សូមសរសើរទឹកចិត្ត! ប្រកាសសួររកម្ចាស់លុយជាង២ពាន់ដុល្លារដែលបានបាញ់មកច្រឡំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជាទូទៅ បើមានករណីបាញ់លុយច្រឡំទៅគណនេយ្យអាក់ខោនខុសឈ្មោះ ប្រាកដណាស់ ច្បាស់ជាម្ចាស់លុយដែលបាញ់ច្រឡំនោះនឹងប្រកាសសួរ និងសុំឱ្យឈ្មោះដែលទទួលលុយបាននោះជួយផ្ទេរវិលត្រឡប់មកវិញហើយ ។ ហើយពេលខ្លះទៀត បើបុគ្គលដែលបានលុយនិងដឹងដែរ តែបែរជាសំងំដោយមិនផ្ទេរប្រាក់នោះមកម្ចាស់វិញទេ ក៏ធ្វើឱ្យរឿងក្តៅក្រហាយ ហើយជម្លោះនឹងកើតមានឡើង ។

ផ្ទុយមកវិញលើរឿងនេះ អ្វីដែលធ្វើឱ្យចាប់អារម្មណ៍ គឺបានឃើញគណនីមួយបានប្រកាសសួររក ម្ចាស់ដាក់លុយច្រឡំមកចំនួន២៦៥០ដុល្លារមកខាងគ្រួសាររបស់ខ្លួន និងឈ្មោះSOK HENG ដោយគាត់បានស្គ្រីតសតបង្ហោះប្រកាសសួររកម្ចាស់លុយតាមបណ្តាញសង្គម ហើយសុំឱ្យម្ចាស់លុយនោះមកទំនាក់ទំនងតាមលេខទូរស័ព្ទរបស់ខ្លួនវិញផង ។
យោងតាមគណនីហ្វេសបុកមួយឈ្មោះរាម មង្គល បានបង្ហោះកាលម្សិលមិញថា «ដំណឹងស្វែងរកម្ចាស់ គណនីដាក់លុយច្រឡំចូលគណនីគ្រួសារខ្ញុំចំនួន 2659$ បើបងប្អូនបានស្គាល់ឈ្មោះ SOK HENG សុំជួយប្រាប់គាត់អោយទាក់ទង់មកខ្ញុំដើម្បីទទួលយកប្រាក់នេះត្រឡប់វិញផង ។ ទំនាក់ទំនង់ 0965346655/077630534» ។

ទោះបីជាយ៉ាងណា យើងនៅមិនទាន់ដឹងថា ដំណឹងប្រកាសសួររកនេះ បានទៅដល់ម្ចាស់លុយវិញហើយឬនៅនោះទេ ។ នេះចាត់ទុកជារឿងកម្រមួយ និងសបញ្ជាក់ពីសន្តានចិត្តរបស់មនុស្សដែលមានគុណធម៌ និងសុំសរសើរពីទឹកចិត្តដែលគ្រប់គ្នាគួរតែមានគំរូតាម ។

សូមបញ្ជាក់ថា ការប្រតិបត្តិការផ្ទេរប្រាក់ ជារឿយៗត្រូវបានធ្វើតាមប្រព័ន្ធអេឡិចត្រូនិច ជាពិសេស ការផ្ទេរតាមទូរស័ព្ទ ។ ទោះបីនៅក្នុងប្រព័ន្ធផ្ទេរតាមទូរស័ព្ទ មានការសួរឲ្យអ្នកផ្ទេរបញ្ជាក់ពីចំនួនទឹកប្រាក់ដែលត្រូវផ្ទេរនិងលេខគណនីនៃអ្នកទទួល និងមានបង្ហាញពីឈ្មោះម្ចាស់គណនីនៃអ្នកទទួលក្តី តែមានពេលខ្លះ ដោយការធ្វេសប្រហែស ឬ មិនយកចិត្តទុកដាក់ក្នុងការផ្ទៀងផ្ទាត់នឹងសំណួររបស់ប្រព័ន្ទផ្ទេរតាមទូរស័ព្ទ ឬ ដោយហេតុផលនៃការមិនប៉ិនប្រសប់ក្នុងការប្រើ អ្នកផ្ទេរបែរជាចុចច្រឡំលេខគណនី រួចចុចផ្ទេរតែម្តង ដូច្នេះ សូមពិនិត្យ និងប្រុងប្រយ័ត្នឡើងវិញ ។


ចែករំលែកព័តមាននេះ