ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀម​នៅ​តែ​បា.ញ់ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ច្រានចោល​ព័ត៌មាន​បោះបង់​សាកសព​លើ​សមរភូមិ

14 ឆ្នាំ មុន

តាម​រយៈ​ការ​ផ្សាយ​​ពិសេស​មួយ​ឈុត​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​​កាល​ពី​យប់​​ថ្ងៃ​ទី​១ ឧសភា ​បាន​បង្ហាញពី​ការ​ជួប​ចរចា​គ្នា​រ​វាង​មេទ័ព​​លើ​សមរ​ភូមិ​នៅ​ប្រាសាទ​តា​មាន់​ធំ ទាំង​កម្ពុជា និង​សៀម ។ ​ការ​បង្ហាញ​​នោះ បាន​ធ្វើ​ឱ្យ​​មាន​ការ​​ទុក​ចិត្តថា ការ​​ឈប់​បា.ញ់​គ្នា​មួយ​ច្បាស់​ជា​បាន​កើត​​ឡើង​នៅយប់​ថ្ងៃ​ទី​១ ឧសភា ​ព្រោះ​សូរ​ស័ព្ទ​​នៃ​ការ​ជួប​និយាយ​

តាម​រយៈ​ការ​ផ្សាយ​​ពិសេស​មួយ​ឈុត​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​​កាល​ពី​យប់​​ថ្ងៃ​ទី​១ ឧសភា ​បាន​បង្ហាញពី​ការ​ជួប​ចរចា​គ្នា​រ​វាង​មេទ័ព​​លើ​សមរ​ភូមិ​នៅ​ប្រាសាទ​តា​មាន់​ធំ ទាំង​កម្ពុជា និង​សៀម ។ ​ការ​បង្ហាញ​​នោះ បាន​ធ្វើ​ឱ្យ​​មាន​ការ​​ទុក​ចិត្តថា ការ​​ឈប់​បាញ់​គ្នា​មួយ​ច្បាស់​ជា​បាន​កើត​​ឡើង​នៅយប់​ថ្ងៃ​ទី​១ ឧសភា ​ព្រោះ​សូរ​ស័ព្ទ​​នៃ​ការ​ជួប​និយាយ​គ្នា​​នោះ គឺ​មេទ័ព​កម្ពុជា លោក​វរ​សេនីយ៍​ឯក ​នាក់ វង្ស បាន​ប្រាប់​​ទៅភាគី​សៀម​យ៉ាង​ច្បាស់​ថា៖ «យប់​នេះ​សូម​កុំ​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​១​​គ្រាប់​ឱ្យ​សោះ បើ​​នៅតែ​ផ្ទុះ​​ទៀត គឺ​មិន​អាច​និយាយ​គ្នា​​បាន​ទៀត​នោះទេ» ។ ការ​ជួប​ច​រចា​នោះ​បាន​ព្រម​ព្រៀងគ្នា​​ដាក់​កងទ័ព​​ម្ខាង​២​នាក់​លើ​ប្រាសាទ​តាមាន់​ធំ ផង​ដែរ ។

ផ្ទុយ​ទៅ​វិញ ​យោង​តាម​​សេច​ក្តី​ថ្លែង​ការណ៍​​​​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​នៅវេលា​ម៉ោង​​១០​ ព្រឹក ថ្ងៃ​ទី២ ឧសភា ​បាន​ប្រកាសថា កង​យោធ​ពល​ខេមរ​ភូមិន្ទ ស្វាគមន៍​ចំពោះ​ការ​ជួប​ពិភាក្សា​ថ្នាក់​មេ​បញ្ជា​ការ​សមរ​ភូមិ​ សំដៅ​បង្កើន​ទំនុក​ចិត្ត​ដល់​ការ​ឈប់​បាញ់​គ្នា​ដោយ​ប្រសិទ្ធ​ភាព​នៅ​នឹង​កន្លែង ជា​ពិសេស​ដើម្បី​កា​រ​ពារ​សម្បត្តិ​វប្ប​ធម៌ តាម​អនុ​សញ្ញា​អន្តរ​ជាតិ​ឆ្នាំ​១៩៥៤ ស្តីពី​កិច្ច​ការ​ពារ​សម្បត្តិ​វប្ប​ធម៌​នៅ​ពេល​មាន​ជម្លោះ​អាវុធ។

