ថ្លែងនៅក្នុងថ្ងៃរំលឹកខួប ៩ឆ្នាំ នៃរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា លោកស្រីបានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថា នោះជារដ្ឋប្រហារចុងក្រោយសម្រាប់ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងការបង្ហោះតាមរយៈហ្វេសប៊ុក លោកស្រីបាននិយាយថា៖«អារម្មណ៍របស់ខ្ញុំ នៅថ្ងៃខួបរដ្ឋប្រហារឆ្នាំ២០១៤ ម្ដងនេះ គឺវាខុសពីពេលមុន»។ រំលឹកដែរថា រដ្ឋាភិបាលលោកស្រី យីងឡាក់ ត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធា ក្រោមការដឹកនាំដោយប្រមុខកងទ័ពលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។
លោកស្រី យីងឡាក់ បាននិយាយថា៖ «ប្រទេសថៃបាននិងកំពុងរស់នៅក្រោមម្លប់នៃរបបផ្តាច់ការ និងការអស់សង្ឃឹមរបស់ប្រជាជន ដែលបានជួបបញ្ហាប្រឈមខាងសង្គម និងសេដ្ឋកិច្ច»។
លោកស្រីក៏បានលើកឡើងពីលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ ដែលវាបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋមិនអាចទ្រាំជាមួយរបបគ្មានប្រជាធិបតេយ្យបានឡើយ។ នៅថ្ងៃចន្ទដដែលនេះផងដែរ គណបក្សឆ្ពោះទៅមុខ និងសម្ព័ន្ធមិត្តចំនួន ៧ របស់ពួកគេ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីវេលាម៉ោង ៤ រសៀល។ ដូច្នេះវានឹងធានាសំឡេងបានចំនួន ៣១៣ សំឡេង សម្រាប់លោក Pita Limjaroenrat ខណៈដែលគាត់នឹងត្រូវការច្រើនជាង ៣៧៦ សំឡេង ដើម្បីឈ្នះតំណែងជានាយករដ្ឋមន្ត្រីថ្មី៕
ចែករំលែកព័តមាននេះ