ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១ និងទី២ឧសភា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានចេញប្រតិបត្តិការបង្រ្កាបក្រុមអ្នកសេពគ្រឿងញៀន និងអ្នកចែកចាយថ្នាំញៀន បានជាបន្តបន្ទាប់រហូតដល់៥នាក់ក្នុងនោះក៏មានមន្ត្រីពន្ធនាគារខេត្តម្នាក់ផងដែរ ។
តាមលោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនកណ្តាលយុត្តិធម៌មានប្រសាសន៍ឱ្យដឹងថា ដោយទទួលបញ្ជាពីលោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងវិធានការទប់ស្កាត់ចរាចរណ៍គ្រឿងញៀនពីតំបន់មួយទៅតំបន់មួយ ឆ្លងកាត់តាមខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រីនួន សាមិន ស្នងការនគរបាលខេត្ត និងរូបលោកផ្ទាល់ បានយកចិត្តទុកដាក់បង្ក្រាបតាំងពីមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរហូតមកដល់ពេលនេះបានជាច្រើនករណីបញ្ជូនទៅឱ្យលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ ករណីទី១វេលាម៉ោង១១យប់ថ្ងៃទី១ ឧសភា នៅថ្នល់កែងផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ រូបលោក(ជឹម សេងហុង)បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តធ្វើការបង្រ្កាបក្រុមចែកចាយថ្នាំញៀនបានចំនួន២នាក់ គឺឈ្មោះសេង ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឈ្មោះចាន់ សុភា ហៅទីន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ ដោយដកហូតបានថ្នាំញៀនក្រាមពណ៌សប្រភេទមេតំហ្វេតាមីន ២កញ្ចប់ធំ សើ្មនឹង៧,២ក្រាម ម៉ូតូម៉ាកXRមួយគ្រឿង និងទូស័ព្ទដៃ១គ្រឿង ។
លោកស្នងការរងមានប្រសាសន៍បន្តថា រយៈពេល១០នាទីក្រោយមកនៅចំណុចថ្នល់កែងដដែលបានឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត គឺឈ្មោះផេង សុខន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្រពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន និងឈ្មោះកែវ ធារី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិពង្រ ឃុំពង្រ ស្រុកកោះសូទិន ដោយដកហូតបានថ្នាំញៀនក្រាមពណ៌ស ប្រភេទមេតំហ្វេតាមីន១កញ្ចប់ស្មើនឹង០,២ក្រាម និងថ្នាំញៀនគ្រាប់ពណ៌ផ្កាឈូកចំនួន២៥គ្រាប់ ម៉ូតូម៉ាកមីអូមួយគ្រឿង ទូរស័ព្ទដៃ ១គ្រឿង ។
ករណីទី៣វេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី២ ឧសភា នៅចំណុចសួនកុមារ ស្ថិតក្នុងភូមិ១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បង្រ្កាបអ្នកសេពគ្រឿងញៀនបានម្នាក់ឈ្មោះសុខ គឹមសាន្ត ភេទប្រុស អាយុ៤៦ឆ្នាំ ជាមន្ត្រីពន្ធនាខេត្ត មានទីលំនៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយដកហូតបានថ្នាំញៀន១កញ្ចប់តូចមានទំងន់០,៣ក្រាម ទូរស័ព្ទដៃ៣គ្រឿង វិទ្យុទាក់ទង១គ្រឿង ដំបងឆក់១ និងឧបករណ៍សេពគ្រឿងញៀន១សម្រាប់ ។
លោកវរសេនីយ៍ត្រីសោម រស់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជាក់ថា កន្លងមកនេះតាមការទទួលព័ត៌មានថាមន្ត្រីពន្ធនាគារឈ្មោះគឹមសាន្ត នេះបានយកថ្នាំញៀនទៅចែកចាយនៅក្នុងពន្ធនាគារខេត្តទៀតផង ហើយក្រោយពីទទួលបញ្ជាពីលោកស្នងការ និងលោកស្នងការរងនគរបាលខេត្ត ទើបមានវិធានការល្បួងឱ្យមកកាន់សួនកុមាររួចចាប់ខ្លួនតែម្តង ។ ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជួនទៅឱ្យលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចាត់វិធានការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