កង​យោធ​ពល​ខេមរ​ភូមិន្ទ ជា​និច្ច​កាល​គោរព​លទ្ធ​ផល​នៃ​កិច្ច​ពិភាក្សា ដើម្បី​បញ្ចប់​ការ​វាយ​ប្រហារ​គ្នា​នៅ​លើ​ទីតាំង​ប្រាសាទ​ទាំង​២​របស់​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​បូរណ​ភាព​ទឹក​ដី​ស្រប​ច្បាប់​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ក៏​ប៉ុន្តែ​ទាហាន​ថៃ​មិន​បាន​គោរព​តាម​ការ​ព្រម​ព្រៀង​ឈប់​បាញ់​នេះ​ទេ នេះ​ជា​លើក​ទី​១១​ហើយ​ដែល​ទាហាន​ថៃ​រំលោភ​ការ​ឯក​ភាព​គ្នា និង​ការ​ទុក​ចិត្ត​គួរ​ឱ្យ​សោក​ស្តាយ​ជា​ទីបំផុត។

ជាក់​ស្តែង​ ចាប់​ពី​ម៉ោង​៦​​ល្ងាច ថ្ងៃ​ទី​១ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ ២០១១ ទាហាន​ថៃ​នៅ​តែ​បន្ត​ធ្វើ​ការ​បាញ់​ផ្លោង​ដោយ​អាវុធ M70 ត្បាល់​៦០​មិល្លី​ម៉ែត្រ ៨១​មិល្លី​ម៉ែត្រ បោក​គ្រាប់​បែក និង​បាញ់​កាំភ្លើង​​យន្ត​មក​លើ​ខ្សែ​ត្រៀម​ជួរ​មុខ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ នៅ​តំបន់​ប្រាសាទ​តាក្របី និង​ប្រាសាទ​តាមាន់ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​​មាន​ជ័យ។ កង​យោធ​ពល​ខេមរ​ភូមិន្ទ​នៅ​តែ​អំពាវ​នាវ​ដ៏​ទទូច​ឱ្យ​ភាគី​ថៃ​គោរព និង​អនុ​វត្ត​ការ​សន្យា​ឈប់​បាញ់​នៅ​នឹង​កន្លែង​ឱ្យ​បាន​ម៉ឺង​មាត់ ​ដើម្បី​ផល​ប្រយោជន៍​ និង​សេចក្តី​សុខ​សាន្ត​របស់​ប្រជា​ពល​​រដ្ឋ​នៃ​ប្រទេស​ទាំង​២។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​ ក៏​មាន​ការ​ប្រកាស​ច្រាន​​ចោល​ព័ត៌​មាន​មួយ​ដែល​បាន​បង្ហាញ​​ដោយ​​កាសែត​ថៃ​ ទាក់​ទិន​នឹង​ទាហាន​ស្លៀក​ពាក់​ប៉ារ៉ា​២​នាក់​ស្លាប់ ហើយ​ឃើញ​ទាហាន​ឈុត​ខ្មៅ​សៀម​អូស​ក្នុង​​ព្រៃ។ យោង​តាម​សេចក្តី​ថ្លែង​ការណ៍​បាន​ប្រកាស​ថា កង​យោធ​ពល​ខេមរ​ភូមិន្ទ សូម​ច្រាន​ចោល​​នូវ​ព័ត៌​មាន​បំពុល ដែល​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សារ​ព័ត៌​មាន​សាធា​រណៈ​​ថៃ ដែល​បំភ្លើស​ថា មាន​​សាក​សព​២​រូប ដែល​ត្រូវ​បោះ​បង់​ចោល​នៅ​លើ​សមរ​ភូមិ​ នេះ​ជា​ព័ត៌​មាន និង​រូប​ភាព​មិន​ពិត និង​ប្រឌិត ដើម្បី​ហេតុ​ផល​នយោ​បាយ​សុទ្ធ​សាធ។ យុទ្ធ​ជន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ដែល​ទទួល​រង​របួស ឬ​ពលី​ជីវិត ជានិច្ច​កាល​ត្រូវ​បាន​យក​មក​សង្គ្រោះ​ជា​បន្ទាន់ និង​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ជាតិ ដែល​ជា​កិត្តិ​យស​បំផុត​សម្រាប់​ប្រជា​ជាតិ​ខ្មែរ។ មក​ដល់​ពេល​នេះ គ្មាន​ទង់​ជាតិ​ថៃ​ណា​មួយ​ត្រូវ​បាន​ដាក់​លើ​ប្រាសាទ​តាមាន់ ឬ​ប្រាសាទ​តាក្របី​នោះ​ទេ។
កង​យោធ​ពល​ខេមរ​ភូមិ​ន្ទ​នៅ​តែ​គោរព​តាម​លទ្ធ​ផល​នៃ​កិច្ច​ពិភាក្សា​ជា​បន្ត​បន្ទាប់​កន្លង​មក និង​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺង​ម៉ាត់​តាម​គោល​ការណ៍​រាជ​រដ្ឋា​ភិបាល ក្នុង​សិទ្ធិ​ស្វ័យ​ការ​ពារ​បូរណ​ភាព​ទឹក​ដី និង​រក្សា​បាន​នូវ​ទីតាំង​ឈរ​ជើង​​លើ​តំបន់​ស្រប​ច្បាប់​របស់​ខ្លួន​បាន​យ៉ាង​រឹង​មាំ។

