ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​កប់​ស.ព​ព្រៃ​អារក្ខ​ត្រូវគេ​យកអស់ ធ្វើ​ឱ្យ​ជន​ជាតិ​​ដើម​ភាគតិច​ព្នង​​​ឈឺចាប់​នាំគ្នា​​តវ៉ា(វីដេអូ)

11 ខែ មុន
  • មណ្ឌលគិរី

ដី​ព្រៃ​កប់​ស.ព​ព្រៃ​អារក្ខ​អ្នកតា រួម​នឹង​ដី​ព្រៃ​សហគមន៍​របស់​រដ្ឋ​ប្រមាណ​ជាង​១.០០០​ហិ​កតា ត្រូវ​ក្រុម​ពលរដ្ឋ​ជិត​១០០​គ្រួសារ នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ «​ព្នង» បាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ដាច់ខាត និង​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​

ខេត្តមណ្ឌលគិរី ៖ ដី​ព្រៃ​កប់​ស.ព​ព្រៃ​អារក្ខ​អ្នកតា រួម​នឹង​ដី​ព្រៃ​សហគមន៍​របស់​រដ្ឋ​ប្រមាណ​ជាង​១.០០០​ហិ​កតា ត្រូវ​ក្រុម​ពលរដ្ឋ​ជិត​១០០​គ្រួសារ នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ «​ព្នង» បាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ដាច់ខាត និង​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​អាជ្ញាធរ និង​មន្ត្រី​សុរិយោដី​ត្រូវ​គ្នា​ជា​ប្រព័ន្ធ ក្នុង​ការ​ចុច​ម៉ាស៊ីន GPS បាញ់​ក្ដោប​វាស់វែង​យក​ធ្វើ​ជា​កម្ម​សិទ្ធិ ។

ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ «​ព្នង​» ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ដាច់​ខាត​ទៅ​លើ​មន្ត្រី​សុរិយោដី ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ចុច​ម៉ាស៊ីន GPS បាញ់​ក្ដោប​ដី​ព្រៃ​កប់​ស.ព​ព្រៃ​អារក្ខ​អ្នកតា រួម​នឹង​ដី​ព្រៃ​សហគមន៍​របស់​រដ្ឋ​ប្រមាណ​ជាង​១.០០០​ហិ​កតា​នោះ ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។ ហើយ​មាន​មន្ត្រីឃុំរ​យ៉ ស្រុក​កោះ​ញែក រួម​នឹង​មន្ត្រី​សុរិយោដី​ស្រុក ខេត្ត​ផង​ដែរ ដែល​កាត់​ឆ្វៀល​ឱ្យទៅ​បុគ្គល​អ្នកមាន​អំណាច បុណ្យ​សក្តិ លុយកាក់ ដែល​ពួក​គាត់​បានឃើញ​ឈ្មោះ​ក្នុង​បញ្ជី​បិទ​ប្រកាស​ចំនួន​៣១​ឈ្មោះ ។ ក្នុង​ចំណោម​នោះ រួម​មានឈ្មោះ​លោក​មេឃុំរ​យ៉ ក្រុមប្រឹក្សា​ឃុំ ស្មៀនឃុំ លោក ផា​ន ប៊ុ​ន​ធឿ​ន មេបញ្ជាការ​សឹក​រង​ស្រុក​កោះ​ញែក និង​សាច់ញាតិ​បក្ខពួក​ដទៃ​ទៀត ដែល​ពុំ​មែន​ជា​អ្នក​ភូមិ​នោះ​ផង ។

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​អះអាង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅ​ពេល​ផ្ទុះ​ការ​តវ៉ា​នៅ​ចំណុច​ដី​ព្រៃ​សហគមន៍ ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក នា​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ។

