិន​ពេញចិត្ត ចំពោះ​អាជ្ញាធរ​ឃុំរ​យ៉ ស្រុក​កោះ​ញែក រួម​នឹង​មន្ត្រី​សុរិយោដី ខេត្តមណ្ឌលគិរី ។ ដោយ​អះអាង​ថា មន្ត្រី​ទាំងនេះ ត្រូវ​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ការ​ចុច​ម៉ាស៊ីន GPS បាញ់​ក្ដោប​វាស់វែង ដី​ព្រៃ​កប់ខ្មោច​, ដី​ព្រៃ​អ្នកតា រួម​នឹង​ដី​ព្រៃ​សហគមន៍​របស់​រដ្ឋ ប្រមាណ​ជាង​១.០០០​ហិ​កតា ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដើម្បី​កាត់​ឆ្វៀល​ឱ្យ ទៅ​បុគ្គល​មាន​អំណាច និង​មាន​លុយ​ចំនួន​៣១​ឈ្មោះ​។

ក្នុង​នោះ​រួម​មាន ៖ លោក​មេឃុំរ​យ៉ ក្រុមប្រឹក្សា​ឃុំ ស្មៀនឃុំ​, លោក ផា​ន ប៊ុ​ន​ធឿ​ន មេបញ្ជាការ​សឹក​រង ស្រុក​កោះ​ញែក និង​សាច់ញាតិ ព្រមទាំង​បក្សពួក​ដទៃ​ទៀត​ដែល​ពុំ​មែន​ជា​អ្នកស្រុក​នៅ​ទីនោះ​ទេ​។

សហគមន៍​ជនជាតិ​ដើម​ភាគតិច «​ព្នង​» សូម​ស្នើ​យ៉ាង​ទទូច​ដល់​លោក ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី ជា​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា មេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់​រក្សា​ដី​ព្រៃ​ខាងលើ ទុកជា​សម្បត្តិ​រដ្ឋ​ដដែល​។ ខណៈ​ពួក​គាត់​ខំ​ធ្វើ​បណ្ដឹង​ទប់ស្កាត់​រាប់​សិប​សន្លឹក បែរជា​មន្ត្រី​ពាក់ព័ន្ធ​មិន​ទទួល និង​មិន​ដោះស្រាយ​ឱ្យ​ឡើយ​។ ខណៈ​ពេល​ដែល​មន្ត្រី​ជំនាញ ចុះ​វាស់វែង​រួច​ហើយ ថែម​ទាំង​បាន​បិទ​ប្រកាស​នៅ​តែ​ថ្ងៃ​ចេញ​ប្លង់​រឹង​តែ​ប៉ុណ្ណោះ​។

ទាក់​ទឹ​ន​នឹង​ករណី​ខាងលើ​នេះ ក្រោយ​ពី​មានការ​ចេញផ្សាយ​តាម​សំណើរ​ពលរដ្ឋ ស្រាប់តែ​រដ្ឋបាល​ស្រុក​កោះ​ញែក ចេញ​សេ​ក្តី​បំភ្លឺ​នោះ​តែ​ម្តង​។ ក្នុង​លិខិត​នោះ រដ្ឋបាល​ស្រុក អះអាង​ថា ការ​លើក​ឡើង​របស់​ពលរដ្ឋ គឺ​មិន​ពិត​ឡើយ​។ ហើយ​ដី​ព្រៃ​សហគមន៍ ដែល​ពលរដ្ឋ​ទាមទារ​រក្សា​ទុក​នោះ គឺ​ពួក​គាត់​បាន​លក់ដូរ​យ៉ាង​ពិតប្រាកដ​។

ដោយឡែក​ពលរដ្ឋ​បាន​បដិសេធ​ថា ពួក​ខ្លួន​មិន​បាន​លក់​ដី​ព្រៃ​នោះ​ទេ ហើយ​បុគ្គល​ដែល​ឈរឈ្មោះ​លក់​អាច​ជា​ការ​រៀបចំ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​អ្នកមាន​លុយ​តែ​ប៉ុណ្ណោះ​។ ក្រោម​លេស​ហេតុផល​ថា ធ្លាប់​អាស្រ័យ​ផល ទាំង​ដែល​ដី​នោះ​ជា​ដី​ព្រៃ​សុទ្ធសាធ គ្មាន​ការ​អាស្រ័យ​ផល​ជាក់ស្ដែង និង​គ្មាន​ដំណាំ​សូ​ម្បី​១​ដើម​ផង​។ ឯ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​អាស្រ័យ​ផល​ពិតប្រាកដ​ជាក់ស្តែង​នោះ មន្ត្រី​ជំនាញ​ខាង​វាស់វែង មិន​ខ្ចី​ចុះ​ធ្វើ​ឲ្យ​នោះ​ទេ​។

គួរ​រំលឹក​ថាដី​កប់ស​.​ព​ព្រៃ​អារក្ខ​ត្រូវ​គេ​យក​អស់ ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ព្នង​ឈឺចាប់​នាំ​គ្នា​តវ៉ា (​វី​ដេ​អូ​)ព័ត៌​មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