រាជធានីភ្នំពេញ ៖ ភ្ញៀវមង្គលការអត់គេអញ្ជើញម្នាក់ ដែលអ្នកស្រុកខ្លះនិយាយថា ជាជនពាលផឹកស្រវឹងមកពីខាងក្រៅ ហើយបានចូលទៅអុកឡុកពិធីមង្គលការមួយដោយបានបោកដបស្រាចូលរោងការបណ្តាលឱ្យបែកខ្ទាតត្រូវភ្ញៀវដែលទៅហូបការ និងអញ្ជើញត្រឹមត្រូវពីម្ចាស់ផ្ទះមង្គលការផងនោះ បង្កឱ្យមានទំនាស់កើតឡើងជាមួយភ្ញៀវរហូតមានការវាយតប់គ្នាមួយប្រាវ ។ ការវាយតប់តបវិញនេះបានធ្វើឱ្យជនទំនើងប្រមឹកប្រចាំភូមិម្នាក់នោះរងរបួសតិចតួច ហើយពេលនោះម្ចាស់ផ្ទះអត់បានប្តឹងពីការអុកឡុករំខានដល់ពីធីដែលធ្វើឱ្យភ្ញៀវមួយចំនួនភ័យរត់ចេញខាតចំណងដៃនោះទេ ដោយមិនចង់ឱ្យមានរឿងវែងឆ្ងាយ ។
ផ្ទុយទៅវិញជនបង្កដែលមានខ្នងបែរជាប្តឹង និងចោទប្រកាន់គេឯងគ្រប់គ្នាថា បានវាយខ្លួនឱ្យរបួស ។ មិនតែប៉ុណ្ណោះក្រោយពេលប្តឹងរួច ប៉ូលិសប៉ុស្តិ៍ចោមចៅបានកោះហៅឱ្យចូលធ្វើការដោះស្រាយ ជននោះមិនព្រមចូលខ្លួនទៅដោះស្រាយនោះទេ ដោយអាងខ្នងអង្គរក្សបានប្តឹងផ្លោះទៅតុលាការតែម្តង ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាយប់ ថ្ងៃទី២០ មេសា ឆ្នាំ២០១១ នៅក្នុងសហគមន៍បូរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះដែលមានពិធីមង្គលការកូននោះឈ្មោះ ជា ឆេងរិទ្ធិ ភេទប្រុស អាយុ៥០ឆ្នាំ ។ ចំណែកឯជនបង្កការអុកឡុកឈ្មោះលី ស៊ាងលីម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅក្នុងសហគមន៍នោះដែរ រងរបួសបែកក្បាលជាំភ្នែកដោយសារទំនាស់ជាមួយភ្ញៀវដែលមានកិត្តិយសដែលម្ចាស់មង្គលការអញ្ជើញត្រឹមត្រូវ ។
ម្ចាស់ដើមការបាននិយាយថា គាត់បានរៀបចំពិធីមង្គលការកូនដោយបានអញ្ជើញភ្ញៀវកិត្តិយសជិតឆ្ងាយទៅចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែដោយឡែកឈ្មោះលី ស៊ាងលីម នោះគាត់មិនបានអញ្ជើញឱ្យចូលរួមនោះឡើយ ។ ពេលនោះពិធីបានចាប់ផ្តើមក្នុងភាពសប្បាយរីករាយបំផុត ព្រោះជាថ្ងៃមង្គលការសិរីសួស្តីប្រចាំជីវិតកូនប្រុសស្រី ។ ប៉ុន្តែអកុសលភ្ញៀវដែលគាត់អត់បានអញ្ជើញសោះឈ្មោះលី ស៊ាងលីម ផឹកស្រាស្រវឹងមកពីណាផ្សេង