ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ត្រូវប៉ូលិសស្រុកគិរីវង់ឃាត់ខ្លួន រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តដើម្បីកាត់ទោសទាក់ទិនការលួចដាំកញ្ឆា។
ជនសង្ស័យទាំង២នាក់នោះបានលួចលាក់ដាំកញ្ឆា ហើយប៉ូលិសស្រាវជ្រាវដឹងក៏ទៅកាប់បំផ្លាញ និងដុតកំទេចចោលតែម្តង។ សមត្ថកិច្ចប៉ូលិសស្រុកចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងជាក់ស្តែងកាលពីថ្ងៃទី៣០ មេសា វេលាម៉ោង២ និង១០នាទីរសៀលនៅចំណុចព្រៃភ្នំក្បាលអូរតំបន់ដុបមហាឫស្សីស្ថិតក្នុងឃុំព្រៃអំពក ស្រុកគិរីវង់។
លោកវរសេនីយ៍ត្រីយុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ឱ្យកោះសន្តិភាពដឹងថា អនុវត្តតាមបទបញ្ជាលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្តលោកដឹកនាំកម្លាំងទៅដក និងដុតបំផ្លាញដើមកញ្ឆាដែលក្រុមជនល្មើសលួចលាក់ដាំក្នុងព្រៃលើភ្នំ ព្រមទាំងចាប់ខ្លួនអ្នកដាំ២នាក់ ម្នាក់ឈ្មោះប៊យ ខឿន ហៅពុក ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ និងម្នាក់ទៀតឈ្មោះម៉ាញ សាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជាមួយគ្នា។
លោកអធិការស្រុកបន្តទៀតថា ចំពោះដើមកញ្ឆាដែលដកដុតបំផ្លាញចោលនោះមានចំនួន១.១៥៥ដើម ក្នុង១ដើមមានកំពស់ជាងមួយម៉ែត្រ ។ ចំពោះការដុតបំផ្លាញចោលនៅនឹងកន្លែងនេះមានការអនុញ្ញាតពីលោកមាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ នៅចំពោះមុខប៉ូលិសជនសង្ស័យទាំង២នាក់សារភាពថា ពួកគេលួចដាំកញ្ឆានេះដោយសារមានគេជួលឱ្យដាំជាង២ខែមកហើយ។ ប៉ូលិសបានកសាងសំណុំរឿងគ្រប់គ្រាន់អស់ហើយនៅព្រឹកថ្ងៃទី២ ឧសភា និងបញ្ជូនខ្លួនជនទាំង២នាក់ទៅសាលាដំបូងខេត្តកាត់ទោស៕
ចែករំលែកព័តមាននេះ