ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​៖ សិទ្ធិ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ត្រូវ​បាន​លើកកម្ពស់​និង​ធានា​ដោយ​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា ការ​តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​អនុវត្តន៍​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ព្រមទាំង​ច្បាប់​និង​លិខិត​បទដ្ឋាន​ជា​ធរមាន ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ពេល​បំពេញការងារ កុំឱ្យ​ការ​អនុវត្ត​សេរីភាព​ប្រាសចាក​ក្រមសីលធម៌ ទៅ​រំលោភ​បំពាន​លើ​សិទ្ធិ​ឯកជន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា ការ​តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​អនុវត្តន៍​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ព្រមទាំង​ច្បាប់​និង​លិខិត​បទដ្ឋាន​ជា​ធរមាន ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ពេល​បំពេញការងារ កុំឱ្យ​ការ​អនុវត្ត​សេរីភាព​ប្រាសចាក​ក្រមសីលធម៌ ទៅ​រំលោភ​បំពាន​លើ​សិទ្ធិ​ឯកជន កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ ។

ការ​លើក​ឡើង​របស់​ឯកឧត្ដម ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ថ្លែង​បែប​នេះ ក្នុង​ឱកាស​ទិវា​អន្តរជាតិ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​រៀបចំ​ឡើង​ដោយ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) និង​អង្គការ​យូ​ណេ​ស្កូ (UNESCO) នា​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​។ ឯកឧត្ដម ទេព អ​ស្នា​រិ​ទ្ធ បាន​គូសបញ្ជាក់​ជូន​អ្នកចូលរួម​ទាំងអស់​ថា កម្ពុជា​ប្រឆាំង​និទណ្ឌភាព ហើយ​បន្ត​លើកកម្ពស់​យុត្តិធម៌ និង​សុវត្ថិភាព​សម្រាប់​ការ​អនុវត្ត​សកម្មភាព​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន ។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ទាំងនេះ​ជា​កិច្ច​ខិតខំ​ដែល​មាន​សារៈសំខាន់​ណាស់ ហើយ​ជា​អាទិភាព​ចម្បង​មួយ​របស់​ក្រសួង​ព័ត៌មាន និង​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​អាណត្តិ​មុន​ៗ បន្ត​រហូត​ដល់​អាណត្តិ​ទី​៧​នេះ ស្រប​ពេល​ដែល​ក្រសួង​បាន​បន្ត​ផ្តល់​ការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ដោះស្រាយ​ភាព​ប្រឈម​ថ្មី​ៗ ដើម្បី​ធានា​សុវត្ថិភាព និង​ការ​ការពារ​ដល់​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​។

ឯកឧត្ដម​អ្នកនាំពាក្យ​បាន​បន្ត​ថា ក្នុង​ឆ្នាំ​២០២៥​នេះ ក្រសួង​បាន​ដោះស្រាយ​បណ្តឹង​ចំពោះ​អ្នក​សារព័ត៌មាន​សរុប​ចំនួន​២៣​ករណី ពាក់ព័ន្ធ​នឹង​ការ​មិន​ប្រតិបត្តិ​តាម​ក្រមសីលធម៌ រំលោភ​លើ​ឯកជន​ភាព សិទ្ធិ​បុគ្គល​បំពាន​ច្បាប់​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ ឯកឧត្តម​បានឱ្យ​ដឹង​ទៀត​ថា ការ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ដោយ​ក្រសួង​ព័ត៌មាន​ទាំងនេះ​បាន​ផ្តល់​យុត្តិធម៌​ជូន​អ្នក​សារព័ត៌មាន និង​ភាគី​ក្នុង​រឿង ព្រមទាំង​ការពារ​អ្នកកាសែត​ពី​ការ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ ។ មិនតែប៉ុណ្ណោះ ក្រសួង​ក៏​បាន​ផ្តល់​មេធាវី​ការពារ​ក្តី​ជូន​អ្នក​សារព័ត៌មាន​ផង​ដែរ សម្រាប់​ករណី​មួយ​ចំនួន​ដែល​បាន​ឡើង​ដល់​តុលាការ​។

បើ​តាម​ឯកឧត្ដម ទេព អ​ស្នា​រិ​ទ្ធ ការ​ដាក់ចុះ​ឱ្យ​អនុវត្ត​នូវ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​វិធាន​ផ្សេង​ៗ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធានា​សណ្តាប់ធ្នាប់​សារព័ត៌មាន លើកកម្ពស់​សេរីភាព​សារព័ត៌មាន ដោយ​ភាព​ចម្រុះ គុណភាព និង​បរិ​យា​បន្ន​ស្រប​តាម​លក្ខខណ្ឌ​គុណវុឌ្ឍិ និង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ដែល​មាន​សារសំខាន់​ចាំបាច់​សម្រាប់​ការ​លើកកម្ពស់​សុវត្ថិភាព​ព័ត៌មាន​ដល់​អ្នក​ប្រើប្រាស់​។

