ខេត្តតាកែវ ៖ ក្រោយពីមានពាក្យចចាមអារ៉ាមថា មានករណីជនមិនស្គាល់អត្តសញ្ញាណបានចាប់ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ កាលពីម៉ោង១២ថ្ងៃត្រង់ នៅចំណុចចម្ការស្វាយខាងកើតផ្ទះចម្ងាយ៥០ម៉ែត្រពីផ្ទះជនរងគ្រោះ ស្ថិតនៅឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ នោះ តាមពិតករណីនេះ គឺជាករណីចាប់រំលោ.ភនោះទេ មិនមែនជាករណីចាប់ក្មេងនោះឡើយ។

បើតាមយោងតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះថា ករណីប្រជាពលរដ្ឋផ្តល់ព័ត៌មានថា មានជនមិនស្គាល់អត្តសញ្ញាណចាប់ក្មេងស្រីអាយុ១១ឆ្នាំ នៅចំណុចចម្ការស្វាយខាងកើតក្រោយផ្ទះជនរងគ្រោះប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

ហើយបើតាមរបាយការណ៍ស្តីពីការស្រាវជ្រាវចំពោះពាក្យចចាមអារ៉ាមខាងលើនេះដែរថា ក្រោយពីការសាកសួរស្រាវជ្រាវ និងពិនិត្យនៅកន្លែងកើតហេតុ អាចសន្និដ្ឋានបានថា មិនមែនករណីចាប់ក្មេងស្រីនោះទេ តែនេះគឺជាករណីប៉ុនប៉ងរំលោ.ភសេពសន្ថវៈ ព្រោះក្មេងស្រីជនរងគ្រោះកំពុងរើសផ្លែស្វាយ ហើយពេលនោះជនសង្ស័យក៏មកដល់ រួចសុំផ្លែស្វាយចំនួន២ផ្លែ ហើយក៏ចាប់អោបថើប រួចនិយាយថា «ចាំពូអោយលុយ២ម៉ឺន» ប៉ុន្តែជនរងគ្រាះភ័យក៏រត់មកផ្ទះ និងបានស្រែកអោយគេជួយ រីឯជនសង្ស័យវិញក៏រត់ទៅព្រៃខាងជើងបាត់ទៅ។

សូមបញ្ជាក់ថា ចំពោះករណីរថយន្តមិនស្គាល់ម៉ាក ដែលចតទុកនៅក្នុងបរិវេណសាលាបឋមសិក្សាវត្តព្រះធាតុនោះ គឺមិនមានពាក់ព័ន្ធក្នុងករណីនេះទេ ព្រោះរថយន្តនៅឆ្ងាយពីកន្លែងកើតហេតុចម្ងាយប្រមាណជាង៥០០ម៉ែត្រ ហើយផ្លូវដើរចូលក៏តូចចង្អៀតទៀត ថែមទាំងមានព្រៃសងខាងច្រើនផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញា និងកសាងសំណុំរឿងតាមនីតិវិធីហើយ។


ចែករំលែកព័តមាននេះ