ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ជន​បរទេស​ចែកចាយ​និងផលិត​គ្រឿង​ញៀន

14 ឆ្នាំ មុន

ក្រុង​ព្រះ​សីហនុ​​ ៖ មនុស្ស​ចំនួន​៨​នាក់​ ក្នុង​នោះ​មាន​ជន​បរទេស​៦​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ចែក​ចាយ​ និង​ផលិត​គ្រឿង​ញៀន​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ដឹក​នាំ​ដោយ​លោក​រៀម ច័ន្ទ​មុន្នី ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ និង​លោក​វរ​សេនីយ៍​ឯក​ ហេង ប៊ុន​ទី មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​​កាល​ពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់

ក្រុង​ព្រះ​សីហនុ​​ ៖ មនុស្ស​ចំនួន​៨​នាក់​ ក្នុង​នោះ​មាន​ជន​បរទេស​៦​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ចែក​ចាយ​ និង​ផលិត​គ្រឿង​ញៀន​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ដឹក​នាំ​ដោយ​លោក​រៀម ច័ន្ទ​មុន្នី ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ និង​លោក​វរ​សេនីយ៍​ឯក​ ហេង ប៊ុន​ទី មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​​កាល​ពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២ ឧសភា ​នៅ​ The Happy Bar ស្ថិត​ក្នុង​​ក្រុម​២៤ ភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះ​សីហនុ​ដែល​ជា​កន្លែង​​ផឹក​ស៊ី​ និង​ស្នាក់​នៅ​បែប​បរទេស​។

លោក​វរ​សេនីយ៍​ឯក ហេង ប៊ុន​ទី ​ឱ្យ​ដឹង​ថា ទី​តាំង​ដែលសមត្ថ​កិច្ច​បង្ក្រាប​​នេះ​មាន​ការ​ស្មុគ​ស្មាញ​ ព្រោះ​ផ្លូវ​ចូល​តូច​ចង្អៀត​ ហើយ​ជា​ទី​តាំង​របស់​ជន​បរទេស​ទៀត ប៉ុន្តែ​​ដោយ​មាន​ការ​អនុញ្ញាត​ពី​លោក​មេ​បញ្ជា​ការ​យើង​បានស៊ើប​អង្កេត​ជា​​យូរ​ទើប​នៅ​ថ្ងៃ​ទី​២ ឧសភា ឆែក​ឆេរ​ដោយ​មាន​លោក​រៀម ចន្ទ​មុន្នី ព្រះ​រាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​ជា​អ្នក​បញ្ជា​។ ក្នុង​យុទ្ធ​នា​ការ​នោះ​យើង​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៨​នាក់​ ក្នុង​នោះ​ជន​បរទេស​ចំនួន​៦​នាក់​ និង​ស្ត្រី​វៀត​ណាម​ម្នាក់​ និង​ខ្មែរ​ម្នាក់​ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេ​តាមីន ម៉ា​ទឹក​កក ថ្នាំ​ញៀន​ប្រភេទ​ហេរ៉ូ​អ៊ីន កញ្ឆាក្រៀម​ ទឹក​កញ្ឆា​សារ​ធាតុ​ផ្សំ​ថ្នាំ​ញៀន ម៉ាស៊ីន​កិន​កញ្ឆា ម៉ាស៊ីន​សម្ងួត​៣​គ្រឿង ជញ្ជីង​ថ្លឹង​៦​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត។

ជន​សង្ស័យ​ទាំង​៨​នាក់​រួម​មាន ១-​ឈ្មោះ​ ERIC JAY WEISMAN ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជន​ជាតិ​អាមេរិក, ២-​ឈ្មោះ ALEX SAIBNYI ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជន​ជាតិ​កាណាដា, ៣-​ឈ្មោះ NURIAHMETOV RASIL ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជន​ជាតិ​រុស្ស៊ី, ៤-​ឈ្មោះ PAVEL PELOGOTIN ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជន​ជាតិ​រុស្ស៊ី, ៥-​ឈ្មោះ ANDEAS BERGSTEDI ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជន​ជាតិ​ស៊ុយ​អែត, ៦-​ឈ្មោះ JOE LUDEMANN ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជន​ជាតិ​អូស្ត្រាលី (ជា​ម្ចាស់​អាហារ​ដ្ឋាន និងរង្គ​សាល​ The Happy), ៧-​ឈ្មោះ​ឃួន ស្រីមុំ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជន​ជាតិ​ខ្មែរ និង​៨-​ឈ្មោះ​គឹម ចិន្តា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជន​ជាតិ​វៀត​ណាម។

នេះ​ជា​លើក​ទី​១​ហើយ​ដែល​សមត្ថ​កិច្ច​បង្ក្រាប​បាន​ទីតាំង​ចែក​ចាយ​ និង​ផលិត​គ្រឿង​ញៀន​ដ៏​ធំ​ ដែល​ជន​ល្មើស​ជា​ជន​បរ​ទេស​ដូច​នេះ​។ ក្នុង​​​នាមជា​មេបញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត លោក​​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​បាន​ដឹង​ពី​ប្រភព​​ចែក​ចាយ​គ្រឿង​ញៀន​ សូម​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច ដើម្បី​លុប​បំបាត់​ឱ្យ​អស់​នូវ​ពាក្យ​គ្រឿង​ញៀន​ពី​ស្រទាប់​អ្នក​ញៀន​គ្រឿង​ញៀន។ រហូត​មក​ដល់​ម៉ោង​១២ ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៣ ឧសភា សមត្ថ​កិច្ច​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​​ឆែក​ឆេរ​បន្ថែម​ទៀត។ ​ជន​សង្ស័យ​ទាំង​៨​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ៕