ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​-​ឥណ្ឌា ប្រកាស​កិច្ចព្រមព្រៀង​ជន​ចំណាក​ស្រុក ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច

11 ខែ មុន

អូស្ត្រាលី ៖ ប្រទេស​ឥណ្ឌា និង​អូស្ត្រាលី បាន​ប្រកាស​អំពី​ការ​ចុះ​កិច្ចព្រមព្រៀង​ជន​ចំណាកស្រុក ខណៈ​

អូស្ត្រាលី ៖ ប្រទេស​ឥណ្ឌា និង​អូស្ត្រាលី បាន​ប្រកាស​អំពី​ការ​ចុះ​កិច្ចព្រមព្រៀង​ជន​ចំណាកស្រុក ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​គ្នា​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣​។

សេចក្តី​ប្រកាស​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Anthony Albanese ក្នុង​ទីក្រុង​ស៊ី​ដ​នី (Sydney) នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣​។ ជាមួយ​កិច្ចព្រមព្រៀង​នេះ មាន​គោលបំណង​លើកកម្ពស់​ការ​ចល័ត​ពីរ​ផ្លូវ​សម្រាប់​និស្សិត និស្សិត​បញ្ចប់​ការ​សិក្សា អ្នក​ស្រាវជ្រាវ​ការ​សិក្សា រួម​និង​ពាណិជ្ជករ​។ បន្ថែម​លើស​ពី​នេះ ប្រទេស​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​សន្តិសុខ​នៅ​ក្នុង​តំបន់ ចំ​ពេល​មាន​ភាព​តានតឹង​កើនឡើង​។

ឥណ្ឌា និង​អូស្ត្រាលី គឺជា​ផ្នែក​មួយ​នៃ​ក្រុម Quad ដែល​ជា​សសរស្តម្ភ​សំខាន់​នៅ​ក្នុង​គោលនយោបាយ​ការ​បរទេស​របស់​អូស្ត្រាលី ដែល​មាន​សមាជិក​៤​ប្រទេស​រួម​ជាមួយ​ជប៉ុន និង​អា​មេ​រិ​ក​ផង​ដែរ​។ កិច្ចប្រជុំ​ដែល​បាន​គ្រោងទុក​នៃ​ក្រុម Quad នៅ​ទីក្រុង​ស៊ី​ដ​នី ត្រូវ​បាន​លុប​ចោល​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden ត្រូវ​ត្រឡប់​ទៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​វិញ សម្រាប់​ការ​ពិភាក្សា​អំពី​បញ្ហា​បំណុល​។

ទោះជា​យ៉ាងនេះ​ក្តី នាយក​រដ្ឋមន្ត្រី​ឥណ្ឌា បាន​បន្តដំណើរ​ទស្សនកិច្ច​តាម​ផែនការ​របស់​លោក​ទៅ​កាន់​ទីក្រុង​ស៊ី​ដ​នី បន្ទាប់​ពី​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល G7 នៅ​ប្រទេស​ជប៉ុន និង​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ា​ពួ​ញ៉ូ​ហ្គី​ណេ (Papua New Guinea) ដែល​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក Modi ទៅ​កាន់​អូស្ត្រាលី ចាប់តាំងពី​ឆ្នាំ ២០១៤​។

ប្រទេស​អូស្ត្រាលី​មាន​ចំនួន​មនុស្ស​យ៉ាងច្រើន ដែល​បាន​ធ្វើ​ចំណាកស្រុក​ពី​ឥណ្ឌា​រួច​មក​ហើយ ដោយ​ទិន្នន័យ​ជំរឿន​បង្ហាញ​ថា មនុស្ស​ជាង​១​លាន​នាក់​បាន​ផ្លាស់​ទៅ​រស់នៅ​អូស្ត្រាលី​តាំងពី​ឆ្នាំ ២០១៦​។

យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​បានឱ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ការ​ធ្វើ​ចំណាកស្រុក ដែល​បាន​បញ្ចប់ ក៏​នឹង​នាំ​ទៅ​ដល់​ការ​បង្កើត​នូវ​គ្រោង​ការណ៍​ថ្មី​មួយ ដែល​មានឈ្មោះ​ថា MATES (Mobility Arrangement for Talented Early Professionals Scheme) ដែល​ត្រូវ​បាន​បង្កើត​ជា​ពិសេស​សម្រាប់​ប្រទេស​ឥណ្ឌា​។ កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​បាន​ថ្លែង​ថា ប្រទេស​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ជីក​យក​រ៉ែ និង​រ៉ែ​សំខាន់​ៗ និង​បាន​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ក្នុង​ការ​បង្កើត​ក្រុមការងារ​ពិសេស​អ៊ីដ្រូសែន​បៃតង អូស្ត្រាលី​-​ឥណ្ឌា​។

ឥណ្ឌា និង​អូស្ត្រាលី ក៏​កំពុងធ្វើការ​ឆ្ពោះទៅ​រក​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​មួយ ដែល​ការ​ចរចា​បាន​ចាប់ផ្តើម​ជាង​មួយ​ទស​វត្ស​មុន ស្រប​ពេល​ដែល​លោក Modi បាន​ហៅ​សហគមន៍​ឥណ្ឌា​ក្នុង​ប្រទេស​អូស្ត្រាលី​ថា​ជា​ស្ពាន​រស់​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​អូស្ត្រាលី គឺ​ផ្អែក​លើ​ការ​ទុកចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