ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​រួចខ្លួន​ទេ​! យុវជន​២​នាក់​បង្ហោះ​ម៉ូតូ​ជ្រុល​ទៅ​បុក​អ្នកដំណើរ អាច​ប្រឈម​មុខ​នឹង​ការ​ឃុំខ្លួន​(​វី​ដេ​អូ​)

11 ខែ មុន
  • ភ្នំពេញ

យុវជន​២​នាក់​ដែល​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ​សាធារណៈ​បង្ក​ឱ្យ​មាន​ភាព​អនាធិប​តេយ្យ​​ក្នុង​សង្គម​នោះ ត្រូវ​បាន​កម្លាំង​

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ដែល​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ​សាធារណៈ​បង្ក​ឱ្យ​មាន​ភាព​អនាធិប​តេយ្យ​ក្នុង​សង្គម​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ពី​បទ​.​ហិ​.​ង្សា​ដោយ​ចេតនា បង្ក​ឲ្យ​របួស​ស្នាម​ដល់​អ្នក​ដទៃ និង​អាច​ប្រឈម​មុខ​នឹង​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។

យុវជន​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​មានឈ្មោះ ឈឿ​ង ឡុ​ង​ហេង ភេទ​ប្រុស មុខរបរ​សិស្ស​ថ្នាក់​ទី​១១A2 ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ​លេខ​២១៨ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជា​អ្នក​ជិះ​ម៉ូតូ​បង្ហោះ​) និង​ម្នាក់​ទៀត​ឈ្មោះ លី ជី​ឈ័​ន្ត ភេទ​ប្រុស មុខរបរ​សិស្ស​ថ្នាក់​ទី​៩A1 ស្នាក់​នៅផ្ទះ​លេខ​៧៧ ផ្លូវ​លេខ​២១៨ ស្ថិត​ក្នុងភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជា​អ្នក​ជិះ​ខាងក្រោយ និង​ជា​ម្ចាស់​ម៉ូតូ​)​។

ពាក់ព័ន្ធ​សំណុំរឿង​ខាងលើ​នេះ បាន​ស្ថិត​នៅ​លោក លឹ​ម ប៊ុ​ន​ហេង ព្រះ​រា​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១២​និង​៤០​នាទី កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​យុវជន​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ​សាធារណៈ​បង្ក​ឱ្យ​មាន​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម ដែល​ប្រព្រឹត្ត​នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​២៤៥ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រមាណ​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៣ បណ្តាល​ទៅ​បុក​អ្នកដំណើរ​បង្ក​ឲ្យ​មាន​របួស​ស្នាម​។ ក្នុង​នោះ​ផង​ដែរ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង រួម​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា C125 ស៊េរី 2023 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JT-1913​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ខណៈ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន យុវជន​ទាំង​២​នាក់​បាន​ប្រកែក​ដោះសា​រថា «​ពួក​គេ​មិន​បាន​ជិះ​ម៉ូតូ​បង្ហោះ​ទេ គឺ​ម៉ូតូ​វា​ជាប់​លេខ​២ ហើយ​រាល់ពេល​ម៉ូតូ​នេះ ឲ្យ​តែ​ជិះ ដឹង​តែ​ជាប់​លេខ​អ​ញ្ចឹ​ង​»​។ ទោះបីជា​ពួក​គេ​ខំប្រឹង​ប្រកែក​យ៉ាងណា​ក្តី សមត្ថកិច្ច​មាន​ភស្តុ​តាង​គ្រប់គ្រាន់​នៅ​ក្នុង​ដៃ​ស្រាប់​ទៅ​ហើយ គឺ​រូបភាព​ក្នុង​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព ដែល​បញ្ជាក់​យ៉ាង​ច្បាស់លាស់ និង​សកម្មភាព​ឃើញ​យុវជន​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​បង្ហោះ​ជ្រុល​ទៅ​បុក​អ្នកដំណើរ​ពិតប្រាកដ​មែន​។

បន្ទាប់​មក​យុវជន​ទាំង​២​នាក់​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដោយ​ធ្វើការ​អប់រំ និង​ដាក់​ពិន័យ​ឲ្យ​ដោះ​កង់​ម៉ូតូ​ខាង​មុខ​ចេញ និង​លើក​ដើរ​ជុំវិញ​ដង​ទង់​ជាតិ​១០​ជុំ ថែម​ទាំ​ស្រែក​ខ្លាំង​ៗ​ថា «​ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ទៀត​ហើយ​ ​» សូម​បងប្អូន មិត្តភក្តិ​កុំ​យក​គំរូ​តាម​គេ ។ ការ​អប់រំ និង​ដាក់​ពិន័យ​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌ ទៅ​លើ​យុវជន ទាំង​២​នាក់​នោះ ទំនង​នឹង​អាច​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ជន​បង្ក​បាន​ដោះស្រាយ​បញ្ចប់​បណ្តឹងរដ្ឋប្បវេណី​ជាមួយ​ភាគី​ជន​រង​គ្រោះ ។

ប៉ុន្តែ​មិន​រួចខ្លួន​ទេ ទីបំផុត​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ហើយ​អាច​ប្រឈម​មុខ​នឹង​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាស​ន្ត​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