ដៃកាន់ដបស្រាចូលទៅអុកឡុកគប់ដបស្រាបំបែកឱ្យខ្ទាតលើភ្ញៀវបង្កឱ្យមានជម្លោះកើតឡើងរហូតមានការវាយតប់គ្នា ។ ប៉ុន្តែគាត់ជាម្ចាស់ដើមការពុំដឹងនរណាខ្លះទេ ដែលវាយទៅលើជននោះ បណ្តាលឱ្យរបួសព្រោះគាត់ជាប់រវល់រាក់ទាក់ជាមួយភ្ញៀវដែលអញ្ជើញមក ។ ប្រភពដដែលបានបន្តទៀតថា ខណៈនោះមានភ្ញៀវមួយចំនួនភិតភ័យខ្លាំងណាស់ បានរត់ចេញទៅអស់ដោយមិនបានចងដៃ ហើយភ្ញៀវខ្លះក៏រត់ចេញទៅទាំងពុំបានហូបនៅឡើយ ធ្វើឱ្យខាតបង់ចំណងដៃ និងបានធ្វើឱ្យមង្គលសិរីសួស្តីប្រែក្លាយជាអាប់អួទៀតផង ។ ទោះបីជាបែបណា គាត់មិនបានប្តឹងពីការអុកឡុកបង្កឱ្យខាតបង់ខាងលើនោះទេ ដោយមិនចង់ឱ្យរឿងវែងឆ្ងាយ គាត់ជាអ្នករកស៊ីមិនចង់ឱ្យមានគំនុំខ្លាចគេលួចធ្វើបាប ។ ប៉ុន្តែផ្ទុយទៅវិញ បែរជាជននោះប្តឹងបង្ករឿងវែងឆ្ងាយដោយអាងខ្នងអង្គរក្សជាបងថ្លៃនៅពីក្រោយ ។
ប៉ូលិសនិយាយថា ពេលទៅប្តឹងនៅប៉ុស្តិ៍ឈ្មោះលី ស៊ាងលីម បានប្តឹងម្ចាស់ផ្ទះ ប៉ុន្តែប៉ូលិសបានពន្យល់ថា ប្តឹងម្ចាស់ផ្ទះអត់ត្រូវនោះទេ ព្រោះម្ចាស់ផ្ទះឯណាចង់ឱ្យមានរឿងកើតឡើងក្នុងពិធីមង្គលការរបស់ខ្លួននោះ ចំណែកខ្លួនឯងជាអ្នកចូលអុកឡុកគេ វាខុសទាំងស្រុង ។ ទើបពេលនោះជនខាងលើប្តឹងជនពីរនាក់ដែលដំបូងអត់ស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែដឹងថា អ្នកវាយរូបគេម្នាក់ជាអ្នកបើករថយន្តតាក់ស៊ី និងម្នាក់ទៀតជាជាងភ្លើង ហើយប្តឹងទារប្រាក់ចំនួន១.៥០០ដុល្លារ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយមកជនខាងលើបានទូរស័ព្ទប្រាប់ប៉ូលិសថា ស្គាល់អត្តសញ្ញាណអ្នកវាយហើយ ពេលនោះប៉ូលិសបានឱ្យទៅដាក់ពាក្យប្តឹងទៀត ប៉ុន្តែជននោះអត់ព្រមទៅប្តឹងទេ ។ បន្ទាប់មកប៉ូលិសបានហៅឱ្យជននោះចូលធ្វើការដោះស្រាយជាបន្តបន្ទាប់ពីរទៅបីលើក ប៉ុន្តែជននោះអត់ចូលទៅដោះស្រាយទេ ។ ប៉ុន្តែស្រាប់តែប្តឹងទៅតុលាការ ទើបប៉ូលិសប៉ុស្តិ៍បញ្ជូនសំណុំរឿងនោះទៅតាមក្រោយដែរ ។
