ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១ ឧសភា កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឃាត់ដំណើរពលករខ្មែរ២៦នាក់ ដែលប្រុងឆ្លងដែនខុសច្បាប់ និងចាប់មេខ្យល់២នាក់បញ្ជូនទៅសាលាដំបូងខេត្ត។ ការចាប់ឃាត់ខ្លួននេះធ្វើឡើងនៅចំណុចភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។
លោកអនុសេនីយ៍ឯក គីម ចំរើន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឱ្យគ្រប់មេបញ្ជាការមូលដ្ឋានស្រុក ក្រុង ធ្វើការឃាត់ដំណើរពលករខ្មែរដែលមានបំណងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសសៀម និងស្រាវជ្រាវរកជនល្មើសជាមេខ្យល់។ ជាលទ្ធផលនៅវេលាម៉ោង១១យប់ ថ្ងៃ ទី១ ឧសភា ឆ្នាំ២០១១ លោកបានដឹកនាំកម្លាំងចុះធ្វើអន្តរាគមន៍ឃាត់ដំណើរពលករខ្មែរចំនួន២៦នាក់ ដែលប្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសសៀម។ ពលករទាំងនោះមកពីភូមិប្រហូត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ ជាមួយគ្នានោះក៏បានចាប់ឃាត់ខ្លួនមេខ្យល់២នាក់ម្នាក់ឈ្មោះឡេន អូន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំរំដេង ស្រុកមេសាង ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះម៉ាន់ ព្រឿង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប្រហូត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
លោកវរសេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនចំណាកស្រុកទាំង២៦នាក់ ត្រូវបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យពួកគាត់វិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។ ដោយឡែកមេខ្យល់២នាក់កម្លាំងជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