ខេត្តកណ្តាល ៖ ជនជាប់ពាក់ព័ន្ធចែកចាយថ្នាំញៀនពីរនាក់ប្តីប្រពន្ធត្រូវសមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌស្រុកកៀនស្វាយដែលដឹកនាំដោយលោកកឹម រតនា អធិការរងនគរបាលស្រុកបានចាប់ខ្លួនកាលពីថ្ងៃទី២ ឧសភា នៅចំណុចឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ដោយដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១១កញ្ចប់ ។
តាមព័ត៌មានពីលោកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ បានមានប្រសាសន៍ថា ដោយមានសេចក្តីរាយការណ៍ព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានទើបសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានដាក់កម្លាំងនគរបាលជំនាញចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនាំយកមកសាកសួរ ។ លោក អធិការបានបន្តថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះឈ្មោះ សែត ច័ន្ទថា អាយុ២១ឆ្នាំ ជាប្តី និងស្ត្រីជាប្រពន្ធឈ្មោះសំរិត អានី អាយុ២២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១១កញ្ចប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធបានសារភាពថា ពួកគេពិតជាបានទិញថ្នាំញៀនពីភ្នំពេញ យកទៅលក់នៅតាមជនបទមែន។ យោងតាមចម្លើយសារភាព និងវត្ថុតាងដែលដកហូតបាន សមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនពួកគេទាំងពីរនាក់ប្តីប្រពន្ធទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