ខេត្តព្រះសីហនុ ៖ នាបច្ចុប្បន្ននេះ បណ្តាញភ្លើងបានគ្របដណ្តប់ស្ទើរគ្រប់ច្រកល្ហកតាំងពីទីក្រុងរហូតដល់ជនបទធ្វើឱ្យប្រជាពលរដ្ឋដែលពុំធ្លាប់មានភ្លើងអគ្គិសនីប្រើមានការត្រេកអរជាពន់ពេក ។ ប៉ុន្តែទន្ទឹមនឹងការត្រេកអរនេះ ការខកចិត្តក៏កើតមានទន្ទឹមគ្នាដែរ ដោយសារតម្លៃភ្លើងចេះតែឡើងខ្ពស់ទៅៗរហូតមានផ្ទះខ្លះបានផ្អាកប្រើភ្លើងអគ្គិសនីនេះវិញ (ភ្លើងអគ្គិសនីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអគ្គិសនីកម្ពុជា ហើយប្រភពចេញពីអគ្គិសនីខេត្តព្រះសីហនុ និងភ្លើងដែលអូសបណ្តាញមកពីប្រទេសវៀតណាម) ។
លោកពូ អុន អាយុ៤០ឆ្នាំ មានទីលំនៅក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ បានឱ្យដឹងថា គាត់មានការខកចិត្តយ៉ាងខ្លាំងនៅពេលតម្លៃភ្លើងឡើងខ្ពស់ទៅៗដូចនេះ។ ពីមុនគាត់គិតថា ពេលភ្លើងរដ្ឋអូសបណ្តាញចូលដល់តម្លៃភ្លើងពិតជាមានការធូរស្រាលបន្តិច តែនៅពេលនេះបែរជាថ្លៃចង់លើសដើម ដោយសារតែឈ្មួញកណ្តាលកេងចំណេញច្រើនពេក ។ ប្រភពដដែលបន្តថា ឈ្មួញដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការចែកចាយអគ្គិសនីក្នុងឃុំចំនួនពីរ គឺឃុំអូរជ្រៅ និងឃុំបឹងតាព្រហ្ម មានឈ្មោះផល ហ៊ុយ និងមានទីលំនៅក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់។ ក្នុងនាមរូបគាត់ជាប្រជាពលរដ្ឋម្នាក់ សូមអំពាវនាវដល់អាជ្ញាធរដែនដីក៏ដូចជារដ្ឋាភិបាល សូមមេត្តាជួយពិនិត្យលើឈ្មួញកណ្តាលផង កុំឱ្យជញ្ជក់ឈាមប្រជាពលរដ្ឋពេក បើមិនដូចនោះទេ ច្បាស់ជាមានតែបង្គោលភ្លើងគ្មានមនុស្សប្រើហើយ ។
ទាក់ទិនទៅនឹងតម្លៃភ្លើងនេះ លោកប្រាក់ ចាន់ផល ប្រធានផ្នែកចែកចាយអគ្គិសនីខេត្តព្រះសីហនុបានឱ្យដឹងថា ចំពោះតម្លៃភ្លើងនៅស្រុកព្រៃនប់ទាំងមូលគាត់ពុំបានដឹងទេ ព្រោះទីនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអគ្គិសនីកម្ពុជា ថ្វីដ្បិតតែប្រព័ន្ធភ្លើងនេះអូសពីខេត្តព្រះសីហនុក៏ដោយ ។ បើតាមគាត់ដឹងតម្លៃភ្លើងដែលគិតពីអគ្គិសនីខេត្តត្រឹមតែប្រហែល១.០០០រៀលប៉ុណ្ណោះ ឯតម្លៃចែកចាយនោះគាត់ពុំដឹងនិងពុំមានសិទ្ធិសម្រេចទេ ។
ការទាក់ទងទៅលោកប្រធានអគ្គិសនីខេត្តមិនអាចរកការបំភ្លឺបានទេ ដោយលោកពុំទទួលទូរស័ព្ទ ។ ដោយឡែកលោកផល ហ៊ុយ ដែលជាអ្នកទទួលសិទ្ធិចែកចាយអគ្គិសនីនៅតំបន់នោះបានឱ្យដឹងថា ចំពោះតម្លៃភ្លើងឡើងនោះគឺគាត់ធ្វើតាមគោលការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជាទេ ហើយតម្លៃភ្លើងដែលគាត់បានទទួលនោះមានរហូតដល់០,២៩ដុល្លារ ក្នុង១គីឡូវ៉ាត់ម៉ោង៕
ចែករំលែកព័តមាននេះ