ម្ចាស់ផ្ទះនិយាយថា មុននឹងឈានដល់ការប្តឹងប្តល់ខាងលើ ភាគីជននោះបានទាមទារធ្វើការសម្រុះសម្រួលគ្នា និងបានបង្ខំឱ្យគាត់ចូលទៅដោះស្រាយគ្នានៅឯបន្ទាយអង្គរក្សទៅវិញ ។ ដោយពេលនោះគាត់មិនព្រមទៅ ទើបមានប្តឹងប្តល់ទៅដល់តុលាការ ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី២៧ មេសា កន្លងមកនេះ តុលាការរាជធានីភ្នំពេញ លោកជា ម៉េត ព្រះរាជអាជ្ញារងបានកោះហៅគាត់ទៅសាកសួរបំភ្លឺ និងបានចោទប្រកាន់ថា គាត់បញ្ជាឱ្យវាយ និងមានអាវុធទៀតផង ហាក់បីដូចជាមកគំរាមម្ចាស់ដើមការទៅវិញ។ បើមន្ត្រីនៅសាលាដំបូងម្នាក់ធ្វើបែបនេះ គឺជាភាពអយុត្តិធម៌ខ្លាំងណាស់សម្រាប់គាត់ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមានរវល់ការកូនចៅ ហើយត្រូវជនពាលប្រមឹកអុកឡុកបង្ករឿង ហើយបែរជាត្រូវគេប្តឹងទៀត ។
ប៉ូលិសនិយាយថា បើតាមច្បាប់ត្រូវចាប់អ្នកអុកឡុកវ៉ៃខ្នោះបញ្ជូនមកសាលាដំបូង ទើបយុត្តិធម៌។ ប៉ុន្តែប៉ូលិសនិយាយអួតអត់ប្រយោជន៍។ ប៉ូលិសប៉ុស្តិ៍ម្នាក់និយាយថា ជនពាលប្រមឹកនេះមានខ្នងដែលមានម្នាក់ឈ្មោះរ៉េត ពាក់ស័ក្តិធំធ្វើអង្គរក្ស និងម្នាក់ទៀតឈ្មោះវណ្ណា ជាបងថ្លៃធ្វើអង្គរក្សដែរ បានជាប៉ូលិសមិនហ៊ានចាប់ ។ អង្គរក្សទាំង២នាក់នេះ បានបញ្ជាឱ្យជនពាលនេះប្តឹងមកសាលាដំបូងរាជធានីភ្នំពេញ ថែមទៀត ក្រែងលោបានសំណងខ្លះគ្រាន់ចែកគ្នាចាយ ។
កោះសន្តិភាពកំពុងស្រាវជ្រាវនៅឡើយ តើខ្នងទាំង២នាក់នេះ ជាអង្គរក្សពិតប្រាកដ ឬក៏ក្លែងបន្លំ មិនទាន់ដឹងច្បាស់នៅឡើយទេ ។ ពិត ឬក្លែងបន្លំ យើងនិងចេញផ្សាយនៅពេលក្រោយទៀត បន្ទាប់ពីស្គាល់ច្បាស់ តើខ្នងនេះធ្វើអង្គរក្សនៅឯណា ។ ក្រុមអ្នកតាមដាននិយាយថា សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកជីវ កេង ជាប្រធាន ប្រាកដជាមានយុត្តិធម៌មិនខាន ។ សង្ឃឹមថា អ្នកប្រមឹកជាជនពាល និងជាដើមបណ្តឹងដែលអុកឡុករោងការនោះស្រួលមិនស្រួលមានទោសវិញមិនខាន ដើម្បីឱ្យរាងចាល ព្រោះប៉ូលិសមិនហ៊ានចាប់ ឯម្ចាស់មង្គលការមិនហ៊ានប្តឹង ។ មិនមែនអ្នកខូចរត់មកប្តឹង បែរជាបានឈ្នះនោះទេ បើឧបមាជនពាលអុកឡុករោងការបានឈ្នះមែន ៥អ្នកស្រុកជាយក្រុងសើចរយះមាត់មិនខាន៕
ចែករំលែកព័តមាននេះ