ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​តំបន់​សុវត្ថិភាព​សម្រាប់​ពពួកសត្វ​ស្លាប និង​ពពួក​ត្រី​នៅ​ក្នុង​តំបន់​រ៉ា​ម​សារ

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

លើគោក មាន​ពពួក សត្វ​ស្លាប​ជិត​១០០​ប្រភេទ ក្នុង​ទឹក​មាន​ត្រី​ជាង​១៣០​ប្រភេទ កំពុង​រស់នៅ​ក្នុង​ព្រៃ​តំបន់​រ៉ា​ម​សារ តាម​ដង​ទន្លេមេគង្គ​លើ ត្រូវ​បាន​ក្រុម​មន្ត្រី​អភិរក្ស​ផ្នែក​បរិស្ថាន រួម​ជាមួយ​សហគមន៍​បុរី​អូរ​ស្វាយ បង្កើត​តំបន់​សុវត្ថិភាព​សម្រាប់​ជា​ជម្រក ខណៈ

ខេត្តស្ទឹងត្រែង ៖ លើគោក មាន​ពពួក សត្វ​ស្លាប​ជិត​១០០​ប្រភេទ ក្នុង​ទឹក​មាន​ត្រី​ជាង​១៣០​ប្រភេទ កំពុង​រស់នៅ​ក្នុង​ព្រៃ​តំបន់​រ៉ា​ម​សារ តាម​ដង​ទន្លេមេគង្គ​លើ ត្រូវ​បាន​ក្រុម​មន្ត្រី​អភិរក្ស​ផ្នែក​បរិស្ថាន រួម​ជាមួយ​សហគមន៍​បុរី​អូរ​ស្វាយ បង្កើត​តំបន់​សុវត្ថិភាព​សម្រាប់​ជា​ជម្រក ខណៈ​តំបន់​ភូមិសាស្ត្រ​នោះ មាន​ពពួកសត្វ​ក្អែកទឹក និង​សត្វ​ស្មោញ​ជា​ច្រើន​ម៉ឺន​ក្បាល​បាន​មក​រស់នៅ​ផង​ដែរ​។

អនុប្រធាន​ការ​រិ​យា​ល័យ​អភិរក្ស​ធនធានធម្មជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង លោក ឈ​ន ឆ​ន បាន​បញ្ជាក់​ថា ឆ្នាំ​នេះ មាន​ពពួកសត្វ​ស្លាប​គ្រប់​ប្រភេទ ជា​ពិសេស​សត្វ​ក្អែកទឹក​ហើរ​ឡើង​មក​រស់នៅ​តំបន់​រ៉ា​ម​សារ​វិញ បន្ទាប់​ពី​បាត់​វត្តមាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​។

លោក​បញ្ជាក់​បន្ត​ថា ទន្ទឹម​នេះ ប្រជា​សហគមន៍​នេសាទ ដែល​មាន​មូលដ្ឋាន​រស់នៅ​តាម​តំបន់​រ៉ា​ម​សារ សូម​យកចិត្តទុកដាក់​ជួយ​អភិរក្ស​ទាំង​ត្រី​មេ​ពូជ និង​សត្វ​ស្លាប ព្រោះ​អាជ្ញាធរ និង​មន្ត្រី​ផ្នែក​បរិស្ថាន​បាន​កំណត់​ទីតាំង​ហាមឃាត់​ច្បាស់លាស់​ហើយ អ​ញ្ចឹ​ង​ទេ ខាង​ពួក​ខ្ញុំ​មាន​ផែនការ​រៀបចំ​កន្លែង​ណាមួយ ដែល​សត្វ​ស្លាប​នៅ​ច្រើន ដូច​ជា ៖ សត្វ​ត្រ​យ៉ង​កស​, សត្វ​ក្ងោក​ជាដើម​មាន​រស់ នៅ​តំបន់​រ៉ា​ម​សា អ​ញ្ចឹ​ង​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ដែន​នេះ ដែល​មាន​ចំនួន​២១​ភូមិ សូម​ឱ្យ​ចូលរួម​ធ្វើ​យ៉ាងណា​ចៀស​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ណា​ដែល​មាន​បក្សី ក៏​ដូច​ជា​សត្វ​ស្លាប​រស់នៅ ដើម្បី​កុំឱ្យ​រំខាន ដោយសារ​សូរ​សម្លេង​ក្តី សកម្មភាព​អី្វ​ៗ​ផ្សេង​ៗ​ក្តី​។

ប្រធាន​សហគមន៍​នេសាទ​បូ​រី​អូរ ស្វាយ​សែន​ជ័យ លោក​ឈឹ​ម វណ្ណ​រ៉ា បាន​បញ្ជាក់​ទៀត​ថា ជា​រឿយ​ៗ អាជ្ញាធរ​មូលដ្ឋាន​បាន​អំពាវនាវ​ឱ្យ​ប្រជា​អ្នកនេសាទ​បង្កើន​ការ​អភិរក្ស​ត្រី​មេ​ពូជ និង​សត្វ​ស្លាប​ទាំងនេះ ព្រោះ​វា​ជា​សម្បត្តិ​ធនធាន​របស់​យើង​ទាំងអស់​គ្នា ដែល​មាននៅ​ក្នុងភូមិ​-​ឃុំ​នេះ​។

លោក​បន្ត​ថា ប្រការ​នេះ បងប្អូន​ត្រូវ​ឈប់​កា​.​ប់​ព្រៃ​លិច​ទឹក ឈប់​បរបាញ់​សត្វ ឈប់​ប្រើ​ឧបករណ៍​ឆក់​ត្រី ងាក​មក​រក្សា​ទុក​ធនធាន​ទាំងនេះ សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​វិញ ទើប​យើង​រក​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ដោយ​ប្រយោល និង​មាន​ភាព​យូរអង្វែង​ផង​។

លោក ជា វុ​ទ្ធី ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​វើ​ន​សៀន បាន​លើក​ឡើង​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​យើង​បាន​យល់​ដឹង​ច្រើន​តាម​រយៈ​ការ​អប់រំ​ផ្សព្វផ្សាយ​នានា​ជា​ន្ត​បន្ទាប់ ហើយ​ពួក​គាត់​បាន​ងាក​មក​ដាំ​ដំណាំ​កសិកម្ម​ខ្លះ​លក់ដូរ​ចំណីអាហារ និង​ខ្លះ​ទៀត​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​តំបន់​រ៉ា​ម​សារ ដែល​ត្រូវ​អភិរក្ស​នេះ មាន​ផ្ទៃដី និង​ព្រៃឈើ​លិច​ទឹក​ចំនួន​១៤.៦០០​ហិ​កតា ដែល​មាន​ពពួកសត្វ​ស្លាប​រស់នៅ​៩៧​ប្រភេទ និង​ត្រី​ចំនួន​ជាង​១៣០​ប្រភេទ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