ពាក់​ព័ន្ធ​ក្នុង​ករណី​ខាងលើ​​នេះ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ «​ព្នង» សូម​ស្នើ​យ៉ាង​ទទូច​ដល់​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី ជា​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា មេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់ រក្សា​ដី​ព្រៃ​ខាងលើ ទុកជា​សម្បត្តិ​រដ្ឋ​ដដែល ។ ខណៈ​ពួក​គាត់​ខំ​ធ្វើ​បណ្ដឹង​​ទប់ស្កាត់​រាប់​សិប​សន្លឹក បែរជា​មន្ត្រី​ពាក់ព័ន្ធ​មិន​ទទួល និង​មិន​ដោះស្រាយ​ឱ្យ ។ ទើប​ពួក​គាត់​ស្នើ​ឱ្យ​អ្នក​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​នូវ​រឿងរ៉ាវ​នេះ សម្រាប់​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​ថ្នាក់ដឹកនាំ ។

បើតាម​លោក ស្រើ​ម ចូ​ញ លោក ក្រេះ ក្លេត លោក ប្រង់ ណ​ច តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ «​ព្នង» បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា ដី​ព្រៃ​សម្រាប់​កប់​ស.ព​ត្រង់​ចំណុច​ភ្នំ​ក្រុំ រួម​នឹង​ដី​ព្រៃ​សហ​គមន៍​ចំណុច​ភ្នំ​ចុង​ក្រែង ដី​ព្រៃ​ចំណុច​ច្រប់ សរុប​ជាង​១.០០០​ហិ​កតា ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ត្រូវ​បាន​មន្ត្រី​សុរិយោដី​ស្រុក​កោះ​ញែក និង​ខេត្ត ប្រើ​ម៉ាស៊ីន GPS បាញ់​ក្ដោប​វាស់វែង កាត់​ឆ្វៀល​ឱ្យទៅ​អ្នកមាន​លុយ និង​អ្នកមាន​អំណាច​យ៉ាង​អនាធិបតេយ្យ ។ ហើយ​ករណី​នេះ ធ្វើ​ឱ្យ​មានការ​​ភ្ញាក់ផ្អើល​ជា​ខ្លាំង ខណៈ​ដី​អាស្រ័យ​ផល​ជា​ច្រើន​ឆ្នាំ​របស់​ជនជាតិ​ដើម​ភាគតិច ​«​ព្នង» ដែល​នៅ​ក្បែរ​ផ្ទះ មាន​ដំណាំ​ស្រាប់ មន្ត្រី​ជំនាញ​មិន​វាស់វែង ឬ​ចេញ​ប្លង់​ឱ្យ​ទេ ដោយ​ប្រាប់​ថា «​ជា​ដី​ព្រៃរបស់​រដ្ឋ​» ​ពិតជា​ការ​ឈឺចាប់​ណាស់ ។

ទន្ទឹម​នឹង​នោះ ស្ងាត់​ៗ​ ស្រាប់តែ​មន្ត្រី​ជំនាញ​សុរិយោដី បាន​ចុច​ម៉ាស៊ីន GPS វាស់វែង​ដី​ព្រៃ​សហគមន៍​របស់​រដ្ឋ​ត្រង់​ចំណុច​ខាងលើ ដែល​ជា​ព្រៃស្រោង មក​អង្កន់​ពុះ​ចែក​ឱ្យទៅ​បុគ្គល​អ្នកមាន​លុយ និង​អ្នកមាន​អំណាច យ៉ាង​គឃ្លើន​ទៅ​វិញ​..​? ។

បើ​តាម​តំណាង​សហគមន៍ ពួក​គាត់​ទើបនឹង​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ការ​បិទ​ប្រកាស ។ ហើយ​ភ្លាម​ៗ​នោះ​ដែរ ពួក​គាត់​បាន​តវ៉ា និង​ធ្វើ​បណ្ដឹង​ទប់ស្កាត់​ជា​ច្រើន​សន្លឹក តាម​លេខ​រៀង​ក្បាលដី​នីមួយ​ៗ ។ ដែល​បាន​វាស់​គ្រប​លើ​ដី​អាស្រ័យ​ផល​របស់​ពួក​គាត់ ជា​ពិសេស គឺ​ដី​ព្រៃ​សហគមន៍​តែ​ម្ដង ។ ប៉ុន្តែ​រាល់​បណ្ដឹង​ពួក​គាត់ ត្រូវ​បាន​មន្ត្រី​នៅ​កន្លែង​បិទ​ប្រកាស​សាលាឃុំរ​យ៉ សុរិយោដី​ស្រុក​កោះ​ញែក រួម​នឹង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី ទាត់​ចោល បដិសេធ​មិន​ទទួល ហើយ​ក៏​មិន​ដោះស្រាយ​ឱ្យ​ដែរ ។ ជា​ហេតុ​នាំ​ឱ្យ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ «​ព្នង» សម្ដែង​ការ​ឈឺចាប់ និង​ហួស​ចិត្តជា​ខ្លាំង ជុំវិញ​ករណី​នេះ ។

