ខេត្តស្វាយរៀង ៖ ក្រុមចោរចំនួន២នាក់បានមកធ្វើសកម្មភាពលួចម៉ូតូ ហើយត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាដេញព័ទ្ធចាប់បានទាំង២នាក់ រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិប្រសូតិទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះម្ចាស់ម៉ូតូបានទុកម៉ូតូនៅក្នុងផ្ទះ ហើយក៏ចូលដេកមួយភ្លែត ស្រាប់តែឃើញជនសង្ស័យ២នាក់ចូលមកលួចម៉ូតូរបស់ខ្លួនតែម្តង ហើយក៏ស្រែកឆោឡោឲ្យអ្នកស្រុកជួយ។ ខណៈពេលនោះប្រជាពលរដ្ឋក៏នាំគ្នាស្រែកដេញព័ទ្ធចាប់បានជនសង្ស័យទាំង២នាក់ រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ប្រភពដដែលបន្តថា ជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើមានឈ្មោះ អ៊ូ សាខន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យទាំង២នាក់នោះ រួមមាន ៖ ទី១- ឈ្មោះ យង់ ឡាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់នៅក្រុងបាវិត មានស្រុកកំណើតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ជាអ្នកចូលលួចម៉ូតូ។ ទី២- ឈ្មោះ សោម វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់នៅក្រុងបាវិត រស់នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ជាអ្នកឌុបទម្លាក់ (ជនសង្ស័យទាំង២នាក់នេះ ជិះម៉ូតូឌុបគ្នាស្វែងរកលួចម៉ូតូអ្នកស្រុក)។
ប្រភពដដែលបន្តទៀតថា ក្រោយពីសមត្ថកិច្ចយើងទទួលបានព័ត៌មាននេះភ្លាម ក៏ដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយឃើញជនសង្ស័យចំនួន២នាក់ត្រូវប្រជាពលរដ្ឋចាប់ក្របួចជាប់ រួចប្រគល់ឲ្យសមត្ថកិច្ច។ បន្ទាប់មកសមត្ថកិច្ចក៏នាំជនសង្ស័យទាំង២នាក់នោះយកទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យក៏បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរួមគំនិតគ្នាចូលលួចយកម៉ូតូរបស់ឈ្មោះ អ៊ូ សាខន ពិតមែន គឺម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតនៅឆ្នាំ២០២៣ ពាក់ស្លាកលេខ ស្វាយរៀង1T-6794។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់ម៉ូតូវិញ ចំណែកជនសង្ស័យទាំង២នាក់ លោកអធិការនគរបាលស្រុកស្វាយទាប សុំការអនុញ្ញាតិពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីឃាត់ខ្លួនជនសង្ស័យទាំង២នាក់នាំមកកសាងសំណុំរឿង រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគបាលខេត្ត ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕

ចែករំលែកព័តមាននេះ