រាជធានីភ្នំពេញ ៖ ធនាគារពិភពលោក ហៅកាត់ថា WB នៅថ្ងៃទី១៨ ឧសភា ២០២៣នេះ ព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានសន្ទុះស្វាហាប់ឆ្ពោះទៅរកការស្ដាឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម ។
របាយការណ៍នេះបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចឆ្នាំ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត៥,២ភាគរយ ។ សន្ទុះងើបឡើងវិញ ក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម ការធ្វើដំណើរ និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មាន កាលពីមុនពេលផ្ទុះកូវីដ១៩ ក្នុងនោះការមកដល់នៃភ្ញៀវទេសចរបរទេសមានការកើនឡើងខ្លាំង ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
ការសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយសារថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ នៅទូទាំងពិភពលោកផងដែរ ។
របាយការណ៍ដដែលឱ្យដឹងថា វិស័យកសិកម្មរបស់កម្ពុជាកំពុងរីកវិសាលភាពរបស់ខ្លួនដោយមានច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់កាន់តែច្រើន បន្ទាប់ពីការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។
ក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៣នេះនឹងស្ទុះឡើងដល់កម្រិត៥,៥ភាគរយ ។ យ៉ាងណាក៏ដោយការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការនៅបរទេសនឹងអាចធ្វើឱ្យផ្នែកផលិតកម្មសម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើសកលលោក អាចបង្កហានិភ័យមួយដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជាដែលមានការពឹងអាស្រ័យខ្លាំងលើទុនមកពីក្រៅសម្រាប់វិនិយោគ ។
លោកស្រី ម៉ារីយ៉ាម សាលីម នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ដើម្បីរក្សាឱ្យបាននូវដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ឱ្យកាន់តែសម្បូរបែបថែមទៀត ។
ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការពង្រីកបណ្ដាញផ្លូវគមនាគមន៍ ការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយឱ្យកាន់តែរលូនថែមទៀត ។
ធនាគារពិភពលោកព្យាករថា សម្រាប់រយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនឡើងដល់៦ភាគរយដោយមានការទ្រទ្រង់ពីសំណាក់សន្ទុះស្វាហាប់នៃការនាំចេញ និងសេវាកម្ម និងពីសំណាក់ការកើនឡើងនៃការវិនិយោគ ជាពិសេសក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជនទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់សមុទ្រ និងផ្លូវជាដើម ។
កម្ពុជាអាចជំរុញកំណើននេះបានតាមរយៈការវិនិយោគលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការធ្វើពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន៕
ចែករំលែកព័តមាននេះ