ជា​មួយ​គ្នា​នេះ​ដែរ​ សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២ ឧសភា របស់​ស្ថាន​ទូត​បារាំង ​ជា​ការ​​បក​ប្រែ​​ក្រៅ​ផ្លូវ​ការ​ពី​សេចក្ដីថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស និង​កិច្ចការ​អឺរ៉ុប​នៃ​ប្រទេស​បារាំង ​ស្ដី​ពី​បទ​ឈប់​បាញ់​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ​ដែល​បាន​​ធ្វើ​នៅ​ប៉ា​រី​ស ថ្ងៃ​ទី​២៩ មេសា ឆ្នាំ​​២០១១។ 

សេច​ក្តី​ប្រកាស​ព័ត៌​មាន​​មាន​ខ្លឹម​សារ​ថា៖ «ក្រោយ​​ពី​កងទ័ព​កម្ពុជា និង​ថៃ​ទើបនឹង​បាន​ឯក​ភាព​គ្នា​លើ​ការ​ឈប់​បាញ់ យើងខ្ញុំ​បាន​ទទួល​ដំណឹង​​ថា ​ការ​ប៉ះទង្គិច​គ្ន​ា​ដែល​បាន​ចាប់ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២២ ​មេ​សា ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​​ទាំង​ពីរ​បាន​កើត​ឡើងជា​ថ្មី​ដោយ​បណ្ដាល​​ឱ្យ​មាន​ជន​រង​គ្រោះ​ម្នាក់​ទៀត​។ ប្រទេស​​បារាំង​សូម​ធ្វើការ​អំពាវ​នាវ​​ជា​ថ្មី​ឱ្យ​ប្រទេស​​កម្ពុជា និង​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​អរិ​ភាព​​នេះ ហើយ​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​​ធ្វើការ​អត់​ធ្មត់ និង​មាន​ការ​ទទួលខុសត្រូវ​។ ប្រទេស​បារាំង​សុំ​ឱ្យ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​ស្រប​ទៅ​តាម​ច្បាប់​អន្ដរជាតិ។ ជា​ថ្មី​ម្ដងទៀត​ប្រទេស​បារាំង​សូម​សម្ដែង​នូវ​ការ​គាំទ្រ​ទាំងស្រុង​ចំពោះ​តួនាទី​របស់​ប្រធាន​អាស៊ាន និង​សង្ឃឹមថា​អ្នក​សង្កេតការណ៍​ឥណ្ឌូ​ណេ​ស៊ី​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ក្នុង​ការ​ដាក់​ពង្រាយ នឹង​ត្រូវ​បញ្ជូន​មក​កាន់​ព្រំដែន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ»។

នេះ​​គឺជា​សារ​ដែល​លោក​ទេស​រដ្ឋមន្ដ្រី និង​ជា​រដ្ឋ​មន្ដ្រី​ការ​បរទេស និង​កិច្ចការ​អឺរ៉ុប​នៃ​ប្រទេស​បារាំង ​បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំ​ហុង រដ្ឋមន្ដ្រី​ការ​បរទេស និង​សហប្រតិបត្ដិការ​អន្ដរ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ពុធ ទី​២៧ មេសា ឆ្នាំ​២០១១ នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស និង​កិច្ចការ​អឺរ៉ុប​។

សៀមបង្កើត​ក្រុមអ្នក​ច្បាប់​​ទប់ទល់​​​ការបក​ស្រាយ​​​របស់តុលាការ​​យុត្តិធម៌​អន្តរ​ជាតិក្រុង​ឡាអេ​

