ខេត្តស្ទឹងត្រែង ៖ លោកស្រី វិចិត្រ នាយខណ្ឌរដ្ឋបាលជនផលស្ទឹងត្រែង បានឱ្យដឹងនាព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣ ក្រុមការងារពាក់ព័ន្ធនៃរដ្ឋបាលជលបានរួមគ្នារៀបចំពិធីដាក់ឧបករណ៍តាមដានបន្លាស់ទីរបស់ត្រី (Tag/GPS) និងលែងត្រីកំពុងរងគ្រោះថ្នាក់នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម ស្រ៊ុន លឹមសុង តំណាងដ៍ខ្ពង់ខ្ពស់របស់ឯក ឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ។
ប្រភេទត្រីដែលបានដាក់ឧបករណ៍តាមដានបន្លាស់ទីរបស់ត្រី (Tag/GPS) លើខ្លួនត្រី និងលែងត្រីទាំងនេះមានចំនួន១០០ក្បាល ក្នុងនោះមាន ត្រីគល់រាំងធំទម្ងន់៦៨គ.ក្រចំនួន០៤ក្បាល ត្រីគល់រាំងតូចទម្ងន់ចន្លោះពី១,៥-៣គ.ក្រចំនួន២៦ក្បាល និងត្រីប្រាធំទម្ងន់ចន្លោះពី២-៣,៥គ.ក្រចំនួន៧០ក្បាល។
ពិធីដាក់ឧបករណ៍តាមដានបន្លាស់ទីរបស់ត្រី (Tag/GPS) និងលែងត្រី ទាំង២ប្រភេទ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ស្របពេលរដូវបិទនេសាទបានមកដល់ ដែលមានសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្ទឹងត្រែង ដល់សាធារណជន និងអ្នកនេសាទទាំងអស់ឲ្យបាន ជ្រាបថា រដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង គឺចាប់អនុវត្តពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។
ក្នុងអំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទដោយឧបករណ៍មង គ្រប់ប្រភេទ សំដៅដើម្បីការពារត្រីមេពូជនាអំឡុងពេលបង្កកំណើតខ្ពស់នេះ។ បញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ឆក់ បំពុល និងគ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍នាំឲ្យវិនាសអន្តរាយ ដល់ធនធានជលផល និងមច្ឆជាតិ យ៉ាងធ្ងន់ធ្ងរបំផុត។ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ បងប្អូនប្រជានេសាទនៅតែអាចធ្វើការនេសាទបាន ដោយប្រើនូវ ឧបករណ៍នេសាទជាលក្ខណៈគ្រួសារដូចជា សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្កេត ចាន់ តុម ទូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត៍ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ តំបន់លែងត្រីមេពូជនេះ ជាតំបន់ផ្សោតរស់នៅ ដូចនេះប្រជានេសាទត្រូវចៀសវាងកុំធ្វើនេសាទនៅតំបន់ហាមឃាត់នេះ ព្រោះធនធានធម្មជាតិដែលយើងអភិរក្សនេះជាផលប្រយោជន៍រួមទាំងអស់គ្នា ប្រការនេះចូរប្រជានេសាទត្រូវគោរពច្បាប់ជលផល និងអនុវត្តវិធានការការពារសម្បត្តិធនធានរបស់ខ្លួននៅតំបន់នេះ។
លោកស្រី ជា សីលា អ្នកគ្រប់ គ្រងនិងសម្របសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានទទួលស្គាល់ថា៖កិច្ចសហការលែងត្រីមេពូជ ជាត្រីប្រភេទជិតផុតពូជ ដូចជាត្រីគល់រាំង និងត្រីប្រាធំនេះជាដើម ។
លោកស្រីថាត្រីទាំងនេះយើងបានភ្ជាប់ឧបករណ៍តាមដានដាក់ លើខ្លួនត្រីទៅជាមួយ ដើម្បីតាម ដានមើលការបន្លាស់ទី និងការវិវត្តន៍របស់វា តើទទួលបានការជួយថែរក្សា និងតពូជ ពងកូន ទៅតំបន់ណាខ្លះ និងឱ្យប្រជានេសាទជួយអភិរក្សដោយយកចិត្តទុកដាក់បំផុត ។
ចែករំលែកព័តមាននេះ