ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​វៀងចន្ទន៍​ចេញ​បញ្ជា ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ទំនិញ មុន​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ

1 នាទី មុន

ទីក្រុង​វៀងចន្ទន៍ ៖ អាជ្ញាធរ​ទីក្រុង​វៀងចន្ទន៍​របស់​ប្រទេស​ឡាវ បាន​ណែនាំ​ដល់​អាជីវកម្ម ទីផ្សារ អ្នកលក់​ក្នុងស្រុក និង​ហាង​លក់រាយ​ធំ​ៗ​ទាំងអស់​រក្សា​តម្លៃ​ទំនិញ​ឱ្យ​នៅ​ថេរ មុន​ពេល​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ឡាវ ឬ ភី​ម៉ៃ​ឡាវ…

ទីក្រុង​វៀងចន្ទន៍ ៖ អាជ្ញាធរ​ទីក្រុង​វៀងចន្ទន៍​របស់​ប្រទេស​ឡាវ បាន​ណែនាំ​ដល់​អាជីវកម្ម ទីផ្សារ អ្នកលក់​ក្នុងស្រុក និង​ហាង​លក់រាយ​ធំ​ៗ​ទាំងអស់​រក្សា​តម្លៃ​ទំនិញ​ឱ្យ​នៅ​ថេរ មុន​ពេល​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ឡាវ ឬ ភី​ម៉ៃ​ឡាវ (Pi Mai Lao) ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​គ្រប់គ្រង​តម្រូវការ​ថ្ងៃ​ឈប់​សម្រាក​ដែល​កំពុង​កើនឡើង​។

បើ​តាម​ប្រភព​ពី​សារព័ត៌មាន Laotian Times កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦ បាន​រាយការណ៍​ថា ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឡាវ បាន​អះអាង​ថា ខ្លួន​កំពុងធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ផ្សារ​ទំនើប​ធំ​ៗ មជ្ឈមណ្ឌល​ទំនិញ និង​ហាង​លក់រាយ ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ទំនិញ ការ​ស្តុក​ទុក និង​ការ​លក់ដូរ​មិន​ត្រឹមត្រូវ អំឡុង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ឡាវ​។

អាជ្ញាធរ​ក៏​បាន​ណែនាំ​ដល់​បណ្តា​អាជីវកម្ម​នៅ​ក្នុងស្រុក​ឱ្យ​រក្សា​តម្លៃ​ទំនិញ​ឱ្យ​នៅ​ថេរ និង​ធានា​ថា​មាន​ស្តុក​គ្រប់គ្រាន់ ពិសេស​សម្រាប់​ទំនិញ​ដែល​មាន​តម្រូវការ​ខ្ពស់ អំឡុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិ ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ រួម​មាន​ទាំង​ប្រេងឥន្ធនៈ ហ្គា​ស អង្ករដំណើប សាច់​ជ្រូក ត្រី ស៊ុត និង​ទំនិញ​នាំ​ចូល​ដែល​ប្រើប្រាស់​ជា​ទូទៅ​។

មន្ត្រី​បាន​សង្កត់ធ្ងន់​ថា ផលិតផល​ទាំងអស់​ត្រូវ​តែ​បំពេញ​តាម​ស្តង់ដា​គុណភាព​។ ទំនិញ​ផុតកំណត់ ឬ​ទំនិញ​មិន​បំពេញ​តាម​ស្តង់ដា​ត្រូវ​បាន​ហាមឃាត់ ហើយ​ទំនិញ​ទាំងអស់​ត្រូវ​តែ​ដាក់​ស្លាក​សញ្ញា​យ៉ាង​ច្បាស់​ជា​ភាសា​ឡាវ ជាមួយនឹង​តម្លៃ​បង្ហាញ​ជា​លុយ​គីប​ឡាវ​។ លើស​ពី​នេះ ក្រុម​ត្រួតពិនិត្យ​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​ទូ​ទាំង​ស្រុក​ទាំង ៩ នៃ​ទីក្រុង​វៀងចន្ទន៍ ដើម្បី​តាមដាន​ការ​អនុវត្ត​តាម ដោយ​ផ្តោត​លើ​ទីតាំង​ទិញ​ទំនិញ​ពេញ​និយម ដែល​តម្រូវការ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​។

គួរ​បញ្ជាក់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​កើតឡើង ខណៈ​ថ្លៃ​ប្រេងឥន្ធនៈ​កើនឡើង​ខ្ពស់ នៅ​តែ​បន្ត​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន និង​ទំនិញ​នាំ​ចូល ដែល​បង្កើន​សម្ពាធ​លើ​តម្លៃ​។ យោង​តាម​ការ​ជូនដំណឹង​ខាងលើ​នេះ ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ព្រំដែន នឹង​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត ដើម្បី​គ្រប់គ្រង​ការ​នាំ​ចូល​ខុសច្បាប់ និង​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ទំនិញ អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណី​ឡាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