ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអភិវឌ្ឍតំបន់មិនរៀបរយ នៅតាមប្រឡាយទឹកស្អុយស្ទឹងមានជ័យ អោយក្លាយទៅជាតំបន់រៀបរយ ដោយផ្ទះសំបែងប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិស្របច្បាប់ ជាមួយនឹងការរស់នៅ ប្រកបដោយអនាម័យ និងបរិស្ថានល្អ។ នៅក្រោមស្ពានស្ទឹងមានជ័យ ក៏មានការអភិវឌ្ឍ ដោយមានទាំងសួនកុមារ និងសួនច្បារសាធារណៈ ព្រមទាំងកន្លែងបាត់ប្រាណសាធារណៈថែមទៀតផង។
ខាងលើនេះ ជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោក អញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្របខណ្ឌនៃគម្រោងហិរញ្ញប្បទានរួម រវាងសមាគម AIMF សហភាពអឺរ៉ុប រដ្ឋបាលរដ្ឋធានីប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅតាមប្រឡាយស្ទឹងមានជ័យ និងនៅសួនច្បារក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ពិធីនេះ ក៏មានការចូលរួមពីលោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការ និងលោកប៉ូ ដេវីដ រ៉េញនីញ៉េ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃរដ្ឋធានីប៉ារីសផងដែរ។
លោក នួន ផារ័ត្ន បានឲ្យដឹងថា ស្ទឹងមានជ័យ ពីដើមឡើយ ជាតំបន់មិនរៀបរយ តែក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ សូមគោលការណ៍ទៅរាជរដ្ឋាភិបាល យើងបានអភិវឌ្ឍប្រឡាយស្ទឹងមានជ័យនេះ ពីតំបន់មិនរៀបរយ មកជាតំបន់រៀបរយ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលណែនាំពីសម្ដេចតេជោ ហ៊ុន សែន បានប្រគល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតាមដងប្រឡាយនេះ ដែលធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ ដែលមានផាសុខភាព មានអនាម័យ បរិស្ថានល្អ មានផ្លូវធ្វើដំណើរងាយស្រួលផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក នួន ផារ័ត្ន បានអំពាវអោយប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណា កុំរំលោភចំណីផ្លូវថ្មើរជើង តាមដងប្រឡាយ និងកុំលក់ដូរនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភណ្ឌភាព រាជធានីភ្នំពេញ។
លោក ប៉ូ ដេវីដ រ៉េញនីញ៉េ បានលើកឡើងដែរថា លោកពិតជារីករាយជាមួយនឹងគម្រោង ដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះ ទោះបីតូចក៏ពិតមែន ប៉ុន្តែវាមានអត្ថន័យធំធេង និងជាគម្រោងគំរូ សម្រាប់យកទៅអនុវត្តទៅតាមបណ្ដាប្រទេសផ្សេងទៀត។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្របខណ្ឌនៃគម្រោងហិរញ្ញប្បទានរួម រវាងសមាគម AIMF សហភាពអឺរ៉ុប រដ្ឋបាលរដ្ឋធានីប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ រួមមាន៖ មណ្ឌលសហគមន៍ ដែលមានជាន់ផ្ទាល់ដី និងជាន់ទី១ មានបន្ទប់សិក្សារបស់កុមារ ផ្ទះបាយ ការិយាល័យ បន្ទប់ទឹក បុរស នារី និងទីធ្លា សម្រាប់ប្រជុំ រួមទាំងបន្ទប់ពិនិត្យសុខភាព។ ក្នុងនោះ ក៏មានពិធីសម្ពោធដាក់អោយប្រើប្រាស់សួនកុមារ និងសួនច្បារសាធារណៈ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ បានហាត់ប្រាណ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យផងដែរ៕









ចែករំលែកព័តមាននេះ