ខេត្តស្ទឹងត្រែង ៖ ស្រី្តជាម្តាយមានឈ្មោះ អ៊ុំ អ៊ៀង អាយុប្រមាណ៤០ឆ្នាំ និងប្តីឈ្មោះ ឃុត សំអឿន បានស្រែកទ្រហោយំរហូតស្លុតស្មារតី ស្ទើតែផុតដង្ហើមស្លា.ប់ ដោយសារតែកូនស្រីជាទីស្រឡាញ់បានចាកចេញពីខ្លួនមិនបានមួយម៉ោងផង ស្រាប់តែទទួលដំណឹងថា ស្លា.ប់ក្នុងករណីលង់ទឹកទន្លេមេគង្អបាត់ទៅហើយ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចកេងកក កំពង់ទឹកទន្លេមេគង្គ ស្ថិតនៅក្នុងភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងស្ថានភាពដ៏សោកសៅខាងលើនេះ លោកស្រី អ៊ុំ អ៊ៀង អាយុ៣៨ឆ្នាំ ត្រូវជាម្តាយបានស្រែកដង្ហើយហៅកូនស្រីកូនថា «កូនក្រោកឡើង បើកូនមិនក្រោកទេ កូនត្រូវឃ្លាតចាក់ពីទ្រូងម្តាយជាទីស្រឡាញ់ជារៀងរហូតហើយចាប់ពីពេលនេះទៅ»។

ស្ថិតក្រោមដំណក់ទឹកភ្នែកហូរស្រក់កាត់លើផែនថ្ពាល់ ម្តាយក្មេងស្រីរងគ្រោះបានបញ្ជាក់ថា កូនស្រីរបស់គាត់ ទី១- ឈ្មោះ សុទ្ធ ផាន់នេត អាយុ១២ឆ្នាំ និងទី២- ឈ្មោះ សុទ្ធ ផាន់នឿន អាយុ៦ឆ្នាំ។ ក្រោយពីបរិភោគបាយជុំគ្នាហើយ កូនទាំងពីរក៏មកសុំម្តាយទៅរាវរកខ្ចៅនៅចំណុចកេងកក កំពង់ទឹកទន្លេមេគង្គ ស្ថិតក្នុងភូមិវាលខ្សាច់ គ្រាន់បានយកមកធ្វើម្ហូបនៅពេលបាយល្ងាច ព្រោះកូនបរិភោគទឹកត្រីដាក់ម្ទេស អំពិលរាល់ពេលពេក មិនឆ្ងាញ់ទេ ហើយក៏គ្មានកម្លាំងស៊ីឈ្មួលធ្វើការឱ្យគេដែរ។

ម្តាយក្មេងស្រីរងគ្រោះ បានបញ្ជាក់បន្តថា ក្រោយឮសម្ដីកូនបែបនេះ ស្ត្រីជាម្តាយក៏ឱ្យកូនស្រីទាំងពីរនាក់ទៅរកខ្ចៅ លៀស ជាមួយនឹងក្មេងប្រុសធំៗប្រមាណ២ទៅ៣នាក់ទៀត ព្រោះបានគិតក្នុងចិត្តថា «មានគ្នាទៅជាមួយ មានសុវត្ថិភាពហើយមិនអីទេ»។ តែមិនបានមួយម៉ោងផងស្រាប់តែអ្នកទៅជាមួយរត់មកប្រាប់ថា «កូនលង់ទឹកស្លា.ប់ហើយ» ដែលធ្វើឱ្យឱពុក និងម្តាយ ស្លុតចិត្តស្ទើរក្លាយខ្លួនទៅជាមនុស្សឆ្កួតភ្លាមៗមួយរំពេច។

ចំណែកលោក ចាន់ ដាំ ជំទប់ទី១ ឃុំថាឡាបរិវ៉ាត់ បានបញ្ជាក់ដែរថា នេះជាការសោកស្តាយជាទីបំផុត ហើយក៏គ្មានគ្រួសារណាមួយចង់ឱ្យមានគ្រោះថ្នាក់បែបនេះដែរ តែនេះជាកត្តាជីវភាពខ្សត់ខ្សោយ។ ហើយគ្រួសារមួយនេះ បាននាំប្រពន្ធនិងកូនមកពីភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មកស៊ីឈ្មួលដាំដំឡូងឱ្យថៅកែឈ្មោះធី នៅចំណុចអូរពោន រវាងភូមិវាលខ្សាច់ និងភូមិចំធំ គ្រាន់បានប្រាក់ដោះស្រាយជីវភាព តែជាអកុសលក៏បានជួបរឿងសោកសៅបែបនេះតែម្តង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏បានបញ្ជាក់ថា នេះជាការធ្វេសប្រហែសរបស់ឪពុកម្តាយ ព្រោះមិនត្រូវបណ្តែតបណ្តោយឱ្យកូនតូចៗទៅរកខ្ចៅ ខ្ចង លៀស ឬគ្រំបែបនេះទេ។ ហើយក្នុងករណីនេះដែរ ក្រោយពីរកឃើញស.ព សមត្ថកិច្ចនគរបាលក៏បានធ្វើកោសល្យវិច្ច័យពិនិត្យត្រឹមត្រូវបញ្ជាក់ពីភាពលង់ទឹកពិតប្រាកដ និងប្រគល់ស.ពទៅឱ្យក្រុមគ្រួសារយកទៅតម្កល់នៅវត្តស្រែឬស្សី ឃុំស្រែឬស្សី ដើម្បីធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ផងដែរថា ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ សាខាកាកបាទក្រហមខេត្ត និងសប្បុរសជននានាក្នុងខេត្ត បាននាំយកគ្រឿងបរិភោគឧបភោគ សម្ភារៈ និងថវិកាជិត២លានរៀលចូលរួមពិធីបុណ្យស.ព ដើម្បីចែករំលែកទុក្ខ និងភាពលំបាកនេះផងដែរ៕
ចែករំលែកព័តមាននេះ