ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង១និង៣០នាទីរសៀលរហូតដល់យប់ថ្ងៃទី២៩ មេសា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋានក្រុងស្ទឹងសែនបានសហការគ្នាចូលត្រួតពិនិត្យក្នុងផ្ទះសំណាក់វិមានសួគ៌ ស្ថិតក្នុងភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ដោយបានឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន៤នាក់ ខណៈពេលពួកគេកំពុងធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀន ។
ទាក់ទងនឹងករណីខាងលើនេះ នគរបាលប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបាននិយាយឱ្យដឹងថា ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រីស្នងការ នគរបាលជំនាញ សហការជាមួយកម្លាំងអធិការដ្ឋានបានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀននៅម្តុំផ្ទះសំណាក់វិមានសួគ៌ ដោយបានឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ឈ្មោះសំរិត វាសនា អាយុ២១ឆ្នាំ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ។ ជននេះបានសារភាពថា ខ្លួនធ្លាប់ចែកចាយថ្នាំញៀនឱ្យក្រុមយុវវ័យជាច្រើនក្នុងខេត្តបានចំនួន១០លើករួចមកហើយ។
ក្រោយពីមានតំរុយហើយនោះ នគរបាលក៏បានបើកការស្រាវជ្រាវភ្លាមៗនិងឈានទៅចាប់មុខសញ្ញាប្រើប្រាស់បានចំនួន៣នាក់ជាបន្តបន្ទាប់ទៀតគឺ១-ឈ្មោះឈីន ឆៃ អាយុ២១ឆ្នាំ ២-ឈ្មោះឈាន សុភ័ក្រ អាយុ២០ឆ្នាំ និង៣-ឈ្មោះហុក លីមហ៊ាន់ អាយុ១៨ឆ្នាំ ដែលទាំងអស់គ្នាមានទីលំនៅក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន និងដកហូតបានថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៤កញ្ចប់ ឧបករណ៍សម្រាប់ជក់មួយចំនួន និងម៉ូតូ២គ្រឿង ខណៈពេលពួកគេកំពុងស្ថិតនៅក្នុងផ្ទះសំណាក់នោះ ។ លោកអធិការក្រុងស្ទឹងសែនបានឱ្យដឹងថា មុខសញ្ញាខាងលើនេះគឺត្រូវបានឃាត់ខ្លួននៅក្នុងផ្ទះសំណាក់វិមានសួគ៌តែម្ដង ហើយនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៣០ មេសា ។
សូមបញ្ជាក់ថា នេះជាលើកទី១២ហើយដែលនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឃាត់ខ្លួនអ្នកប្រើប្រាស់និងអ្នកជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់វិមានសួគ៌ បន្ទាប់ពីប្រភពព័ត៌មានបានអះអាងថា ផ្ទះសំណាក់ខាងលើនេះជាសំបុកលាក់ខ្លួនរបស់ពួកអ្នកជក់គ្រឿងញៀន និងចែកចាយគ្រឿងញៀនក្នុងខេត្ត។ សមត្ថកិច្ចបានឱ្យដឹងទៀតថា ផ្ទះសំណាក់នេះកន្លងមកពុំដែលសហការជាមួយសមត្ថកិច្ចទេបើទោះបីជាមានហេតុការណ៍អ្វីកើតឡើងក៏ដោយ ។ ជាងនេះទៅទៀត តាមព័ត៌មានពីភ្ញៀវដែលចូលស្នាក់នៅក្នុងផ្ទះសំណាក់នេះបាននិយាយថា រាល់ការចូលមកស្នាក់នៅក្នុងផ្ទះសំណាក់នេះ ពុំមានការគ្រប់គ្រងភ្ញៀវឬត្រួតពិនិត្យអ្នកចេញចូលស្នាក់នៅឱ្យបានត្រឹមត្រូវទេ។ ទោះបីគេដឹងថា ផ្ទះសំណាក់ខាងលើជាសំបុកលាក់ខ្លួនរបស់អ្នកប្រើប្រាស់និងចែកចាយគ្រឿងញៀនក៏ដោយ ក៏រហូតមកដល់ពេលនេះសមត្ថកិច្ចនៅពុំទាន់មានចំណាត់ការណាមួយចំពោះម្ចាស់ផ្ទះសំណាក់ខាងលើនេះនៅឡើយ ទេ ៕
ចែករំលែកព័តមាននេះ