ខេត្តស្វាយរៀង ៖ ឈ្មួញវៀតណាមដឹកទំនិញតាមរថយន្តធុនយក្សឆ្លងដែនចូលមកផ្ទេរទំនិញនៅច្រកទ្វារព្រំដែនទ្វេភាគីបុស្សមនយ៉ាងគគ្រឹកគគ្រេង ក្នុងនោះរួមមាន ៖ ខ្ទឹម.ស, ខ្ទឹមបារាំង, បន្លែ, ផ្លែឈើ, មី, គ្រឿង, សម្ភារៈសំណង់, តុ, ទូ, កៅអី, លួសភ្នែកក្រួច, ពូក និងទំនិញជាច្រើនមុខផ្សេងទៀត ធ្វើឱ្យមហាជនដាក់ការសង្ស័យថា គ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ។ រឿងរ៉ាវមហាជនរិះគន់នេះ គឺបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងផ្ទេរទំនិញ ស្ថិតនៅខាងមុខច្រកទ្វារព្រំដែនទ្វេភាគីបុស្សមន ក្នុងឃុំបុស្សមន ស្រុករំដួល។

បើតាមមហាជនរស់នៅក្នុងឃុំបុស្សមន បានលើកឡើងថា មានរថយន្តធុនយក្សប្រភេទវ៉េអង ដឹងទំនិញពីប្រទេសវៀតណាម ឆ្លងដែនចូលមកផ្ទេរទំនិញនៅខាងមុខបុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគី នៃប៉ុស្តិ៍នគបាលវរៈការពារព្រំដែនបុស្សមន ទាំងយប់ទាំងថ្ងៃ រួមមាន ៖ ខ្ទឹម.ស, ខ្ទឹមបារាំង, មើមការ៉ុត, បន្លែ, ផ្លែឈើ, ដូង, មី និងសម្ភារៈសំណង់ តុ ទូ កៅអី គ្រឿងជ័រ និងពូក ។ល។ បានផ្ទេរដាក់លើរថយន្តធុនយក្ស និងរថយន្តទួរីសដឹកឆ្ពោះទៅរាជធានីភ្នំពេញ ដោយមិនដែលមានឃើញមន្ត្រីជំនាញពាក់ព័ន្ធមកពិនិត្យនោះទេ ជាហេតុធ្វើឱ្យមហាជនមានការព្រួយបារម្ភចំពោះទំនិញបន្លែ ផ្លែឈើ គ្មានសុវត្ថិភាពដល់អ្នកបរិភោគ។ ហើយទំនិញនាំចេញទៅប្រទេសវៀតណាមវិញ គឺមានស្រូវ និងស្ករ.ស។

មហាជនបានអំពាវសុំឲ្យសមត្ថកិច្ចជំនាញ មេត្តាចុះពិនិត្យទំនិញ បន្លែ ផ្លែឈើ ដែលនាំចូលពីប្រទេសវៀតណាម ដើម្បីសុវត្ថិភាព សុខុមាភាពចំណីអាហារដល់អ្នកបរិភោគផង។

ទាក់ទិនករណីខាងលើនេះផងដែរ មិនអាចរកការបំភ្លឺពីលោកមេប៉ុស្តិ៍វរៈការពារព្រំដែនបុស្សមនបានទេ រហូតមកដល់រសៀលថ្ងៃទី២២ ខែឧសភានេះ។ ហើយអ្នកសារព័ត៌មានយើងក៏បានជួបមន្ត្រីនគរបាលប្រចាំការប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីបុស្សមនម្នាក់ ដោយនិយាយបន្ទោសថា «មកថតអី មិនមកសួរគ្នាសិន បើថតរួចហើយចាំបាច់សួរអីទៀត» បន្ទាប់មកក៏ដើរចេញទៅចូលក្នុងប៉ុស្តិ៍យាមបាត់ទៅ ដោយមិនអាចសុំការបំភ្លឺបានឡើយ។ ប៉ុន្តែបានឃើញម្ចាស់ទំនិញដើរចរចារាប់លុយទាំងបាច់ជូនលោកមន្ត្រីគ្រប់មុខសញ្ញាយ៉ាងរលូនទៅហោង… ហេ! ហេ!
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕







ចែករំលែកព័តមាននេះ