ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​ដឹក​ដំឡូង​មី​បង្កប់​គ្រញូង​បម្រុង​លោត​ឆត្រ​ទៅ​វៀត​ណាម​ជាប់​អន្ទាក់​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ រថយន្ត​ម៉ាក FUSO ទ្រុង​ពណ៌​ខៀវ ​គ្មាន​ស្លាក​លេខ ចំណុះ​៥​តោន ដឹក​ដំឡូង​មី​បង្កប់​ឈើ​គ្រញូង​ជា​ច្រើន​ម៉ែត្រ​គូប បាន​មក​ឈប់​នៅ​លើ​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​នៅ​ត្រង់​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់​សៀម កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​រសៀល ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១១ ដោយ​បិទ​ទ្វារ​ និង​ចាក់​សោ​ ​មិន​ឃើញ​មាន​ម្ចាស់​នោះ​ទេ

ខេត្ត​កំពង់​ចាម ៖ រថយន្ត​ម៉ាក FUSO ទ្រុង​ពណ៌​ខៀវ ​គ្មាន​ស្លាក​លេខ ចំណុះ​៥​តោន ដឹក​ដំឡូង​មី​បង្កប់​ឈើ​គ្រញូង​ជា​ច្រើន​ម៉ែត្រ​គូប បាន​មក​ឈប់​នៅ​លើ​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​នៅ​ត្រង់​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់​សៀម កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​រសៀល ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១១ ដោយ​បិទ​ទ្វារ​ និង​ចាក់​សោ​ ​មិន​ឃើញ​មាន​ម្ចាស់​នោះ​ទេ ត្រូវ​​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​ចំការ​លើ និង​ខណ្ឌ​ សហ​ការ​ជា​មួយ​នគរ​បាល​សេដ្ឋ​កិច្ច​ខេត្ត​​រឹប​អូស​យក​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង​ទន្លេ​បិទ។

លោក​ហេង ចន្ត្រា នាយ​រង​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ត្រើយ​ស្តាំ ​ឱ្យ​ដឹង​ថា កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រោម​ឱវាទ​បាន​រាយ​ការណ៍​មក​រូប​លោក​ថា បាន​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​នាវេលា​ម៉ោង​ខាង​លើ គួរ​ឱ្យ​សង្ស័យ​ដែល​ដឹក​ដំឡូង​មី​មើល​ទៅ​ឡើង​ដាប​ ហើយ​ក៏​មិន​ឃើញ​អ្នក​បើក​បរ​សោះ ដែល​ទំនង​ជា​ខូច​ទៅ​មុខ​មិន​រួច។ លុះ​ពេល​​ត្រួត​ពិនិត្យ​​ឃើញ​សុទ្ធ​តែ​​ឈើ​គ្រញូង​​បង្កប់​ខាង​ក្រោម ដោយ​ដាក់​ដំឡូង​មី​ខាង​លើ​តែ​បន្តិច​ប៉ុណ្ណោះ។

លោក​នាយ​រង​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​​ត្រើយ​ស្តាំ​បាន​បន្ត​ថា លោក​បាន​រាយ​ការណ៍​ទៅ​លោក​ប្រាក់ ណូម៉ា នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ស្តីទី​កំពង់​ចាម​ ទើប​ចាត់​ឱ្យ​មន្ត្រី​​ក្រោម​ឱវាទ​ចុះ​មក​ត្រួត​ពិនិត្យ​​​ឃើញ​មាន​បង្កប់​ឃើញ​គ្រញូង​មែន ក៏​បញ្ជា​ឱ្យ​នាំ​រថយន្ត​នេះ​​មក​កាន់​ទី​ស្នាក់​ការ។ ប៉ុន្តែ​ពុំ​អាច​បើក​យក​រថយន្ត​​មក​បាន​ទេ ព្រោះ​រថយន្ត​ជាប់​សោ។ ឃើញ​បែប​នេះ ទើប​មាន​ការ​ហៅ​​ជាង​មក​ធ្វើ​ទម្រាំ​តែ​រួច​រាល់​រហូត​ដល់​ម៉ោង​៨​យប់ ដោយ​សារ​តែ​ដាច់​ខ្សែ​ភ្លើង។ ទោះ​បី​ជា​បែប​ណា រថយន្ត​ត្រូវ​បាន​បើក​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ដូច​បំណង។ លុះ​ដល់​ថ្ងៃ​ទី​៣ ឧសភា ទើប​បាន​បើក​យក​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង​ទន្លេបិទ ដើម្បី​ធ្វើ​ការ​វាស់​វែង​ដោយ​មាន​លោក​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ចូល​រួម​ផង​ដែរ។ បើ​តាម​ការ​ម៉ាន់​ស្មាន​​ឈើ​គ្រញូ​​ទាំង​នោះ​មិន​តិច​ជាង​១៥​ម៉ែត្រ​គូប​ទេ មាន​តម្លៃ​រាប់​សែន​ដុល្លារ។ គេ​មិន​ដឹង​ថា រថយន្ត​ដឹក​ដំឡូង​មី​ដែល​មាន​បង្កប់​ឈើ​គ្រញូង​ខាង​លើ​នេះ​ជា​របស់​អ្នក​ណា​នោះ​ទេ ព្រោះ​មិន​ទាន់​មាន​នរណា​ម្នាក់​ចេញ​មុខ​មក​អះ​អាង​​ថា​ជា​របស់​ខ្លួន​​នៅ​ឡើយ។

តាម​ប្រភព​ពី​សមត្ថ​កិច្ច​មួយ​រូប​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​ឈើ​គ្រញូង​ខាង​លើ​នេះ​បាន​បើក​ចេញ​មក​ពី​ខេត្ត​កំពង់​ធំ ក្នុង​គោល​បំណង​យក​ទៅ​លក់​នៅ​ព្រំ​ដែន​វៀត​ណាម។ ក្នុង​ខណៈ​ពេល​ដែល​បើក​មក​ជិត​ដល់​ត្រង់​រង្វង់​មូល​​ បាន​ឈប់​ចត​​នៅ​ក្នុង​ដីឡូត៍​របស់​អ្នក​ភូមិ​មួយ​កន្លែង ហើយ​ឮថា ដាច់​ខ្សែ​ភ្លើង​ទើប​​ត្រូវ​បាន​អ្នក​បើក​​រថយន្ត​ចាក់​សោ​ទ្វារ​ទុក​ចោល​នា​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១១។ បន្ទាប់​មក​ត្រូវ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​នគរ​បាល​សេដ្ឋ​កិច្ច​ខេត្ត​​សង្ស័យ​ទៅ​ពិនិត្យ​ និង​រឹប​អូស​យក​មក​រក្សា​ទុក​នៅ​ឃ្លាំង​ទន្លេ​បិទ៕