តំណាង​សហគមន៍​បន្ត​ថា ដី​ព្រៃ​កប់​សព ដី​ព្រៃ​អ្នកតា ត្រង់​ចំណុច​ខាងលើ គឺ​ជនជាតិ​ដើម​ភាគតិច​ «​ព្នង» មាន​ជំនឿ​ខ្លាំង​ណាស់ ដោយ​គោរព​ប្រតិបត្តិ ថែរក្សា​រហូត​មក​..​។ ក្នុង​នោះ បើ​គេ​យក​ធ្វើ​ជា​កម្មសិទ្ធិ​បាន​សម្រេច​មែន ហើយ​ឈូស​ឆាយ​ព្រៃ​អ្នកតា វា​នឹង​ធ្វើ​ឱ្យ​អ្នក​ភូមិ​កើត​ជំងឺ​ដ​ង្កា​ត់​មើល​មិនជា ឈឺ​ស្លា.ប់​ត.កូនតចៅ​មិន​ខាន​ឡើយ ។ ហេតុនេះ ទើប​ពួក​គាត់​ប្រឆាំង​ដាច់ខាត ចំពោះ​ការ​យក​ដី​ព្រៃ​សហគមន៍​ទៅ​កាត់​ឆ្វៀល ឱ្យ​ក្លាយជា​កម្មសិទ្ធិឯកជន ។

តំណាង​សហគមន៍​បញ្ជាក់​ទៀត​ថា បុគ្គល​៣១​ឈ្មោះ ដែល​ត្រូវ​ទទួល​បាន​ដី​ព្រៃ​សហគមន៍ ជាង​១.០០០​ហិ​កតា​នោះ សុទ្ធ​សឹង​ជា​មន្ត្រី​អ្នកមាន​អំណាច និង​មាន​លុយ ដោយ​ភាគច្រើន មិនមែន​ជា​អ្នក​ភូមិ​នៅ​ទី​នេះ​ទេ ។ ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​លោក ប៉ិល ឌិ​ត មេឃុំរ​យ៉ ក្រុមប្រឹក្សា​ឃុំរ​យ៉ ស្មៀនឃុំរ​យ៉ លោក ផា​ន ប៊ុ​ន​ធឿ​ន មេបញ្ជាការ​សឹក​រង​ស្រុក​កោះ​ញែក រួម​នឹង​សាច់ញាតិ បក្ខពួក ដោយ​ម្នាក់​ៗ​ទទួល​បាន​ដី​ព្រៃ​ទំហំ​ចន្លោះ​ពី​៥​ហិ​កតា​ទៅ​៥០​ហិ​កតា ។

រាល់​ការ​ចោទប្រកាន់​ទាំងនេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៣ លោក លឹ​ម ចាន់​សូ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន​ថា ការ​ប្ដឹង​តវ៉ា​របស់​ពលរដ្ឋ​ខាងលើ គឺ​មិន​ត្រូវ​តាម​គោលការណ៍​នោះ​ឡើយ ព្រោះ​សហគមន៍​របស់​គាត់​មិន​ទាន់​ចុះបញ្ជី ។ លោក​ប្រធាន​មន្ទីរ​បាន​ចោទ​ជា​សំណួរ​តប​វិញ​ថា តើ​ពួក​គាត់​ប្ដឹង​ក្នុង​នាម​ជា​អ្វី និង​មាន​អ្វី​ជា​សំអាង? បើ​សហគមន៍​ពុំ​ទាន់​មាន​ជា​ផ្លូវការ​នៅឡើយ​នោះ ?

