ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិកព្រឹទ្ធសភាថៃ នៅតែស្ទាក់ស្ទើរ ក្នុងការគាំទ្រលោក Pita ធ្វើជានាយករដ្ឋមន្ត្រីថ្មី

4 ខែ មុន

(បាងកក)៖ សមាជិកព្រឹទ្ធសភាថៃភាគច្រើននៅមិនទាន់សម្រេចចិត្តថា តើពួកគេនឹងគាំទ្រមេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រីថ្មីនៅឡើយទេ បើតាមការឱ្យដឹងពីសមាជិកព្រឹទ្ធសភាលោក Wanchai…

(បាងកក)៖ សមាជិកព្រឹទ្ធសភាថៃភាគច្រើននៅមិនទាន់សម្រេចចិត្តថា តើពួកគេនឹងគាំទ្រមេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រីថ្មីនៅឡើយទេ បើតាមការឱ្យដឹងពីសមាជិកព្រឹទ្ធសភាលោក Wanchai Sornsiri។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លោកបាននិយាយថា សមាជិកព្រឹទ្ធសភាបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហានេះកាលពីថ្ងៃសុក្រ ប៉ុន្តែមតិរបស់ពួកគេមិនតំណាងឱ្យជំហរ ឬពីរបៀបដែលពួកគេនឹងបោះឆ្នោតនោះទេ។ លោកបាននិយាយថា សមាជិកព្រឹទ្ធសភាមានជម្រើស ៣ គឺបោះឆ្នោតឱ្យលោក Pita, មិនបោះឆ្នោតឱ្យគាត់ ឬដកខ្លួនពីការបោះឆ្នោត។

លោក Wanchai ផ្ទាល់បានបញ្ជាក់ថា លោកឈរតាមពាក្យរបស់លោក ដោយនឹងបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងដោយក្រុមចម្រុះ ដែលមានអាសនៈសភាច្រើនជាង ២៥០ សំឡេង។ ក្រុមចម្រុះដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខកំពុងមានអាសនៈសរុប ៣១៣ ហើយដើម្បីអាចឈ្នះជានាយករដ្ឋមន្ត្រីបាន លោក Pita Limjaroenrat ត្រូវការច្រើនជាង ៣៧៦ អាសនៈ នៅក្នុងសភាទាំង ២ ដែលមានទាំងអស់ ៧៥០ អាសនៈ (សមាជិកសភា ៥០០ អាសនៈ/ព្រឹទ្ធសភា ២៥០ អាសនៈ)។ ប៉ុន្តែការកាន់កាប់ភាគហ៊ុនរបស់លោក Pita Limjaroenrat នៅក្នុងប៉ុស្ដិ៍ទូរទស្សន៍ iTV កំពុងក្លាយជាបញ្ហា ព្រោះថារដ្ឋធម្មនុញ្ញរបស់ថៃ ហាមឃាត់បេក្ខភាពពីការបោះឆ្នោត ប្រសិនបើពួកគេមានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។

ជាក់ស្ដែងសកម្មជននយោបាយ Ruangkrai Leekitwattana បានស្នើឱ្យគណៈកម្មការរៀបចំការបោះឆ្នោតស៊ើបអង្កេតលោក Pita ដោយអះអាងថា មេដឹកនាំ MFP រូបនេះ បានកាន់កាប់ភាគហ៊ុនចំនួន ៤២,០០០ របស់ iTV។ សមាជិកព្រឹទ្ធសភា Kittisak Rattanawaraha បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកនឹងមិនបោះឆ្នោតឱ្យលោក Pita ទេ ដោយសារតែលោកមិនយល់ស្របនឹងគោលនយោបាយដ៏ចម្រូងចម្រាស MFP ក្នុងការធ្វើវិសោធនកម្មមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ៕