ឯកឧត្តម​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ក៏​បាន​លើក​ឧទាហរណ៍​មួយ​ចំនួន​ដើម្បី​ជម្រាប​ជូន​អ្នកចូលរួម ក្នុង​នោះ ការ​ដាក់​ឱ្យ​អនុវត្ត​ធម្មនុញ្ញ​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន និង​លក្ខខណ្ឌ​គុណវុឌ្ឍិ​និង​វិជ្ជាជីវៈ​សារព័ត៌មាន​សម្រាប់​អ្នក​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោត​ទស្សន៍ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​លើកកម្ពស់​គុណ​តម្លៃ និង​គុណភាព​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ពង្រឹង​សណ្តាប់ធ្នាប់​សារព័ត៌មាន លើកកម្ពស់​ការ​ផ្សាយ​ព័ត៌មាន​ពិត ត្រឹមត្រូវ ដោយ​ក្រមសីលធម៌​សំដៅ​រក្សា​ជំនឿ​ចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​ប្រសិទ្ធភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ប្រពៃណី និង​បែប​ថ្មី​នៅ​កម្ពុជា​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ក៏​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល ៨​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ស្លាប់​ក្នុង​ពេល​បំពេញការងារ​ស្របច្បាប់ ប្រកបដោយ​វិជ្ជាជីវៈ ក្រមសីលធម៌​ជា​អ្នក​សារព័ត៌មាន​នោះ​ទេ​។ ប៉ុន្តែ គិត​ចាប់ពី​ឆ្នាំ​២០២៤ ដល់​ខែតុលា ឆ្នាំ​២០២៥ នេះ អតីត​អ្នក​សារព័ត៌មាន​សរុប​ចំនួន​១៤​រូប បាន​ទទួលមរណភាព​ដោយ​ជរាពាធ គ្រោះថ្នាក់​ចរាចរណ៍​, ហើយ​អ្នក​សារព័ត៌មាន​១​រូប បាន​ទទួលមរណភាព​ក្នុង​ករណី​គំនុំ​ផ្ទាល់ខ្លួន ដែល​ករណី​នេះ​ត្រូវ​បាន​ជំនុំ​ជម្រះក្តី​រួច​ហើយ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ បាន​បន្ថែម​ថា នៅ​កម្ពុជា​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៥ នេះ មាន​អ្នក​សារព័ត៌មាន​ចំនួន​៨៧៣២​នាក់ ក្នុង​នោះ ប្រមាណ​១៣% ជា​ស្ត្រី កំពុង​អនុវត្តន៍​ការងារ​របស់​ខ្លួន​ពេញលេញ ដោយ​ភាព​ស្របច្បាប់ ខណៈ​អង្គភាព​សារព័ត៌មាន ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន​១៥៥២ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​បែប​ថ្មី ។

ឯកឧត្តម​អ្នកនាំពាក្យ​ក៏​បាន​រំលេច​ជូន​អ្នកចូលរួម​ផង​ដែរ អំពី​លំហ​សេរីភាព​ក្នុង​ការ​ប្រកប​អាជីព​ជា​អ្នក​សារព័ត៌​មាននៅ​កម្ពុជា ដែល​ត្រូវ​បាន​វាយតម្លៃ​ដោយ​ផ្ទាល់​ពី​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​នេះ តាម​រយៈ​ការ​ស្ទង់​មតិ​ទូ​ទាំង​ប្រទេស​ស្តី​ពី​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ឆ្នាំ​២០២៥ ដោយ​លទ្ធផល​បាន​បង្ហាញ​ថា​អ្នក​សារព័ត៌មាន​ចំនួន​ជាង ៨៦% បាន​អះអាង​ថា​ខ្លួន​មាន​សេរីភាព​ពេញលេញ មាន​សុវត្ថិភាព គ្មាន​ការ​យាយី និង​ធ្វើការ​ក្នុង​បរិយាកាស​ងាយស្រួល​សម្រាប់​ចុះ​យក​ព័ត៌មាន ការ​សរសេរ ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ដោយ​សេរី ។

ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ក៏​បាន​ថ្លែង​ការ​អរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​សម្រាប់​ការ​ចូលរួម​ចំណែក​ក្នុង​វិស័យ​សារព័ត៌មាន និង​បាន​ថ្លែង​លើកទឹកចិត្ត​ដល់​សមាគម សង្គម​ស៊ី​វិល និង​អំពាវនាវ​ដល់​ដៃគូ តួអង្គ​ពាក់ព័ន្ធ ឱ្យ​ចូលរួម​លើកកម្ពស់​ការ​អនុវត្ត​សេរីភាព​សារព័ត៌មាន​ក្នុង​ដែន​ក្របខ័ណ្ឌ​ច្បាប់ លិខិត​បទដ្ឋាន​ជា​ធរមាន និង​ដោយ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។

ទន្ទឹម​នេះ ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​បន្ថែម​ផង​ដែរ​ឱ្យ​ភាគី​ទាំងអស់​លើក​ស្ទួយ​ភាព​ជា​ដៃគូ​ប្រកបដោយ​គុណភាព ជំរុញ​កិច្ចសហការ​ដោយ​ការ​បើក​ទូលាយ​ចិត្ត ផ្តោត​លើ​ប្រយោជន៍​រួម​ឱ្យ​បានជា​អតិបរិមា ប្រកបដោយ​តម្លាភាព ភាព​ស្មោះត្រង់ និង​ការ​ទទួលខុសត្រូវ មាន​វិជ្ជាជីវៈ​ពិតប្រាកដ ដើម្បី​រួម​គ្នា​អភិរក្ស​កេរ្តិ៍​ដំណែល​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន​និង​សោត​ទស្សន៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទាន់​សម័យកាល ប្រកបដោយ​ភាព​ធន់ និង​ភាព​ប្រកួតប្រជែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