ខេត្តបាត់ដំបង ៖ តាមការកត់សម្គាល់ជារៀងរាល់ឆ្នាំ បន្ទាប់ពីកសិករច្រូតកាត់ប្រមូលផលស្រូវលក់ដូររួចរាល់ ល្បែងបញ្ជល់មាន់ត្រូវបានអ្នកញៀននឹងល្បែងនេះបង្កើតឡើងព្រោងព្រាតនៅតាមបណ្ដាស្រុកនានាដោយគ្មានច្បាប់ទម្លាប់ តែគេសង្ស័យថា អាចមានការផ្ដល់សញ្ញាភ្លើងខៀវពីសមត្ថកិច្ចមូលដ្ឋានតែម្ដង ។

ជាក់ស្ដែង នៅថ្ងៃទី០៥ ធ្នូ នេះ គេឃើញក្រុមអ្នកញៀនល្បែងជល់មាន់នេះ បានប្រមូលផ្ដុំគ្នាយ៉ាងកកកុញស្រែកហោរកញ្ជៀវយ៉ាងសប្បាយ នៅលើទីទូលហ៊ុំរបងទុកចោលមួយកន្លែង ដែលស្ថិតក្នុងភូមិឈូក ឃុំបាសាក់ ស្រុករុក្ខគិរី ។ ប៉ុន្តែមិនរំខានដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ឬអាជ្ញាធរស្រុកដាច់ស្រយាលមួយនេះឡើយ សូម្បីប៉ុនក្រចក ។
បើតាមប្រភពព័ត៌មាននៅទីនោះបានឲ្យដឹងថា សង្វៀនជល់មាន់នេះ បានបើកដំណើរការយ៉ាងសុខសាន្តអស់រយៈពេលប្រហែល០២ខែកន្លងមកហើយ ក្រោមការគ្រប់គ្រងរបស់ដង្ខៅម្នាក់ឈ្មោះផល ។

សមត្ថកិច្ចឬអាជ្ញាធរដែនដីមិនធ្លាប់ទៅរំខានសង្វៀនមាន់នោះ រីឯក្រុមអ្នកលេងល្បែងនេះ ក៏មិនរំខានសមត្ថកិច្ច ឬអាជ្ញាធរដែរ ដែលគេសង្ស័យថា សមត្ថកិច្ច និងម្ចាស់សង្វៀនអាចត្រូវដងត្រូវផ្លែគ្នា ទើបលោកដង្ខៅផល អាចបើកសង្វៀនជល់មាន់នេះរហូតមកដល់ថ្ងៃនេះ ។
កោះសន្តិភាពមិនទាន់អាចទាក់ទង លោក ឆាយ ម៉ាប់ អធិការស្រុករុក្ខគិរី ឬមន្ត្រីរដ្ឋបាលឃុំបាសាក់ ឬមន្ត្រីរដ្ឋបាលស្រុកនេះ ដើម្បីសុំការបំភ្លឺពីករណីឈ្មោះផល បើកល្បែងជល់មាន់គ្មានច្បាប់នេះបានភ្លាមៗនៅឡើយទេ នៅរសៀលថ្ងៃទី០៤ ធ្នូ នេះ ។

ប៉ុន្តែប្រភពព័ត៌មានបានលើកឡើងថា ម្ចាស់សង្វៀន និងសមត្ថកិច្ចមិនត្រូវគ្នាទេ អ្នកជល់មាន់មិនអាចស្រែកហោរកញ្ជៀវតាមអំពើចិត្តបានបែបនេះទេ ។ ប្រជាកសិករភាគច្រើនបានប្រមូលផលស្រូវរួចរាល់ហើយ ។ កសិករមួយចំនួនក៏បានលក់ដូរបានប្រាក់ដាក់ហោប៉ៅយ៉ាងសប្បាយរីករាយដែរ បើទោះជាតំលៃស្រូវចុះថោកជាងឆ្នាំទៅមិញក្ដី ។
កសិករមួយចំនួនតូច ដែលនិយមចូលចិត្តនឹងល្បែងជល់មាន់នេះ ក៏កំពុងមមារញឹកស្វះស្វែងស្កាត់ទៅរកសង្វៀនជល់មាន់ដែរ ក្រោយពីលក់ស្រូវបានប្រាក់ដាក់ហោប៉ៅ ។

បើតាមព័ត៌មាន ពេលនេះសង្វៀនជល់មាន់ ហាក់កំពុងកំរើកច្រើនទីតាំងណាស់ ខណៈសមត្ថកិច្ចដេកសម្ងំស្ងៀមឈឹង ៕
ព័ត៌មានបន្ថែមកោះសន្តិភាពមានផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