លោក លឹ​ម ចាន់​សូ​ភី ក៏​បាន​ទទួលស្គាល់​ដែរ​ថា «​ដី​ព្រៃ​ខាងលើ គឺ​ពិតជា​ដី​របស់​រដ្ឋ​ប្រាកដ​មែន»។ លោក​ថា រាល់​ការ​ចុះ​វាស់វែង​ដី​ព្រៃ​ទាំងនោះ គឺ​មានការ​ចូលរួម​សហការ​ពី​ក្រសួងបរិស្ថាន ក្រសួងកសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​នឹង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ផង​ដែរ ។ ដើម្បី​ពិនិត្យ​អង្កេត​លទ្ធភាព​ជាក់ស្ដែង សម្រាប់​កាត់​ឆ្វៀល​ឱ្យទៅ​អ្នក​អាស្រ័យ​ផល ។

លោក ឌឹ​ម នី អភិបាលស្រុក​កោះ​ញែក ក៏​​បាន​ថ្លែងដែរ​ថា ករណី​ខាងលើ លោក​មិន​ច្បាស់​ទេ ដោយ​កំពុង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ ។

ចំណែក​លោក យឹ​ម ហេង ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​កោះ​ញែក​ថា លោក​ពុំដែល​បាន​ដើរ​វាស់ដី​ព្រៃ​នោះ​ទេ ព្រោះ​ការិយាល័យ​របស់​លោក​មាន​តែ​រូប​លោក​​ម្នាក់​គត់ ។ លោក​បន្ត​ថា ការ​វាស់វែង​ដី​នោះ គឺ​ក្រុមការងារ​មន្ត្រី​របស់​អន្តរក្រសួង ដោយ​ក្រសួង​រៀប​ចំ​ដែនដី សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ​មូល​ដ្ឋាន ។

លោក ផា​ន ប៊ុ​ន​ធឿ​ន មេបញ្ជាការ​សឹក​រង​ស្រុក​កោះ​ញែក បាន​បដិសេធ​ថា លោក​មិន​មាន​ដី​នៅ​ទីនោះ​​ទេ ហើយ​ក៏​មិន​មានឈ្មោះ​ក្នុង​បញ្ជី​ដែល​ត្រូវ​ទទួល​បាន​ដី​អ្វី​នោះ​ដែរ ។

ចំពោះ​លោក ប៉ិល ឌិ​ត មេឃុំរ​យ៉​វិញ ក៏​បាន​ឱ្យ​ដឹងដែរថា លោក​មិនដឹង​ទេ ហើយ​ក៏​មិន​មានឈ្មោះ​ក្នុង​បញ្ជី​ទទួល​ដី​ដែរ ។

ទោះជា​យ៉ាងណា​ក្ដី សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង សូម​ស្នើ​ដល់​អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​ពិសេស​​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មេត្តា​ជួយ​អន្តរាគមន៍ ចាត់​មន្ត្រី​អ​ព្យា​ក្រឹត្យ ចុះ​មក​ស្រាវជ្រាវ​ផង ដើម្បី​ចាត់វិធានការ​ក្ដៅ​លើ​អ្នក​ពាក់ព័ន្ធ ទុកជា​ការ​ព្រមាន​ដល់​បណ្ដា​ស្រុក ខេត្ត ផ្សេង​ៗ​ទៀត​ផង និង​ដើម្បី​រក្សា​ដី​ព្រៃ​សហគមន៍​ខាងលើ ឱ្យ​នៅ​គង់វង្ស​ជា​រៀង​រហូត ព្រោះ​ជាទី​តាំង​ដែល​ពួក​គាត់​អាស្រ័យ​ផល​តកូនតចៅ ។

ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​(​ព្នង​)​ខាងលើ​នោះ មាន​លោក លី​ន ម៉ៅ ជា​ប្រធាន និង​មាន​សមាជិក​ជាង​១០​នាក់ ដោយ​មាន​ស្នាក់​ការ​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ ក្នុង​បណ្ដឹង​​នីមួយ​ៗ មាន​លោក លី​ន ម៉ៅ ជា​តំណាង អម​ដោយ​មេដៃ​ពលរដ្ឋ​ជាង​១០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