ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក បដិសេធមិនលក់យន្តហោះចម្បាំង F-35 ដោយសារវាទំនើប​ពេក​សម្រាប់​ថៃ

10 ខែ មុន

ទីក្រុងវ៉ាស៊ីនតោនបានច្រានចោលសំណើរបស់កងទ័ពអាកាសថៃ (RTAF) ក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន ២គ្រឿង ក្រោមហេតុផលថា ប្រទេសថៃមិនទាន់ត្រៀមខ្លួនជាមួយនឹងយន្តហោះទំនើបបែបនេះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The…

ទីក្រុងវ៉ាស៊ីនតោនបានច្រានចោលសំណើរបស់កងទ័ពអាកាសថៃ (RTAF) ក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន ២គ្រឿង ក្រោមហេតុផលថា ប្រទេសថៃមិនទាន់ត្រៀមខ្លួនជាមួយនឹងយន្តហោះទំនើបបែបនេះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូតអាមេរិកលោក Robert F Godec បានជួបជាមួយមេបញ្ជាការថៃ លោក Alongkorn Wannarot កាលពីសប្តាហ៍មុន ដើម្បីប្រាប់ដោយផ្ទាល់ពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Robert F Godec បាននិយាយថា RTAF មិនមានគ្រឿងបរិក្ខារ ឬសន្តិសុខគ្រប់គ្រាន់ ដើម្បីផ្ទុកយន្តហោះចម្បាំង F-35 នោះទេ។ ប៉ុន្តែការបដិសេធនេះត្រូវបានគេយល់ថា គឺដោយសារតែរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden គិតថាទីក្រុងបាងកក កំពុងងាកទៅរកទីក្រុងប៉េកាំងច្រើនជាង។

លោក Robert F Godec បានប្រាប់ ថៃ ថា៖«នៅពេលណាដែលប្រទេសថៃត្រៀមខ្លួនរួចរាល់ សហរដ្ឋអាមេរិកនឹងចុះកិច្ចពិភាក្សាមួយផ្សេងទៀត ស្តីពីការទិញយន្តហោះចម្បាំង F35»។ យ៉ាងណាក៏ដោយ កងទ័ពអាកាសថៃ (RTAF) នឹងមិនមានការខូចខាតពីការបដិសេធរបស់អាមេរិកនោះទេ ក្រៅពីការត្រឡប់ប្រាក់ចំនួន ៣៦៩ លានបាត ដែលខ្លួនបានដកពីថវិកាជាតិឆ្នាំ២០២៣។ វាគឺជាទឹកប្រាក់សម្រាប់ការទិញដំបូង ក្នុងករណីដែលសហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះចម្បាំង F-35 ឱ្យប្រទេសថៃ។

RTAF បាននឹងកំពុងជំរុញឱ្យមានការទិញយន្តហោះ F-35 ចំនួន ២ គ្រឿងក្នុងតម្លៃ ៧.៣៨ ពាន់លានបាត ដើម្បីជំនួសយន្តហោះចម្បាំង F-16 ចាស់របស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ លោក Alongkorn ក៏ធ្លាប់បានបង្ហើបពីឆ្នាំមុនថា ឱកាសដែលអាមេរិកយល់ព្រមលក់យន្តហោះនេះគឺមានត្រឹមតែ ៥០% ប៉ុណ្ណោះ៕