ខេត្តក្រចេះ ៖ យុវជនម្នាក់ត្រូវបាននគរបាលក្រុងក្រចេះ តាមក្របួចជាប់ ខណៈពេលដែលជនដៃឆើតរូបនេះ បានលួចកាច់សោ.កម៉ូតូស៊េរីទំនើបមួយគ្រឿងដែលម្ចាស់ទុកចោលនៅខាងមុខផ្ទះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ឧសភា ក្នុងភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ។ ជនដែលជាប់ចោទពីបទចោរកម្មរូបនេះឈ្មោះចាយ ស៊ីម៉ានី ហៅវ៉ា មានមុខរបរមិនពិតប្រាកដ អាយុ១៧ឆ្នាំ រស់នៅភូមិដងក្ដោង ឃុំពង្រ ស្រុកឆ្លូង រីឯជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះធុច ពុទ្ធារិទ្ធិ ហៅលិត អាយុ២៤ឆ្នាំ មុខរបរជាអ្នកទិញលក់អេតចាយ មានទីលំនៅភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ។
តាមព័ត៌មានពីមន្ត្រីប៉ូលិសក្រុងក្រចេះបានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ឧសភា ម្ចាស់ម៉ូតូម៉ាកឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ បានជិះមកឈប់នៅមុខផ្ទះទិញលក់អេតចាយមួយកន្លែងស្ថិតនៅក្នុងភូមិវត្ដ សង្កាត់ក្រចេះ ក្រុងក្រចេះ ។ ដោយឃើញឱកាសល្អជនសង្ស័យបានធ្វើសកម្មភាពកាច់សោ.កម៉ូតូ ហើយព្យាយាមជិះរត់គេច។ ប្រភពបន្តថា ក្រោយពេលដែលជននេះកំពុងជិះម៉ូតូរត់គេច កម្លាំងប៉ូលិសបានធ្វើការតាមប្រមាញ់ និងឃាត់ខ្លួនបាននៅចំណុចស្ពានពាមទេ ស្ថិតក្នុងសង្កាត់រការកណ្ដាល ក្រុងក្រចេះ។ ជនសង្ស័យត្រូវបានឃុំខ្លួននៅអធិកាដ្ឋានក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមនីតិវិធី រីឯម៉ូតូត្រូវបានប្រគល់ទៅឱ្យម្ចាស់ដើមវិញនៅល្ងាចថ្ងៃដដែលនោះ៕
ចែករំលែកព័តមាននេះ