តាមកាសែតឌឹណេស្សិន​​របស់​ថៃ​​​ជាភាសា​អង់គ្លេស​​​​នៅថ្ងៃទី​២ ឧសភា ​ផ្សាយ​​ឱ្យ​ដឹង​ថា ​នាយករដ្ឋ​មន្ត្រីថៃ លោកអាប់ភីស៊ីត ​វ៉េចាជីវ៉ា ​​​ពេលនេះកំពុង​ត្រៀមលក្ខណៈ​បង្កើត​​ក្រុមអ្នក​ច្បាប់​​មួយ ដើម្បី​ទុក​ទប់​ទល់​​ដោះស្រាយ​​ជា​មួ​យ​វិធានការ​របស់​កម្ពុជា ដែលកំពុង​​ស្វះស្វែង​​រក​មធ្យោបាយ​​ឱ្យតុលាការ​​​យុត្តិធម៌​​​អន្តរជាតិ​ក្រុង​ឡាអេ ​​(ICJ) ស្រាយបំភ្លឺ​​​ពីការ​​សម្រេច​របស់​ខ្លួន​កាលពី​ឆ្នាំ​​​១៩៦២ ​ស្តីអំពី​ប្រាសាទ​​ព្រះវិហារ។​

កាសែត​ថៃ​​ដដែលបាន​​ឱ្យដឹង​ទៀត​ថា លោក​អាប់ភីស៊ីត នឹង​​​លើក​យក​​បញ្ហា​​​ស្តីពីការ​​បង្កើត​​ក្រុម​​អ្នកច្បាប់​​នេះ​មក​ពិភាក្សា​​​ក្នុងកិច្ចប្រជុំ​​គណៈ​រដ្ឋ​មន្ត្រី​​នៅថ្ងៃទី​​​៣ ឧសភា ។ អ្នក​វិភាគមួយ​ចំនួន​និយាយ​ថា បើ​ទោះបីជា​ថៃ​ខំប្រឹង​​​បង្កើត​​​ក្រុម​​អ្នក​​ច្បាប់​​នេះក៏ដោយ ក៏មិន​ឈ្នះ​កម្ពុជាដែរ ចំពោះ​​បញ្ហាប្រាសាទព្រះវិហារ ​ព្រោះតុលាការ​​យុត្តិធម៌​​អន្តរជាតិក្រុង​ឡាអេ ​​ដែលជា​តុលាការ​​ពិភព​លោក​មួយ​បានសម្រេ​ច​ថា ប្រាសាទ​ព្រះ វិហារ​​​​ និងដី​នៅជុំវិញ​​ជា​របស់​កម្ពុជា​​ដូច្នេះ​​​ថៃ​ពុំ មាន​​​សិទ្ធិ​​​ទាមទារ​យក​ហើយអះអាង​ថា ​ជា​របស់ ខ្លួន​នោះ​ទេ ។​

ជាមួយគ្នានេះ ​​ទាក់ទិននឹង​បញ្ហា​​​​​ការប៉ះទង្គិច​គ្នា​​​ដោយអាវុធ​​ជាថ្មី​​រវាងកងទ័ព​ឈ្លានពាន​​​សៀម ​និង​​កងទ័ពកម្ពុជា​នៅ​តំបន់ព្រំដែន ​ប្រភព​យោធា​​​​មួយ​បាន​ឱ្យ​​ដឹង​ថា ថៃ​​នៅតែ​បង្កើន​​កម្លាំង​ទ័ព​​នៅប្រាសាទ​​​តាក្របី​​​​ និងប្រាសាទ​​​តាមាន់ធំ ហើយមេ​បញ្ជា​ការ​​កង​ទ័ពជើងគោក​ថៃ ​ឧត្តម​សេនីយ៍​​ប្រាយុទ្ធ ​​ចាន់អ៊ូចា ​​បានបញ្ជា​​ឱ្យ​​​មាន​ការ​​ពង្រឹង​​កម្លាំង​​ទ័ពនៅ​តំបន់​​ព្រំដែន ។

