ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានកំលាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្រោយពីរូបគេបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភស្ត្រីម្នាក់ដែលផឹកស៊ីជាមួយគ្នា តែមិនបានសម្រេច។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១១ ឧសភា នៅក្នុងផ្ទះជនរងគ្រោះ ។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ សាត រ៉ាយូ ភេទប្រុស អាយុ25ឆ្នាំ រស់នៅភូមិក្រាំង(ក) ឃុំព្រៃស្រឡិត ស្រុកពារាំង ចំណែកនារីរងគ្រោះមានអាយុ26ឆ្នាំ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង5ល្ងាច មុនពេលកើតហេតុឈ្មោះ ផេន ដានី ភេទស្រី អាយុ ៣៥ឆ្នាំ បាននាំកូនមកលេងផ្ទះជនរងគ្រោះ ហើយបន្ទាប់មកម្ចាស់ផ្ទះ ក៏បានបបួលផឹកស្រា ពេលនោះឈ្មោះ ផេន ដានី បានឲ្យលុយទិញស្រាបៀរចំនួនមួយយួរ ។ លុះនាំគ្នាផឹករហូត ដល់ម៉ោងប្រហែល8យប់ ឈ្មោះ ផេន ដានី ក៏បានទូរសព្ទ័ហៅឈ្មោះ ភឿន ជា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រាំង
(ក) ឃុំព្រៃស្រឡិត ឲ្យមកផឹកជាមួយខ្លួនដែរ ហើយឈ្មោះ ភឿន ជា ក៏បានប្រាប់ថា គេមានគ្នា ២នាក់ បើសិនទៅ ត្រូវទៅទាំងអស់គ្នា។ ពេលនោះ ឈ្មោះ ផេន ដានី ក៏ព្រមឲ្យមកទាំង ២នាក់ ហើយពេលមកដល់ឈ្មោះ ភឿន ជា និងមិត្តភក្តិឈ្មោះ សាត រ៉ាយូ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានទិញស្រាថ្នាំចំនួន ១លីត្រ ផឹក២នាក់គ្នាគេ ចំណែកស្រីៗ2នាក់ផឹកស្រាបៀ ។
របាយការណ៍ដដែលនេះបានបញ្ជាក់ថា ការផឹកស៊ីនេះបានបន្តរហូតដល់ម៉ោង10និង50នាទីយប់ ដោយស្រវឹងស្រាទៅហើយនោះ ស្ត្រីឈ្មោះ ផេន ដានី បានឲ្យឈ្មោះ ភឿន ជា ជិះម៉ូតូឌុបខ្លួននិងកូនទៅផ្ទះវិញ ដោយអោយឈ្មោះ សាត រ៉ាយូ នៅរងចាំនៅកន្លែងផឹកសិន ប៉ុន្តែក្នុងអំឡុងពេលរង់ចាំនោះ ដោយឃើញឱកាសស្ងាត់ល្អ ហើយនៅតែ2នាក់តទល់គ្នា ក៏ធ្វើសកម្មភាពចាប់រំលោភម្ចាស់ផ្ទះតែម្តង ប៉ុន្តែដោយស្ត្រីរងគ្រោះមិនទាន់ស្រវឹងខ្លាំង នៅមានស្មារតីគ្រប់គ្រាន់ ក៏បានប្រតាយប្រតប់ជាមួយជនសង្ស័យ រហូតដល់ជនសង្ស័យប្រើហឹង្សា វាយទៅលើស្ត្រីរងគ្រោះបណ្តាលអោយបែកកញ្ចប់មាត់ ដាច់រយាស់បបេរមាត់ខាងលើ និងរបួសក្បាល បន្ទាប់មកជនសង្ស័យក៏បានគេចខ្លួនពីកន្លែងកើតហេតុទៅបាត់ ។ លុះមួយសន្ទុះក្រោយមកឈ្មោះ ភឿន ជា បានត្រឡប់មកវិញ ឃើញស្ត្រីរងគ្រោះឈ្មោះរងរបួសធ្ងន់ ក៏បានតេប្រាប់ឈ្មោះ ដានី អោយមកជួយមើលវិញ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិបងប្អូន បញ្ជូនទៅព្យាបាលរបួសនៅគ្លីនិកឯកជន ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្រឡិត ឃាត់ខ្លួនបាន និងបានបញ្ជូនទៅសាកសួរបំភ្លឺ នៅអធិការដ្ឋាននគរបាលស្រុកពារាំង ហើយបច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
ចែករំលែកព័តមាននេះ