រាជធានីភ្នំពេញ ៖ ស្ត្រីជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី ឆបោ.កទៅលើទឹកប្រាក់ប្រមាណ ១៣ ១៤០ ដុល្លារអាមេរិក ដែលជនរងគ្រោះបានកុម្ម៉ង់ទិញបាច់ផ្កា តែជាងមួយម៉ឺនដុល្លារនោះ ដូចយកទៅទិញខ្យល់អ៊ីចឹង។
ស្ត្រីជាជនសង្ស័យខាងលើនេះ មានឈ្មោះ ZHANG WANMIN អាយុ៤៣ឆ្នាំ មុខរបរលក់ផ្កា ស្នាក់នៅផ្ទះលេខ១៨៩ មហាវិថិព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ហើយអង្គហេតុនៃការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ YIN QINGQING ជាជនជាតិចិនដូចគ្នា បានឆាតទាក់ទងតាមទូរស័ព្ទទៅជនសង្ស័យឈ្មោះ ZHANG WANMIN ដើម្បីកុម្ម៉ង់ឲ្យធ្វើបាច់ផ្កាយកទៅលក់ គិតជាទឹកប្រាក់ប្រមាណ ១៣ ១៤០ ដុល្លារអាមេរិក ទាំងថ្លៃឈ្នួលដឹកជញ្ជូនផងដែរ។
ក្រោយពេលនិយាយត្រូវរ៉ូវគ្នាហើយ ជនរងគ្រោះក៏បានវេរលុយគ្រប់ចំនួនតាមរយៈធនាគារចិនយីហោ «WANG ONE» ឲ្យទៅជនសង្ស័យ ដោយសន្យាយកបាច់ផ្កានៅវេលាម៉ោង១២ព្រឹក ថ្ងៃទី២០ ខែឧសភា រយៈពេលគឺរំលង១ថ្ងៃ។ លុះដល់ម៉ោងកំណត់អត់ឃើញជនសង្ស័យយកបាច់ផ្កាទៅឲ្យជនរងគ្រោះជាម្ចាស់ទេ «ហាក់បីដូចជាដាក់លុយទិញខ្យល់» ហើយជនរងគ្រោះបានព្យាយាមទាក់ទង ដើម្បីជួបដោះស្រាយគ្នាបញ្ហាលុយកក់នោះ តែជនសង្ស័យមានចេតនាគេចវេស ទើបត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់តែម្តង។

នៅចំពោះសមត្ថកិច្ច និងដំណាក់កាលស្ថាប័នអយ្យការបើកការស៊ើបសួរ ជនសង្ស័យសារភាពថា «ខ្លួនពិតជាបានទទួលយកលុយ ១៣ ១៤០ ដុល្លារអាមេរិកពីជនរងគ្រោះនោះមែន តាមរយៈធនាគារចិន តែលុយនោះពេលខ្លួនបើកយកទៅទុកនៅផ្ទះក៏បាត់អស់ទៅ ដូច្នោះបានជាទាល់ច្រករកការដោះស្រាយជាមួយដើមបណ្តឹងមិនទាន់ ទើបត្រូវម្ចាស់ប្រាក់គេប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង»។ ដែលនេះ គ្រាន់តែជាចម្លើយដោះសាររបស់ជនសង្ស័យនោះទេ តែបើតាមគេដឹង លុយនោះអាចធ្លាក់ចូលក្នុងកុងកាស៊ីណូបាត់ទាំងយប់។

ប៉ុន្តែពេលនេះ បើគ្មានប្រាក់សងទៅដើមបណ្តឹង ឬតម្កល់ ដើម្បីធានាគារខ្លួនទេ កុំសង្ឃឹមថាបានទៅផ្ទះវិញ ប្រាកដជាដេកក្នុងពន្ធនាគារជាក់ជាមិនខានឡើយ៕
ចែករំលែកព័តមាននេះ