ខេត្តតាកែវ ៖ មនុស្សប្រុស-ស្រីទាំងអស់តែងចាត់ទុកថា ជីវិតប្តី-ប្រពន្ធគឺជាជីវិតរួមគ្នាដែលនេះគឺជាចំណងបេះដូងមិនអាចក្បត់គ្នាបានទេ ហើយបើភាគីមួយមិនស្មោះត្រង់នឹងក្លាយជាបញ្ហា ។ រឿងរ៉ាវមិនស្មោះត្រង់មួយ ឬក៏អាចនិយាយបានថា បុរសកំហូចក្បត់ប្រពន្ធលួចរៀបការប្រពន្ធថ្មីបានផ្ទុះឡើងដូចស៊ូណាមីនៅស្រុកទ្រាំង ដោយសារតែភរិយាមកឡាំប៉ាចំថ្ងៃចូលរោងការ ធ្វើឱ្យបុរសជាប្តីដឹកដៃកូនក្រមុំគេចខ្លួនបាត់មិនដឹងថាទៅលាក់ខ្លួនសំងំក្រេបទឹកឃ្មុំនៅទីណានោះទេ ។ បុរសដែលប្រពន្ធតាមមកឡាំប៉ានេះ គឺជាអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី ។ អ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ គឺរោងការមិនបានផ្អាកទេ ហើយកូនកំលោះកូនក្រមុំ១គូថ្មីក៏បានចូលខ្លួនរៀបការជំនួស ព្រោះភ្ញៀវក៏ប្រាប់អស់ហើយ ទាំងភ្លេង ទាំងមីក្រូ ទាំងអាចារ្យ ទាំងចុងភៅ ទាំងផ្នួង។
ទាកទិននឹងរឿងរ៉ាវកន្លង់ហើរពីមហាកោះ អូស្ត្រាលីមកលួចរៀបការស្រីក្មេងឈ្ងុយដូចដូងដុត ហើយត្រូវភរិយាមករារាំងរត់ចោលរោងការនេះត្រូវបានប្រភពព័ត៌មានឱ្យដឹងថា បុរសអាណិកជនខ្មែរម្នាក់រស់នៅប្រទេសអូស្ត្រាលី និងស្រីថ្មីរបស់ខ្លួនម្នាក់ បានរត់គេចខ្លួនបាតជើងសព្រាត ខណៈប្រពន្ធនៅប្រទេសអូស្ត្រាលីទទួលដំណឹងពីប្តីលួចរៀបការប្រពន្ធថ្មីក៏ឡើងយន្តហោះមកទាន់ពេលប្តីកំពុងចូលរោងការ ។ ហេតុការណ៍ប្រពន្ធដើមតាមទាន់ប្តីកំពុងលួចរៀបការប្រពន្ធថ្មីនេះ បានកើតឡើងកាលពីថ្ងៃទី២ ឧសភា វេលាម៉ោង៣រសៀល នៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ។
លោកអនុសេនីយ៍ឯក ចាន់ ជៀប នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីស្ត្រីជាប្រពន្ធដើមឈ្មោះជុង ដាវី អាយុ៣៦ឆ្នាំ រស់នៅប្រទេសអូស្ត្រាលី បានចោទប្រកាន់ប្តីរបស់ខ្លួនឈ្មោះតាំង សារ៉ា អាយុ៣៨ឆ្នាំ ថា បានក្បត់ចិត្តមកពីអូស្ត្រាលីមកលួចលាក់រៀបការជាមួយស្រីថ្មីរស់នៅភូមិខាងលើ លោកក៏បានចុះទៅដល់កន្លែងរោងការភ្លាមនិងសហការជាមួយមេភូមិ មេឃុំ និងប៉ូលិសមូលដ្ឋាន ដោយមានប្រពន្ធដើមទៅជាមួយផង ។ នៅពេលទៅដល់រោងការ បុរសជាប្តីដែលដឹងខ្លួនមុនក៏បាននាំស្រីថ្មីដែលត្រៀមចូលរោងការរត់គេចខ្លួនបាត់ទៅ ។ លោកនាយការិយាល័យបានបន្តទៀតថា យើងមាននាទីដើម្បីបញ្ឈប់មង្គលការនេះ ព្រោះមិនទាន់លែងលះគ្នាជាមួយប្រពន្ធដើមនៅឡើយ បែរជាប្តីមកលួចរៀបការជាមួយស្រីថ្មី ។ ប៉ុន្តែអ្វីដែលល្អនោះគឺឪពុកម្តាយដែលជាម្ចាស់ដើមការខាងស្រីមិនបានរុះរើរោងការទេ តែបានយកកូនប្រុសគាត់ម្នាក់ដែលស្រឡាញ់គ្នាជាមួយស្រី្តម្នាក់ទៀតមកចូលរោងការជំនួសធ្វើឱ្យអ្នកស្រុកនៅក្បែរផ្ទះការអស់សំណើចគ្រប់គ្នា ។ កូនកំលោះថ្មីនេះឈ្មោះប៉ុល វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ ជាបងប្រុសកូនក្រមុំដែលរត់គេចខ្លួនបាត់ និងកូនក្រមុំឈ្មោះង៉ែត សុភាព អាយុ៣២ឆ្នាំ រស់នៅភូមិសុភី ឃុំរនាម ស្រុកទ្រាំង ។
