ខេត្តក្រចេះ ៖ ស្នូរកាំភ្លើងបន្លឺឡើងជាច្រើនគ្រាប់នាវេលាយប់នៅចំណុចព្រំដែនដែលគេសង្ស័យថា ជាអំពើរប្លន់មួយ តែតាមពិត ការផ្ទុះអាវុធនេះបណ្ដាលមកពីរឿងកាក់រថយន្តទារលុយពីសំណាក់មន្ដ្រីប៉ូលិសអន្តោប្រវេសន៍នៅពេលសង្ស័យថា រថយន្ដមួយគ្រឿងនេះមានដឹកឈើប្រណីត ហើយជំរិតទារលុយមិនបាន ។
ហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់ផ្អើលអស់អ្នកស្រុក និងសមត្ថកិច្ចផ្សេងទៀតនាពេលរាត្រីនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១ ឧសភា នៅចំណុចទួលត្រសេក ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូលដោយខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា មានឋានន្តរស័ក្តិអនុសេនីយ៍ឯកឈ្មោះបេ ប៊ុនណ្ណារី ជាមន្ដ្រីប៉ូលិសអន្ដោប្រវេសន៍នៅក្រុមចល័តប្រចាំច្រកទ្វាអន្ដរជាតិត្រពាំងស្រែ រីឯម្ចាស់រថយន្ដ និងជាអ្នកបើកបរឈ្មោះសៀវ ប៉ូលីន មានទីលំនៅក្នុងភូមិខាងលើ។
អ្នកឃើញហេតុការណ៍ផ្ទុះអាវុធដេញបាញ់រថយន្ដនេះ ត្រូវបានពួកគាត់ចាត់ទុកថា ដូចជាខ្សែភាពយន្តហុងកុង ដោយក្រុមខ្មាន់កាំភ្លើងរត់តាមដេញបាញ់រថយន្ដ ។ ទោះជាយ៉ាងណា ហេតុការណ៍ផ្ទុះអាវុធយ៉ាងហោចណាស់ចំនួន៥គ្រាប់ផ្ទួនៗពីសំណាក់មន្ត្រីប៉ូលិសដៃឆៅទៅលើរថយន្ដកាមរីឆ្លាមស៊េរីឆ្នាំ១៩៩៨ ពណ៌ស្ករ ពុំមានស្លាកលេខពុំបានបណ្ដាលឱ្យនរណាម្នាក់រងរបួសទេ ទោះបីជានៅក្នុងរថយន្ដមានមនុស្សពីរនាក់ប្ដីប្រពន្ធជិះក៏ដោយ គឺគ្រាន់តែត្រូវចំគូទរថយន្ដពីក្រោមចំនួន១គ្រាប់ប៉ុណ្ណោះ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅយប់ថ្ងៃទី១ ឧសភា នោះមន្ដ្រីប៉ូលិសអន្ដោប្រវេសន៍រូបនេះ បានជិះម៉ូតូមានគ្នាបីនាក់ មកឈប់មុខផ្ទះម្ចាស់រថយន្ដខាងលើ ខណៈម្ចាស់ផ្ទះទាំងពីរនាក់ប្ដីប្រពន្ធបម្រុងបើករថយន្ដចេញពីផ្ទះមកកាន់ស្រុកស្នួល ដោយមន្ដ្រីប៉ូលិសរូបនោះបានគំរាមចោទប្រកាន់ថា ក្នុងរថយន្ដមានដឹកបទល្មើសហើយត្រូវបង់លុយឱ្យពួកគេចំនួន៥ពាន់ដុល្លារ ទើបគេអនុញ្ញាតបើករថយន្តចេញ បើមិនដូច្នេះទេគេនឹងបាញ់ ។ ក្រោយពីមន្ដ្រីប៉ូលិសរូបនេះប្រើពាក្យគំរាមរួចម្ចាស់រថយន្តដែលដឹងថាខ្លួនគ្មានកំហុសអ្វីនោះនៅតែបើករថយន្ដចេញ ភ្លាមនោះមន្ដ្រីប៉ូលិសដៃឆៅរូបនេះបានបាញ់សំដៅរថយន្ដចំនួន២គ្រាប់ និងរត់តាមបាញ់ពីក្រោយ៣គ្រាប់បន្ថែមទៀតសរុបទាំងអស់៥គ្រាប់ តែផ្ទុះ៤គ្រាប់ដោយមួយគ្រាប់ត្រូវចំរថយន្ដពីក្រោយ ហើយសំណាងល្អមិនត្រូវអ្នកជិះក្នុងរថយន្ត ។ បន្ទាប់ពីមានហេតុការណ៍កើតឡើងរថយន្ដមួួយគ្រឿងនេះបានឈប់នៅកណ្ដាលផ្លូវ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឆែកឆេរ គឺមិនមានឃើញបទល្មើសអ្វីនៅក្នុងរថយន្ដដូចការចោទប្រកាន់នោះទេ ។
គេមិនបានដឹងថា មន្ដ្រីប៉ូលិសអន្ដោប្រវេសន៍ដែលជាខ្មាន់កាំភ្លើងដៃឆៅរូបនេះបានប្រើប្រាស់កាំភ្លើងម៉ាកអ្វីនៅក្នុងសកម្មភាពបាញ់ប្រហាររបស់គេនោះទេ តែនៅកន្លែងកើតហេតុសមត្ថកិច្ចប្រទះឃើញសំបកគ្រាប់ម៉ាកឡុក ហើយគេសង្ស័យថា កាំភ្លើងដែលបានធ្វើការបាញ់បោះនោះជាប្រភេទឡុក។ ប្រភពព័ត៌មានផ្សេងទៀតបានឱ្យដឹងថា កន្លងមកគេឃើញមន្ដ្រីប៉ូលិសរូបនេះឧស្សាហ៍បង្កបញ្ហាជាច្រើនលើកច្រើនសាក្នុងរូបភាពបាញ់បោះសេរីធ្វើឱ្យអ្នកស្រុកមានការភ័យព្រួយ ប៉ុន្តែគេក៏មិនទាន់ឃើញថ្នាក់លើរបស់មន្ត្រីប៉ូលិសរូបនេះមានចំណាត់ការយ៉ាងណានៅឡើយទេ ។ ប្រជាពលរដ្ឋសង្ឃឹមថា លើកនេះថ្នាក់លើ អាចមានចំណាត់ការយ៉ាងណាមួយទៅលើមន្ត្រីប៉ូលិសដែលល្មោភខាងបាញ់ឆៅរូបនេះឱ្យស្របទៅតាមទង្វើរបស់គេជាមិនខាន ៕
ចែករំលែកព័តមាននេះ