ខេត្តបន្ទាយមានជ័យ ៖ ទំនិញមួយចំនួនត្រូវបានឈ្មួញនាំចូលពីថៃតាមច្រករបៀង ធ្វើឲ្យអ្នកស្រុកមានចម្ងល់ថា ហេតុអ្វីគេមិននាំចូលតាមច្រកអន្តរជាតិ ឬមួយជាកាគេចវេសក្នុងការបង់ពន្ធជូនរដ្ឋ?។
ទំនិញជាច្រើនមុខ គេឃើញដឹកជញ្ជូនតាមរថយន្តតូចៗ, រ៉ឺម៉កសណ្តោង, រ៉ឺម៉កម៉ូតូកង់បី និងគោយន្តកែច្នៃជាដើម ដោយក្នុងមួយថ្ងៃៗជាច្រើនគ្រឿងឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ដើម្បីបន្តទៅគោលដៅផ្សេងៗ។

ទំនិញទាំងនេះ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ភាគច្រើនចេញពីច្រករបៀងក្នុងស្រុកអូរជ្រៅ ជាពិសេសច្រករបៀងជោគជ័យ និងច្រងរបៀងមួយចំនួនទៀត តាមបន្ទាត់ព្រំដែន។ យានយន្តដឹកទំនិញទាំងនេះ គេឃើញឆ្លងបារ៉ាស់ត្រួតពិនិត្យរបស់ក្រុមយោធា តាមចំណុចភូមិសាស្ត្រខាងលើ ទំនងចូលទៅតំបន់.ស ដើម្បីដឹកទំនិញដែលខាងឈ្មួញថៃដឹកជញ្ជូនមកឲ្យ។

ក្រៅពីទំនិញ និងផ្លែឈើ ច្រករបៀងខ្លះក៏មានរថយន្តថៃដឹកជញ្ជូនគោក្របីចូលដល់ទឹកដីខ្មែរផងដែរ។ ហើយបើតាមសាកសួរអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កទទេរចូលទៅមាត់ច្រករបៀងជោគជ័យ ស្ថិតក្នុងភូមិជោគជ័យឃុំអូរបីជាន់ និយាយថា «គាត់ទៅស៊ីឈ្នួលដឹកជញ្ជូនទំនិញឲ្យគេខាងមុខបារ៉ាស់យោធា»។

ដោយឡែកអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកទំនិញចេញពីច្រករបៀងដដែលនេះ ម្នាក់ទៀតក៏ បាននិយាយដែរថា «ខ្លួនដឹកទំនិញទាំងនេះពីថៃតាមច្រករបៀងជោគជ័យ ប្រុងយកទៅចែកចាយបន្តនៅក្រុងប៉ោយប៉ែត»។

ករណីនាំទំនិញចេញពីដីថៃតាមច្រករបៀងខាងលើនេះ កោះសន្តិភាពមិនអាចទាក់ទងមន្ត្រីជំនាញសុំការអត្ថាធិប្បាយបំភ្លឺបានទេ ខណៈការនាំចូលគោក្របីពីថៃ តាមច្រករបៀងក្នុងស្រុកអូរជ្រៅ ត្រូវមន្ត្រីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តអះអាងថា ជាការនាំចូលរបស់ក្រុមហ៊ុនស្របច្បាប់។ ដោយឡែកក្រុមយោធា ក៏និយាយថា ទំនិញនាំចូលពីថៃ តាមច្រករបៀងភាគច្រើនទឹកសុទ្ធ និងទំនិញចាប់ហួយ ឬផ្លែឈើតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រោយកម្ពុជា-ថៃបើកដំណើរការឡើងវិញនៅច្រកទ្វារអន្តរជាតិ និងតំបន់ទាំង៣ ក្នុងខេត្តបន្ទាយមានជ័យ ស្រះកែវ នោះ ទំនិញស្របច្បាប់គ្រប់ប្រភេទ សូម្បីទឹកសុទ្ធគេឃើញរថយន្តថៃបានដឹកទំនិញចូលដល់ដីខ្មែរ និងដល់តាមទីតាំងស្តុកយ៉ាងងាយស្រួលជាងមុនសម័យកូវីដ ចុះហេតុអ្វីទំនិញមួយចំនួននៅតែគេនាំចូលតាមច្រករបៀងដោយលួចលាក់? ឬមកពីការនាំចូលតាមច្រករបៀងមិនពិបាកចំណាយប្រាក់ចូលរដ្ឋ ត្រឹមចូលហោប៉ៅមន្ត្រី និងសមត្ថកិច្ចតាមបន្ទាត់ព្រំដែនចែកគ្នារស់បានយូរ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕






ចែករំលែកព័តមាននេះ