ស្ត្រីជាប្រពន្ធឈ្មោះជុង ដាវី បាននិយាយរៀបរាប់ប្រាប់កោះសន្តិភាពថា គាត់ជាប្រពន្ធដើមរៀបការពេញច្បាប់នៅឆ្នាំ១៩៩៣ នៅស្រុកខ្មែរ តែពេលរៀបការរួចក៏បានចេញទៅរស់នៅប្រទេសអូស្ត្រាលី ។ ប្តីគាត់ឈ្មោះតាំង សារ៉ា អាយុ៣៨ឆ្នាំ ហើយការរស់នៅជាប្តីប្រពន្ធមកដល់ពេលនេះមានរយៈពេល១៨ឆ្នាំមកហើយ បានកូនស្រី២នាក់ កូនច្បងឈ្មោះអេលីហ្សា អាយុ១៧ឆ្នាំ កូនប្អូនឈ្មោះហេឡែន អាយុ១៥ឆ្នាំ ។ ការរស់នៅជាមួយគ្នារហូតមានកូន២នាក់នេះមិនដែលមានទំនាស់នឹងគ្នាឡើយ តែប្តីគាត់មានចិត្តមិនត្រង់ជាមួយគាត់ ។ គាត់បន្តថា នៅឆ្នាំ២០១០ ប្តីគាត់បានលួចមកស្រុកខ្មែរតែម្នាក់ឯង ២ទៅបីដងមកហើយ ហើយគាត់ជាប្រពន្ធក៏មានការសង្ស័យដែរថា តើប្តីគាត់មកស្រុកខ្មែរធ្វើអី្វ តែពេលប្តីទូរស័ព្ទទៅកូនស្រីតែងតែនិយាយកុហកថា ចេញទៅលេងនៅរដ្ឋផ្សេងៗ ។
ស្ត្រីជាប្រពន្ធដើមបានបន្តទៀតថា គាត់ក៏មិនបានដឹងថា ប្តីគាត់ចែកសំបុត្ររៀបការជាមួយស្ត្រីថ្មីនោះដែរ គឺទើបតែដឹងពេលសាច់ញាតិទូរស័ព្ទប្រាប់នៅថ្ងៃទី៣០ មេសា ថា ប្តីគាត់លួចរៀបការស្រីថ្មីដោយចូលរោងការនៅល្ងាចថ្ងៃទី២ ឧសភា ក៏ឡើងយន្តហោះមកស្រុកខ្មែរនៅថ្ងៃទី១ ឧសភា រួចប្តឹងសមត្ថកិច្ចតែម្តង ។ នៅក្នុងសំបុត្រការ ស្ត្រីដែលប្តីគាត់លួចរៀបការជាមួយនោះ ឈ្មោះប៉ុល ច័ន្ទសុម៉ាលី អាយុ២៧ឆ្នាំ ហើយមកដល់ថ្ងៃនេះប្តីគាត់និងស្ត្រីម្នាក់នោះមិនដឹងថា រត់ទៅពួននៅឯណាទេបាត់ដំណឹងឈឹង ។
អ្នកស្រីនិយាយទៀតថា មុនពេលមកស្រុកខ្មែរគាត់បាននិយាយទូរស័ព្ទមកប្តីគាត់ដោយព្រមានថា បងគួរតែបញ្ឈប់ពិធីមង្គលការនេះទៅបើបងនៅស្រឡាញ់កូនប្រពន្ធ តែប្តីគាត់និយាយថា គាត់មិនបញ្ឈប់ជាដាច់ខាត អូនឯងមិនហ៊ានមកពីអូស្ត្រាលីរំខានមង្គលការទេ លុះពេលគាត់ជាប្រពន្ធមកដល់រោងការទើបលោកប្តីនាំគ្នារត់ចោលរោងការបាត់អស់ទៅ ។
អ្នកស្រីប្រពន្ធដើម បញ្ជាក់ថា គាត់មកដល់នេះមិនមែនរករឿងអ្នកណាទេ គឺមកយកប្តីគាត់ទៅរួមរស់ជាមួយប្រពន្ធកូន ឯប្រទេសអូស្ត្រាលីវិញប៉ុណ្ណោះ។ ជាមួយនេះ គាត់សូមផ្តាំផ្ញើដល់ស្ត្រីខ្មែរមួយចំនួនតូច កុំគិតតែស្រវាបុរសអាណិកជនមានលុយចេះតែព្រមរៀបការជាមួយគេឱ្យសោះ ត្រូវស៊ើបឱ្យច្បាស់ថាបុរសនោះមានប្រពន្ធ ឬ នៅលីវ ឬពោះម៉ាយសិន បើយកតែលុយពាក់មុខមិនគប្បីជាស្ត្រីខ្មែរទេ ។ ចំពោះលោកតាំង សារ៉ា ដែលជាប់ចោទលួចរៀបការប្រពន្ធថ្មី កោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺបានទេ ៕
ចែករំលែកព័តមាននេះ