ប្រទេស​​កម្ពុជា​​​កាលពីពេលថ្មីៗ​​កន្លង​មក បាន​​ដាក់​ពាក្យ​បណ្តឹង​ទៅ​​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ​ក្រុង​ឡាអេ​​ឱ្យ​​​ស្រាយបំភ្លឺ​​អំពីការ​សម្រេច​របស់​ខ្លួន​ឆ្នាំ​​១៩៦២ ​ចំពោះបញ្ហា​​​ប្រាសាទ​ព្រះវិហារ​​​ដើម្បី​សៀមបាន​​ភ្លឺភ្នែក​។​ ថ្លែងនៅ​​​ក្នុង​កម្ម​វិធី​​​មួយឈ្មោះ ​«​មាន​ការ​ជឿ​ជាក់​​​ក្នុងប្រទេស​ថៃ​ជាមួយ​នាយករដ្ឋ​មន្ត្រី​​​អាប់​ភី​ស៊ីត» កាលពី​​ថ្ងៃទី​១ ឧសភា ​កន្ល​ងមក ​​លោក​អាប់ភីស៊ីត ​​​ថ្លែង​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​​ក្រុង​ឡាអេ ​​បានទទួល​​ញត្តិ​របស់​​កម្ពុជា​រួចហើយ ប៉ុន្តែ​​​ថៃ​មិន​​​ទាន់បានទទួល​ឯកសារ​ផ្លូវការ​​ណា​មួយ​ទាក់ទិន​នឹង​​បញ្ហា​​នេះ​​នៅឡើយទេ​។​

​គេនៅ​ចាំ​បាន​ថា នៅឆ្នាំ​​​១៩៦២ តុលាការ​​យុត្តិធម៌​អន្តរជាតិ​​​បានសម្រេច​​យ៉ាង​ច្បាស់​ថា ​​ប្រាសាទ​ព្រះវិហារ​​ជារបស់​កម្ពុជាតែ​មួយគត់​ហើយ​​​ក្រោយ​​​មក​ក្រុងបាង​កក​​​អះអាង​​​​ទាំង​បំពាន​ថា ​តុលាការ​ក្រុងឡាអេ​​​បាន​សម្រេច​​​ថា ប្រាសាទ​​​ព្រះវិហារជា​របស់​កម្ពុជា​​ ចំណែកដី​​នៅ​ជុំវិញ​​​​ជា​របស់​ថៃ ។​ ​ក្នុងអំឡុងពេលនៃ​​បទ​សម្ភាសន៍​មួយជាមួយ​បណ្តាញ​​ព័ត៌មាន​​​ថៃ​កាលពីថ្ងៃទី​​​១ ឧសភា ​​កន្លង​មក ​​លោកអាប់ភីស៊ីត ​ថ្លែង​ថា ឥឡូវ​នេះ​​ថៃ​នឹង​បង្កើតក្រុម​​​អ្នក​​ច្បាប់​​​មួយដើម្បី​​ដោះស្រាយ​​​​ជា​មួយ​​​​ពាក្យ​បណ្តឹង​​​របស់​កម្ពុជា​​នៅ​តុលាការ​​អន្តរ​ជាតិ​​ក្រុងឡាអេ ។ ​សំណួរ​​សួរ​ថា ​តើលោក​​​នឹង​ពិភាក្សា​​ជាមួយ​​​​​នាយក​​រដ្ឋ​មន្ត្រី​​​កម្ពុជា​​ សម្តេច​​​តេជោ​ហ៊ុន​ សែន ​​ឬ​អត់​ចំពោះ​​​​​បញ្ហានេះ? លោក​អាប់ភីស៊ីត ​ថ្លែង​ថា ​​រូបលោក​ចាំ​ស្តាប់ពី​ទស្សនៈ​យោបល់​​របស់ក្រុម​​​អ្នកច្បាប់​​ជា​មុនសិន ។

សម្តេច​អគ្គ​មហាសេនាបតីតេជោហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​​នៃ​​ព្រះរាជាណាចក្រ​​កម្ពុជា និង​លោកអាប់ភីស៊ីត ​នឹង​អញ្ជើញ​​​​ចូលរួមកិច្ចប្រជុំ​​​កំពូល​​អាស៊ាន​​​លើកទី​១៨ ដែលនឹង​រៀបចំ​​ឡើង​នៅទីក្រុង​​ហ្សាការតា​​ រដ្ឋធានី​​ឥណ្ឌូណេស៊ី ​នៅ​ថ្ងៃ​ទី​​៧ និង​​ទី​៨ ឧសភា ​​ខាង​មុខនេះ ។ កិច្ចប្រជុំ​នេះ​​​ត្រូវ​គេរំពឹង​ថា នឹង​ផ្តោត​ជា​ពិសេស​​លើការ​ប៉ះ​ទង្គិច​​គ្នា​ដោយ​អាវុធ​ជា​ថ្មី​​រវាង​​កងទ័ពថៃ​​ និង​កង​ទ័ពកម្ពុជា​នៅតំបន់​ព្រំដែន​​ ​៕​